ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានប្រកាសគាំទ្រប្រសាសន៍របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលលើកឡើងថា ថ្នាក់ដឹកនាំកំពូលរបស់ជាតិគួរមានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ ហើយអ្នកនយោបាយណាម្នាក់ដែលតាំងចិត្តធ្វើជាអ្នកដឹកនាំកំពូលរបស់ជាតិ ត្រូវហ៊ានលះបង់អ្វីៗទាំងអស់ ដើម្បីបុព្វហេតុជាតិនិងប្រជាជនខ្មែរ កុំថាឡើយតែលាលែងសញ្ជាតិបរទេសនោះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះក្នុងផេកហ្វេសប៊ុកផ្លូវការថា “ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រប្រសាសន៍ របស់សម្តេច ដែលលើកឡើងថា ថ្នាក់ដឹកនាំកំពូលរបស់ជាតិ គួរមានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ”។
មេបញ្ជាការកងទ័ពជើងគោករូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា “ព្រោះថាអ្នកនយោបាយណាម្នាក់ដែលតាំងចិត្តធ្វើជាអ្នកដឹកនាំកំពូលរបស់ជាតិ ដែលទទួលខុសត្រូវលើជោគវាសនានិងផលប្រយោជន៍ជាតិខ្មែរ ត្រូវហ៊ានលះបង់អ្វីៗទាំងអស់ដើម្បីបុព្វហេតុជាតិនិងប្រជាជនខ្មែរ កុំថាឡើយតែលាលែងសញ្ជាតិបរទេសនោះ(បើមាន)”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់លើផេកហ្វេសប៊ុកថា «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ។
សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងយ៉ាងដូច្នេះថា “ខ្ញុំបានប្រគល់ការងារជូន ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ ឬសេចក្តីព្រាងច្បាប់អង្គការ ដែលចេញពីរាជរដ្ឋាភិបាល ឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភា និងរដ្ឋសភា។ បើលេងកុំខឹងបើខឹងកុំលេងព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយ សម្រាប់ពួកសញ្ជាតិពីរ ដែលប៉ុនប៉ងកាន់តំណែងកំពូលនេះ ពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះថ វិសោធនកម្មរដ្ឋធម្មនុញ្ញក្តីឬច្បាប់អង្គការក្តីត្រូវការសម្លេង២ភាគ៣ ទើបអាចអនុម័តបាន»។
សម្តេចតេជោ ហ៊ុន សែន ការបញ្ជាក់បែបនេះ បន្ទាប់ពីមេឧទ្ទាម សម រង្ស៉ី បានផ្សព្វផ្សាយចោទប្រកាន់ថា សម្តេចតេជោ ហ៊ុន សែន បានទិញលិខិតឆ្លងដែន និងបានទទួលសញ្ជាតិ ពីប្រទេសសាយប្រឹស (Cyprus) ដែលជាកោះមួយ នៅទ្វីបអឺរ៉ុប៕រក្សាសិទ្ធិដោយ ៖ កូលាប







