ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារអបអរសាទរចំពោះលោក គីស៊ីដា ហ្វឹមីអូ ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន បន្ទាប់ពីទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសរើស ប្រធានគណបក្សប្រជាធិបតេយ្យសេរី ដែលនេះពិតជាឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការគាំទ្រពីសំណាក់សមាជិកបក្ស ក៏ដូចជា ប្រជាជនជប៉ុន។

នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោក គីស៊ីដា ហ្វឹមីអូ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមសម្ដែងនូវការអបអរសាទរ យ៉ាងកក់ក្តៅបំផុត ចំពោះឯកឧត្តមក្នុងឱកាសដែលឯកឧត្តម ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន បន្ទាប់ពីទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណបក្សប្រជាធិបតេយ្យសេរី ដែលនេះពិតជាឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការគាំទ្រពីសំណាក់សមាជិកបក្ស ក៏ដូចជាប្រជាជនជប៉ុន ចំពោះឯកឧត្តម។
ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែប ទាំងក្នុងស្ថាប័ននិតិបញ្ញតិ និងនិតិប្រតិបត្តិ សម្តេចជឿជាក់ យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈៀសវៃ និងប្រកបដោយសមត្ថភាពរបស់ឯកឧត្តម ប្រទេសជប៉ុន នឹងបន្តរីកចម្រើនយ៉ាងលឿនទៅមុខ ហើយនឹងអាចយកឈ្នះវិបត្តិកូវីដ-១៩ និងលេចត្រដែត ឡើងកាន់តែខ្លាំងក្លាជាងមុនថែមទៀត ។

នៅក្នុងលិខិតបានបន្តថា សម្តេចតេជោ ហ៊ុន សែន ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធ ជាមួយឯកឧត្តម ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពដ៏ជិតស្និទ្ធ និងភាពជាដៃគូយុទ្ធសាស្ត្រ រវាងកម្ពុជា និងជប៉ុន ដើម្បីជាផលប្រយោជន៍នៃប្រទេស និងប្រជាជនរបស់យើងទាំងពីរ ព្រមទាំងដើម្បីសន្តិភាព ស្ថេរភាព និងវិបុលភាពក្នុងតំបន់ និងពិភព លោកផងដែរ។ សូមទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្របំផុត និងសូមជូនសព្វសាធុការពរ ដល់ឯកឧត្តម សូមប្រកបដោយសុខភាពបរិបូរណ៍ និងទទួលជោគជ័យធំធេងក្នុងគ្រប់ភារកិច្ច៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ



