ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ នៅអគារ ស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យនិងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយ មតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ តាមរយៈព្រះរាជសារចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានា នូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
លទ្ធផលនៃកិច្ចប្រជុំពេញអង្គ ៖ ក្រុមប្រឹក្សាធម្មនុញ្ញ ក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយផ្អែកលើមាត្រា១៥៣ថ្មី (ពីរ មាត្រា១៥១ថ្មី) មាត្រា១៥៤ថ្មី(ពីរ មាត្រា១៥២ថ្មី) និងមាត្រា១៥៥ថ្មី (ពីរ មាត្រា១៥៣ថ្មី) នៃរដ្ឋធម្មនុញ្ញ ការស្នើសុំធ្វើវិសោធនកម្ម មាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ អាចធ្វើទៅបាន គឺស្របតាមបរិបទ នៃសភាពការណ៍ជាក់ស្តែង និងពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន៕ រក្សាសិទ្ធិដោយ ៖ កូលាប