Saturday, November 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០៖ ព្រះមហាក្សត្រ​មាន​ព្រះរាជបន្ទូល​ថា​ ​រដ្ឋសភា​បាន​បំពេញ​តួនាទី​របស់​ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន​ប្រកបដោយ​ប្រសិទ្ធភាព​

​ភ្នំពេញ ​៖ ក្នុង​ព្រះរាជសារ​ផ្ញើ​ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ព្រះរាជបន្ទូល​លើកឡើងថា រដ្ឋសភា​ក្នុង​នាម​ស្ថាប័ន​នីតិប្បញ្ញត្តិ បាន​បំពេញ​តួនាទី​របស់​ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន​ប្រកបដោយ​ប្រសិទ្ធភាព ជា​ពិសេស​បាន​អនុវត្ត​តួនាទី​របស់​ខ្លួន​ក្នុង​មុខងារ​នីតិកម្ម ធ្វើ​ជា​អ្នកតំណាង និង​តាមដាន​ការអនុវត្ត​ច្បាប់​សម្រេច​ការងារ​បាន​យ៉ាង​ល្អប្រសើរ​។​

​រដ្ឋសភា​បាន​បើក​សម័យប្រជុំ​លើក​ទី​១០ នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០១៨​នេះ​។ នៅក្នុង​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ផ្ញើ​ជូន​សម័យប្រជុំ​រដ្ឋ​សភា​លើក​ទី​១០​នេះ ទ្រង់​បាន​គូសបញ្ជាក់​បន្តថា ដោយមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ស្ថាប័នរដ្ឋ​កំពូលៗ មាន​ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ រាជរដ្ឋាភិបាល អង្គការ​អន្តរជាតិ​នានា និង​អង្គការក្រៅរដ្ឋាភិបាល រដ្ឋសភា​បាន​បំពេញការងារ​ទទួលបាន​លទ្ធផល​ល្អ​ប្រសើរ ក្នុង​ការតាក់តែង និង​អនុម័ត​ច្បាប់​ឲ្យស្រប​ទៅ​នឹង​ស្ថានភាព​របស់​សង្គមជាតិ​។​

​ព្រះរាជសារ​លិខិត​បាន​បន្តថា “​នៅក្នុង​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​នេះ ខ្ញុំ​ព្រះករុណា​ខ្ញុំ​សង្កេតឃើញថា ប្រទេស​កម្ពុជា​បាន​ទទួល​ជោគជ័យ ក្នុង​ការសម្រេច​បាន​កំណើន​ផលិតផល​ក្នុងស្រុក តាមរយៈ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​ជំរុញ​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ជា​រៀងរាល់ឆ្នាំ​។ រាជរដ្ឋាភិបាល​បាន​បន្ត​ជំរុញ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​សុខាភិបាល សំដៅ​លើកស្ទួយ​អនាម័យ​សុខភាព សុខុមាលភាព​របស់​ប្រជាជន​បាន​កាន់តែ​ល្អប្រសើរ ជា​ពិសេស​ប្រជាជន​ក្រីក្រ ស្ត្រី និង​កុមារ​។ លើសពីនោះ ក៏​បាន​អនុវត្ត​គោលនយោបាយ អភិវឌ្ឍន៍​ប្រព័ន្ធ​សុវត្ថិភាព​សង្គម ការ​គាំពារ​សង្គម​សម្រាប់​ជនក្រីក្រ និង​ងាយ​រងគ្រោះ ការការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ និង​គោលនយោបាយ​ជាតិ​សម្រាប់​មនុស្ស​ចាស់​”​។

​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ ទ្រង់​បាន​មាន​ព្រះរាជ​បន្ទូល​បន្ត​ថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នេះ ក៏​បាន​ប្រឹងប្រែង អភិវឌ្ឍន៍​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ដឹកជញ្ជូន​គ្រប់​ប្រភេទ រួម​ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ឲ្យក្លាយ​ទៅ​ជា​ប្រព័ន្ធ​ភស្តុភា​កម្ម​មួយ​ដ៏​រស់​រវើក រួមចំណែក​លើកកម្ពស់​សេដ្ឋកិច្ចជាតិ និង​លើកស្ទួយ​ជីវភាព និង​សុខុមាលភាព​របស់​ប្រជាជន​។

ជាមួយគ្នានេះ ព្រះអង្គ​ក៏​បាន​មាន​ព្រះរាជ​បន្ទូល​បន្ត​ថា “​ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​លទ្ធផល​នៃ​ការអភិវឌ្ឍ​ទេសចរណ៍​កម្ពុជា ជា​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កម្ពុជា ស្អាត និង​បៃតង ដែល​ជា​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ប្រកបដោយ​ការទទួលខុសត្រូវ​”​។​

​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមទាំង​ថ្នាក់ដឹកនាំ​រដ្ឋសភា សមាជិក​សមាជិកា​រដ្ឋ​សភា​ទាំងអស់ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​របស់​ខ្លួន​ក្នុង​ការបម្រើ​សង្គមជាតិ​។​

​ព្រះករុណា​ព្រះមហាក្សត្រ​មាន​ព្រះរាជ​អង្គការ​ថា “​ខ្ញុំ​សូម​អបអរសាទរ​ដល់​រាជរដ្ឋាភិបាល ដែល​តែងតែបាន​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​សាមគ្គី​ជាតិ ដើម្បី​រួបរួម​ពួតដៃគ្នា​រវាង​ប្រជាជាតិ​កម្ពុជា​ទាំងអស់ ទាំង​ក្នុង និង​ក្រៅប្រទេស​លើ​គ្រប់​មជ្ឈដ្ឋាន និង​និន្នាការ​នយោបាយ ដើម្បី​កសាង និង​ការពារ​ជាតិ សមិទ្ធផល​សង្គម និង​ការធានា​ឲ្យមាន​ឯកភាព​ជាតិ បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ សន្តិភាព លទ្ធិប្រជាធិបតេយ្យ និង​វឌ្ឍនភាព​”៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

×