ភ្នំពេញ ៖ លោក ហោ សេរីវឌ្ឍន៍ ប្រធានផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៦ខែតុលា ឆ្នាំ២០២១ បានដាក់ញត្តិគាំទ្រ យ៉ាងឱឡារិក ចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីឱ្យប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងនាយករដ្ឋមន្ត្រី គឺត្រូវតែមាន សញ្ជាតិខ្មែរតែមួយ ដើម្បីជាគុណប្រយោជន៍ក្នុងការការពារជាតិ។

ញត្តិគាំទ្រ បានខ្លឹមសារទាំងស្រុងដូច្នេះថា “យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងជំនួយការផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សថ្នាក់កណ្តាល សូមចូលរួមប្រឆាំង និងបដិសេធដាច់អហង្ការនូវព័ត៌មានដែលបានចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងអយុត្តិធម៌បំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រ នៃព្រះរាជាណាចក្រកម្ពុជា ថាបានទិញសញ្ជាតិ និងលិខិតឆ្លងដែនពីប្រទេសសាយប្រឺស (Cyprus) ។ យើងខ្ញុំសូមវាយតម្លៃការចោទប្រកាន់នេះជាទង្វើរថោកទាបបំផុត និងប្រកបដោយមហិច្ឆតាញុះញង់បង្កើតភាពប្រេះឆាក្នុងសង្គម និងបង្កអស្ថេរភាពក្នុងប្រទេស ដែលរក្សាបាននូវសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និង ឈ្លាសវៃបំផុតរបស់ សម្តេចតជោនាយករដ្ឋមន្ត្រី ជាង ៤០ ឆ្នាំនេះ ហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីរក្សានាវា កម្ពុជាសុខសាន្តក្នុងព្យុះមហាសមុទ្រ នៃការប្រកួតប្រជែងរវាងប្រទេសមហាអំណាច។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាអគ្គមគ្គទេសន៍ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជាគ្រប់រូប និងជាស្នូលរបស់គណបក្សប្រជាជនកម្ពុជា ដែលមានភាពឈ្លាសវៃ គតិបណ្ឌិតជ្រៅជ្រះ និងក្លាហាន មិនអាចខ្វះបានក្នុងការដឹកនាំកម្ពុជាសម្រេចបាន នូវជោគជ័យគ្រប់សមរភូមិនាពេលកន្លងមក និងទៅថ្ងៃអនាគត។

យើងខ្ញុំក៏សូមសម្តែងនូវការគាំទ្រយ៉ាងឱឡារិក ចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីឱ្យប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងនាយករដ្ឋមន្ត្រី គឺត្រូវតែមាន សញ្ជាតិខ្មែរតែមួយ ដើម្បីជាគុណប្រយោជន៍ក្នុងការការពារជាតិ ការពារប្រជាជនពិតប្រាកដនិង បញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស រក្សាការបង្រួបបង្រួមជាតិ ការពារទឹកដី គឺ ខ្មែរតែមួយ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមប្រកាសជាឱឡារិក គាំទ្រយ៉ាងពេញទំហឹង នូវការស្នើធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធនានា ដើម្បីឈានដល់ការកំណត់មុខតំណែងកំពូលៗ របស់ស្ថាប័នជាតិ ចាប់ពីពេលនេះត ទៅអនាគត គឺ សញ្ជាតិខ្មែរតែមួយ “៕ រក្សាសិទ្ធិដោយ ៖ CEN
