ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានដាក់ចេញជាផែនការ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ គ្រោះអគ្គីភ័យ និងការពង្រឹងការរៀបចំរំដោះចរាចរលើផ្លូវជាតិសំខាន់ៗ ៥ខ្សែចេញ ចូលក្រុងក្នុងឱកាសចូលឆ្នាំខ្មែរដែលនឹងប្រព្រឹត្តិទៅនាពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ការដាក់ចេញជាផែនការដើម្បីបំរើអោយប្រជាពលរដ្ឋខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៩ខែមេសាឆ្នាំ២០១៨នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកម៉េត មាសភ័ក្តី បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំនេះថា កិច្ចប្រជុំនេះធ្វើឡើងក្នុងន័យពិភាក្សាអំពីកិច្ចការពារសន្តិសុខសុវត្ថិភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះហើយ។
លោកបន្តថា ក្នុងកិច្ចប្រជុំនេះបានផ្តោតសំខាន់លើការងារសន្តិសុខសុវត្ថិភាព និងបញ្ហាចរាចរណ៍។យើងដឹងហើយថា ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ គឺបងប្អូនប្រជាពលរដ្ឋ ភាគច្រើនបានធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ទៅស្រុកកំណើតនិងចាកចេញធ្វើដំណើរទៅកម្សាន្តនៅតាមរមណីយដ្ឋាននានា ។ ការយកចិត្តទុកដាក់លើការងារសន្តិសុខសណ្តាប់ធ្នាប់នេះ ជាការងារដ៏សំខាន់បំផុតដែលរដ្ឋបាលរាជធានីភ្នំពេញត្រូវយកទុកដាក់ពីព្រោះថាក្រៅពីបងប្អូនដែលចាកចេញពីភ្នំពេញ ក៏នៅមានបងប្អូនមួយចំនួនទៀត រស់នៅក្នុងរាជធានីភ្នំពេញ ដែលទាមទារឲ្យមានការយកចិត្តទុកការពារសន្តិសុខផងដែរ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋដែលចាកចេញទៅស្រុកកំណើតនោះ បានបន្សល់ទុកនូវផ្ទះសម្បែង ដែលត្រូវតែមានការការពារ លើបញ្ហាចោរកម្ម គាស់លួចផ្ទះ និងបញ្ហាអគ្គិភ័យដែលត្រូវធ្វើការត្រួតពិនិត្យ តាមដាន ។
ការងារត្រួតពិនិត្យសន្តិសុខសណ្តាប់ធ្នាប់ ត្រូវធ្វើឡើងនៅតាមគោលដៅសំខាន់ៗដែលមានមនុស្សប្រមូលផ្តុំច្រើន ដូចជានៅតាមទីវត្តអារ៉ាម រមណីយដ្ឋាន កន្លែងកម្សាន្ត ជាដើម ហើយកងកម្លាំងនៅតាមបណ្តាខណ្ឌត្រូវចេញល្បាតជាប្រចាំ។ ចំណែកបញ្ហាសម្រួលចរាចរណ៍ ដែលនៅចំណុចទីតាំងមានមនុស្សច្រើន ក៏មានការកកស្ទះច្រើននៅតាមគោលដៅនិងច្រកចេញចូលរាជធានីភ្នំពេញ ទាំង៥ច្រក ដូចជា ផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ និងផ្លូវជាតិលេខ៥ ដែលលោកអភិបាលបានដាក់បទបញ្ជាទៅដល់គណៈបញ្ជាការឯកភាពខណ្ឌ សមត្ថកិច្ចចរាចរណ៍មូលដ្ឋានផ្ទាល់ត្រូវតែគិតគូរឲ្យបានគត់ម៉ត់ ដើម្បីសម្រួលចរាចរណ៍ដើម្បីកុំឲ្យមានការកកស្ទះ និងកាត់បន្ថយជាអតិបរិមា ដែលបងប្អូនប្រជាពលរដ្ឋបានសម្រុកចេញពីរាជធានីភ្នំពេញ ។
ដោយឡែកបញ្ហាសំរាមក៏ត្រូវតែមានការយកចិត្តទុកដាក់ផងដែរ ជាពិសេសនៅរាល់ពេលដែលបញ្ចប់ពិធីបុណ្យធំៗនាពេលកន្លងមកនោះ បងប្អូនប្រជាពលរដ្ឋទទួលបាននូវផាសុកភាព នូវភាពសប្បាយរីករាយ សុវត្ថិភាព ដោយសារតែការប្រមូលសំរាមបានល្អ ធ្វើឲ្យទីក្រុងភ្នំពេញមានភាពស្រស់បំព្រង ហើយក្រោយពីពិធីបុណ្យបញ្ចប់ ទីក្រុងរបស់យើង បានកាត់បន្ថយនូវសំរាម ពាសវាលពាសកាល ហើយជាពិសេសលោកអភិបាលរាជធានីភ្នំពេញ បានណែនាំទៅដល់ក្រុមហ៊ុនស៊ីនទ្រី គណៈបញ្ជាការឯកភាពខណ្ឌ មន្ទីរសាធារណការនិងដឹកជញ្ជូន ត្រូវធ្វើការបែងចែកវេនឲ្យបានត្រឹមត្រូវ ពីបងប្អូនអ្នកប្រមូលសំរាមក៏ត្រូវជួបជុំបងប្អូនរបស់ខ្លួននៅស្រុកកំណើតផងដែរ។
លោកបន្តថា ក្រោយពីបញ្ចប់បុណ្យចូលឆ្នាំសង្ឃឹមថារាជធានីភ្នំពេញ នឹងមានភាពស្រស់ស្អាតល្អប្រសើរ មានសោភ័ណភាព ដូចដែលយើងបានខិតខំត្រៀមរៀបចំពិធីបុណ្យដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ដោយយើងឃើញថាបានរៀបចំបានល្អ ការតុបតែងភ្លើងផ្កាភ្ញីបានល្អមែនទែន ។ អីចឹងទេ យើងចង់ឲ្យភាពល្អប្រសើរនេះទទួលបានដែរ ក្រោយពេលពិធីបុណ្យចូលឆ្នាំបានបញ្ចប់៕ ដោយ៖បញ្ញាស័ក្តិ