លោក Sakaram Ahirwar អាយុ ៣៥ និងលោក Rakesh Ahirwar អាយុ ៣២ឆ្នាំ បានធ្វើពិធីស្បថស្បែក្នុងអាពិហ៍ពិពាហ៍មួយដោយមានការចូលរួមរបស់ភ្ញៀវ ៣០០នាក់ រួមទាំងភរិយារបស់អ្នកទាំង២ និងកូនទាំង ៥នាក់ របស់ពួកគេ ។
បុរសទាំងពីរសុទ្ធសឹងរស់នៅក្នុងភូមិតូចមួយនៅ Indore រដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា ។ ក្នុងពិធីមង្គលការបុរសទាំងពីរស្លៀកពាក់តុបតែងតាមបែបប្រពៃណីរបស់ពួក Hindu ហើយក៏បានប្រតិបត្តិនូវបែបបទសាសនានៃការរៀបអាពាហ៍ពិពាហ៍ ។
បុរសទាំងពីរកំពុងប្រតិបត្តិពិធីបញ្ចុកនំឲ្យគ្នា ។
អ្នកអធិបតីនៃពិធីមង្គលការនេះ គឺលោក Ramesh Kumar Tomar អាយុ ៦១ឆ្នាំ បានប្រាប់ថា ៖ នេះគឺជាអាពាហ៍ពិពាហ៍ពិសេសមួយខុសប្លែកធម្មតា ព្រោះតែគ្មានកូនក្រមុំណាម្នាក់សោះ ។ ពលរដ្ឋនៅក្នុងតំបន់យើងខ្ញុំសុទ្ធសឹងជឿថា វានឹងពុំអាចមានភ្លៀងប្រសិនមិនធ្វើនូវរឿងខុសប្រក្រតីណាមួយនោះ ។
តាមពិតទៅមង្គលការនេះ ត្រូវបានអ្នកភូមិរៀបចំឡើងបំណងទាក់ទាញចំណាប់អារម្មណ៍របស់ទេវតា Indradev ដែលជាទេវតាមួយអង្គនៃសាសនា Hindu ដែលទទួលបន្ទុកការងារផ្លេកបន្ទោរ រន្ទះ ព្យុះ និងភ្លៀង ។ ហេតុនេះពួកគេសង្ឃឹមថា តាមរយៈទង្វើខុសប្រក្រតីនេះអង្គទេវតានឹងចាប់អារម្មណ៍ ហើយបង្អុរទឹកភ្លៀងដល់ពួកគេ ។
អាស្រ័យដោយនៅតំបន់នោះ ឆ្នាំនេះទឹកភ្លៀងមិនគ្រប់គ្រាន់ដើម្បីបង្កបង្កើនផល ធ្វើឲ្យពួកគេទាល់ច្រកងាកមកផ្តើមជាគំនិតបែបអបិយជំនឿដូចរៀបរាប់ខាងលើ ។ ចំណែកកូនកម្លោះទាំងពីរ នៃអង្គពិធីសុទ្ធសឹងស្ម័គ្រចិត្ត ព្រោះគិតថា កាលពីពីរឆ្នាំមុន ពួកគេជួបគ្រោះរាំងស្ងួតដូចគ្នានេះ ។ ពេលនោះអ្នកភូមិ បានរៀបចំអាពាហ៍ពិពាហ៍ឲ្យឆ្កែ២ក្បាល រួចចុងក្រោយមេឃក៏ភ្លៀង ។
ចំណែកភ្ញៀវដែលមកចូលរួមមង្គលការនេះត្រូវបានប្រាប់ឲ្យយក “គ្រឿងស៊ីចុក” មកតាមផង ជំនួសឲ្យចំណងដៃ។ រីឯភរិយារបស់បុរសទាំងពីរ ស្ងើចសរសើរថា ៖ ប្តីរបស់គេកំពុងធ្វើនូវរឿងដ៏ឧដុង្គឧត្តម ។ ពិភពលោកទាំងមូលពិតជាលែងមានការភ្ញាក់ផ្អើលចំពោះជនជាតិឥណ្ឌា ដោយហេតុថា ពួកគេភាគច្រើនងប់ងល់នឹងអបិយជំនឿ ហើយតែជួបរឿងដ៏ចម្លែកៗ ៕