Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CDC អនុម័តគម្រោងវិនិយោគនៅកម្ពុជា រយៈពេល៩ខែ ឆ្នាំនេះ នៅមានភាពល្អប្រសើរ

ភ្នំពេញ៖ រយៈពេល ៩ខែ ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ១៣៤  ដែលមានទុនវិនិយោគជាង ៣.៣ ពាន់លានដុល្លារ។ របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ការអនុម័តគម្រោងវិនិយោគសរុបចំនួន ១៣៤គម្រោងនេះ បានបង្កើតចំនួនការងារ ជូនប្រជាពលរដ្ឋបានចំនួន ៨៥,៥៧២កន្លែង។

ដោយឡែក ៩ខែ ឆ្នាំ២០២១នេះដែរ ការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ១០១គម្រោង សរុបទុនវិនិយោគ ១.៤ពាន់លានដុល្លារ និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន៣៣គម្រោង សរុបទុនវិនិយោគ ១.៩ ពាន់លានដុល្លារ។ វិស័យដែលវិនិយោគរួមមាន៖ កសិកម្ម និងកសិឧស្សាហកម្ម មានចំនួន ១២គម្រោង, ឧស្សាហកម្ម មានចំនួន ១១១គម្រោង, ទេសចរណ៍មានចំនួន ២គម្រោង និងហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានចំនួន ៩គម្រោង។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ការអនុម័តគម្រោងវិនិយោគរបស់កម្ពុជា រយៈពេល៩ខែឆ្នាំនេះ នៅមានភាពល្អប្រសើរ ជាសញ្ញាមួយដ៏ល្អ សម្រាប់ការវិនិយោគ នៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា កម្ពុជាកំពុងតែមានភាពអនុគ្រោះពន្ធ GSP ពីសហរដ្ឋអាមេរិក និងអង់គ្លេស ក៏ដូចជា EBA ពីសហគមន៍អ៊ឺរ៉ុប កក្តាស្ថេរភាពនយោបាយល្អ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក៏ដូចជាច្បាប់វិនិយោគថ្មី ដែលនឹងត្រូវដាក់ឲ្យអនុវត្ដនោះ នឹងធ្វើឱ្យកម្ពុជា មានការកើនឡើងនូវគម្រោងវិនិយោគបន្ថែមទៀត៕

×