ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានអ្នកសង្កេតការណ៍ជាតិដែលត្រូវសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១។

បើតាមសេចក្តីប្រកាសព័ត៌មាន គិតត្រឹមថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួល និងសម្រេចលើពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ។
អ្នកសង្កេតការណ៍ជាតិ គឺជាជនជាតិខ្មែរ ឬជនបរទេសដែលជាសមាជិកនៃសមាគម និងអង្គការ មិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងអនុញ្ញាតដោយ គ.ជ.ប។ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ ជំនួយការមេភូមិ ប្រជាការពារភូមិ និងកម្លាំងប្រដាប់អាវុធ មិនត្រូវបានអនុញ្ញាតឱ្យធ្វើជាអ្នកសង្កេតការណ៍ ដើម្បីសង្កេត មើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឡើយ។
គំរូពាក្យសុំចុះឈ្មោះសម្រាប់អ្នកសង្កេតការណ៍ជាតិផ្តល់ជូនដោយឥតគិតថ្លៃ ឬអាចទាញយក ពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh/khmer/content/4928 និងត្រូវដាក់ពាក្យនៅទីស្តីការ គ.ជ.ប (ការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែន រដ្ឋាភិបាល) រៀងរាល់ ម៉ោងធ្វើការ ពេលព្រឹក ចាប់ពីម៉ោង ៧និង០០នាទី ដល់ម៉ោង ១១និង៣០នាទី និងពេលរសៀល ចាប់ពីម៉ោង ១៤និង០០នាទី ដល់ម៉ោង ១៧និង៣០នាទី។

ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ប្រព្រឹត្តទៅពីថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២១ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។ សូមបញ្ជាក់ថាអ្នកសង្កេតការណ៍ជាតិដែលបានអនុញ្ញាតឱ្យចូលរួមសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវគោរពឱ្យខាងតែបាននូវក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោត ដែលបានអនុម័តដោយ គ.ជ.ប ៕ រក្សាសិទ្ធិដោយ ៖ កូលាប

