ភ្នំពេញ ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី៦ខែតុលា ឆ្នាំ២០២១ បានចេញលិខិតមួយដោយសូមគោរពជូន លោកជំទាវ STEPHIE DRACOS រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសណ្តាប់ធ្នាប់សាធារណៈ នៃសាធារណរដ្ឋស៊ីប កម្មវត្ថុ សំណើសុំកិច្ចសហការស្រាវជ្រាវបញ្ជាក់ការពិតជាផ្លូវការជុំវិញការចោទប្រកាន់បំផ្លើសការពិត ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថា មានលិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីប។

បើតាមឯកឧត្តម កើត រិទ្ធ ខ្ញុំមានកិត្តិយសសូមគោរពជម្រាបជូន លោកជំទាវរដ្ឋមន្ត្រី មេត្តាជ្រាបថា ក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា បានពិនិត្យឃើញថា នាពេលថ្មីៗនេះ មានសារព័ត៌មាន មួយចំនួន ដូចជា The Guardian និង The Washington Post បានផ្សព្វផ្សាយនូវលទ្ធផលនៃការស្រាវជ្រាវមួយ ដែលគេហៅថា “The Pandora Papers Investigation” ក្នុងនោះក៏មានព័ត៌មានបំផ្លើសខុសពីការពិត ដែល ចោទប្រកាន់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានលិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីប។
ឯកឧត្តម កើត រិទ្ធសូមបញ្ជាក់ជូន លោកជំទាវរដ្ឋមន្ត្រី មេត្តាជ្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាវីរៈបុរសខ្មែរមួយរូប ដែលបានដឹកនាំការតស៊ូបញ្ចប់សង្គ្រាមជាង ២ ទសវត្ស និងបាននាំមកនូវសន្តិភាពពេញលេញ ឯកភាពទឹកដីបរិបូរណ៍ សេចក្តីសុខសាន្ត និងវិបុលភាព ជូនប្រជាជន កម្ពុជា និងប្រទេសកម្ពុជា។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានសញ្ជាតិខ្មែរតែមួយគត់ និងធ្លាប់ប្រកាសជាសាធារណៈជាច្រើនលើកច្រើនសារចំពោះមុខប្រជាជនកម្ពុជា នូវ គោលជំហរនយោបាយឥតងាករ គឺ “រួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា ហើយដាច់ខាតមិនរត់ចោលប្រជាជន កម្ពុជា និងប្រទេសកម្ពុជាឡើយ ទោះបីក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ”។ ដោយទទួលបានការគោរព ដ៏ខ្ពង់ខ្ពស់ និងការស្រឡាញ់ដ៏ជ្រាលជ្រពីសំណាក់ប្រជាជនកម្ពុជា, ការផ្សព្វផ្សាយព័ត៌មានមិនពិត និងបំផ្លើស ខាងលើនេះចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល។
អាស្រ័យហេតុនេះ ក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា សូមស្នើសុំកិច្ចសហការពី លោកជំទាវ រដ្ឋមន្ត្រី មេត្តាស្រាវជ្រាវជុំវិញការចោទប្រកាន់បំផ្លើសការពិត ចំពោះនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថា មានលិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីប ឬមានសញ្ញាតិស៊ីប ដូចដែលសារព័ត៌មានខាងលើបានផ្សព្វផ្សាយ ដើម្បី បញ្ជាក់ឱ្យឃើញការពិតឱ្យបានច្បាស់លាស់ជូនដល់សាធារណជន និងប្រជាជនកម្ពុជាទាំងមូល ក៏ដូចជា ដើម្បី ធានារក្សាកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ៕រក្សាសិទ្ធិដោយ ៖ កូលាប

