Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេធាវីរាជរដ្ឋាភិបាល បដិសេធនូវការចុះផ្សាយរបស់សារព័ត៌មាន The Guardian ដែលផ្សាយបំភ្លៃការពិតថា សម្តេចតេជោ ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសCyprus

ភ្នំពេញ ៖ មេធាវីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបដិសេធ នូវការចុះផ្សាយដោយគ្មានសច្ចភាព គ្មានមូលដ្ឋាន និងផ្ទុយពីការពិតរបស់សារព័ត៌មាន The Guardian ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ដោយផ្សាយបំភ្លៃការពិតថា សម្តេចតេជោ ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេស Cyprus។

តាមរយៈសេចក្តីថ្លែងការណ៍ ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានសញ្ជាតិខ្មែរតែមួយគត់ គ្មានសញ្ជាតិបរទេសណាមួយ គ្មានលំនៅដ្ឋានណាមួយនៅឯបរទេស ហើយក៏មិនដែលរត់ចោលប្រជាជន និងប្រទេសកម្ពុជានោះទេ។ ការចុះផ្សាយថា សម្តេច ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប (Cyprus) ជាការចុះផ្សាយដែលបំផ្លើស និងប្រាសចាកពីការពិតសុទ្ធសាធ។

ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី៣ ខែតុលា ឆ្នាំ២០២១ សារព័ត៌មាន The Guardian ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “ការិយាល័យមេធាវី ដែលបង្កើតឡើងដោយប្រធានាធិបតីប្រទេសស៊ីប (Cyprus) ត្រូវបានចោទប្រកាន់ពីការលាក់បំបាំងនូវទ្រព្យសម្បត្តិរបស់ជនជាតិរុស្ស៊ីដែលរត់គេចខ្លួន” ដែលក្នុងនោះ បានចុះផ្សាយចោទប្រកាន់ដោយបំភ្លៃការពិតទាំងស្រុង ថា សម្តេច ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប (Cyprus)។

ក្រុមមេធាវីរាជរដ្ឋាភិបាល សូមបដិសេធ និងទាត់ចោលទាំងស្រុង នូវការចុះផ្សាយដោយគ្មានសច្ចភាព គ្មាន មូលដ្ឋាន និងផ្ទុយពីការពិត របស់សារព័ត៌មាន The Guardian ខាងលើនេះ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មាន សញ្ញាតិខ្មែរតែមួយគត់ គ្មានសញ្ជាតិបរទេសណាមួយ គ្មានលំនៅដ្ឋានណាមួយនៅឯបរទេស ហើយក៏មិនដែលរត់ ចោលប្រជាជន និងប្រទេសកម្ពុជានោះទេ។ ការចុះផ្សាយថា សម្តេច ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប (Cyprus) ជាការចុះផ្សាយដែលបំផ្លើស និងប្រាសចាកពីការពិតសុទ្ធសាធ។

ក្រុមមេធាវីរាជរដ្ឋាភិបាល សូមបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចុះផ្សាយដែលមានចេតនាបំភ្លៃការពិតនេះ។ ក្រុមមេធាវីរាជរដ្ឋាភិបាល មានការខកចិត្តយ៉ាងខ្លាំង ដែលសារព័ត៌មាន The Guardian ក្នុងនាមជាសារព័ត៌មាន ដែលមានកិត្តិនាមមួយនៅទ្វីបអឺរ៉ុប បែរជាមិនគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ហើយចុះផ្សាយខ្លឹមសារដែល គ្មានមូលដ្ឋាន និងផ្ទុយពីការពិតទាំងស្រុងបែបនេះ។

ការចុះផ្សាយខុសស្រឡះពីសច្ចភាពនេះ បានធ្វើឱ្យបុគ្គលអគតិមួយក្តាប់តូច ឆ្លៀតឆក់ឱកាសបំប្លែង និង បំប៉ោងព័ត៌មាន កាន់តែអាក្រក់បន្ថែមទៀត ក្នុងគោលបំណងញុះញង់ បំផុសបំផុល បង្កចលាចល និងបំផ្លាញ សណ្តាប់ធ្នាប់ សន្តិសុខ និងសន្តិភាព នៅក្នុងសង្គមកម្ពុជា។ ក្រុមមេធាវីរាជរដ្ឋាភិបាល សូមថ្កោលទោស ចំពោះរាល់ អំពើបំភ្លៃ បំផ្លើស និងបំផ្លាញ របស់ជនអគតិមួយក្តាប់តូចនោះ។

ក្រុមមេធាវីរាជរដ្ឋាភិបាល ទាមទារឱ្យសារព័ត៌មាន The Guardian ចុះផ្សាយកែតម្រូវអត្ថបទខាងលើជា បន្ទាន់ ហើយទន្ទឹមនឹងនេះ យើងកំពុងសិក្សាលើទិដ្ឋភាពច្បាប់ក្នុងការដាក់ពាក្យបណ្តឹងប្រឆាំងនឹងសារព័ត៌មាន The Guardian ចំពោះការចុះផ្សាយដោយគ្មានការពិតនេះ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×