Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ÷ បើស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ ស្ថិតក្នុងកម្រិត ២០០ នាក់ចុះក្រោម នឹងបើកដំណើរការប្រទេសឡើងវិញ

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា មិនបានបិទការឈប់សម្រាក និងការដើរលេងកម្សាន្តរបស់ប្រជាពលរដ្ឋខ្មែរនោះឡើយ ដែលនេះគឺជាការសាកល្បងមួយដ៏ធំរបស់កម្ពុជា ហើយបើក្រោយពិធីបុណ្យភ្ជុំនេះ ស្ថានភាពការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្ថិតក្នុងកម្រិតក្រោម ២០០នាក់ ក្នុង១ថ្ងៃ គឺកម្ពុជាអាចឈានទៅបើកដំណើរការសេដ្ឋកិច្ច និងសង្គមឡើងវិញគ្រប់វិស័យ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនទុកពេលឱ្យយូរតទៅទៀតនោះទេ ប្រសិនបើក្នុងរង្វង់ ១០ ទៅ ១៥ថ្ងៃ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌ ស្ថានភាពរបស់យើងនៅនឹងនរ អត្រាឆ្លងត្រឹមប៉ុណ្ណេះដូចរាល់ថ្ងៃ (ក្នុងកម្រិតក្រោម ២០០នាក់/១ថ្ងៃ) និងការស្លាប់ត្រឹមកម្រិតប៉ុណ្ណេះ (ជាង១០នាក់/១ថ្ងៃ) ខ្ញុំគិតថា ដល់ពេលវេលាដែលយើងត្រូវបើកសេដ្ឋកិច្ច និងសង្គមឡើងវិញលើគ្រប់វិស័យហើយ, តែទោះជាយ៉ាងណា ត្រូវរៀនរស់ទៅតាមគន្លងថ្មី ជាមួយវិធានការ ៣កុំ ៣ការពារ វិធានការសុខាភិបាល វិធានការរដ្ឋបាលរបស់អាជ្ញាធរមូលដ្ឋាន និងការគោរពច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩ ដែលនឹងនាំទៅដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់យើង។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សូមអរគុណដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ, និងអរគុណដល់ប្រជាពលរដ្ឋគ្រប់រូប ដែលមានម្ចាស់ការ និងស្វ័យការពារខ្លួនពីគ្រោះថ្នាក់ចរាចរណ៍ និងបង្ការការចម្លងជំងឺកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងពីតំបន់មួយទៅតំបន់មួយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×