ភ្នំពេញ ÷ រថយន្តម៉ាក Rolls Royec ស៊េរីទំនើបបើកបរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីយ៉ាងលឿន រេចង្កូតទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់មួយកង់រួចបន្តទៅបុ.កបង្គោលភ្លើង បាក់មួយដើមរាបដល់ដី សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ២និង ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចជាប់គល់ស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីបងប្រុសម្នាក់ សុំមិនបញ្ចេញឈ្មោះនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ គាត់បានឃើញរថយន្តស៊េរីទំនើបម៉ាក RollsRoyce ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខកម្ពុជា MR.IDOL បើកបរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតមកលិចក្នុងលឿនយ៉ាងលឿន លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ពុំដឹងថារថយន្តមានបញ្ហាអ្វីនោះទេ ក៏បានរេចង្កូតជ្រុលទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំហឹង បាក់មួយកង់ និងបុ.កបង្គោលភ្លើងមួយដើមទៀត បាក់រាបដល់ដី ហើយភ្លាមៗនោះដែរ ម្ចាស់រថយន្តក៏បានបើកទ្វារចេញពីកន្លែងកើតហេតុ បន្សល់ទុកតែរថយន្តបង្ក នៅកន្លែងកើតហេតុ រួចបានពលរដ្ឋរាយការណ៍ ទៅកាន់សមត្ថកិច្ចឲ្យចុះមកពិនិត្យភ្លាមៗ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌសែនសុខ បានចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត









