ភ្នំពេញ ៖ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈយល់ស្របតាមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់ថ្នាក់ដឹកនាំកំពូលៗ ៤របស់ស្ថាប័នជាតិ ត្រូវតែមាន «សញ្ជាតិខ្មែរតែមួយគត់»។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ទ្រង់ចេញព្រះរាជលិខិតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ខ្ញុំបានទទួលនូវលិខិតលេខ ០៦៣/០១/២០២១ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញស្តីពីមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ អំពីការផ្តួចផ្តើមគំនិតធ្វើវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និង មាត្រា៨ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដើម្បីកំណត់ ឱ្យប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមាន “ សញ្ញាតិខ្មែរតែមួយគត់ “ ។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា “ខ្ញុំសូមប្រគល់ជូន សម្តេចអគ្គមហាសេនាបតីតេជោ នូវលិខិតរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ខាងលើនេះ ដើម្បីចាត់ការ តាមនីតិវិធី ។ សូម សម្តេចអគ្គមហាសេនាបតីតេជោ ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត អំពីខ្ញុំ “៕រក្សាសិទ្ធិដោយ ៖ កូលាប