ខេត្តក្រចេះ ៖ កម្មករម្នាក់បានស្លាប់ដោយត្រូវកៀបជាប់ចំកណ្តាលជាមួយនឹងរថយន្តច្នៃដឹកដំឡូងនិងពោត២គ្រឿង នៅលើដចម្លង ខណៈដែលជនរងគ្រោះបានឈរនៅកណ្តាលរថយន្តទាំងពីគ្រឿង ហើយរថយន្តមួយគ្រឿងបានរអិលកង់បុកកៀបជាប់នៅពេលទូកដបានបើកឆ្លងទន្លេបុកដល់មាត់ច្រាំង នៅថ្ងៃទី៨ មេសា នៅលើទូកដចម្លងមួយកន្លែង ឆ្លងពីឃុំពង្រ ស្រុកឆ្លូង ទៅឃុំកោះស៊ុយ ស្រុកព្រែកប្រសព្វ។
នគរបាលឲ្យដឹងថា រថយន្តច្នៃ២គ្រឿងមួយគ្រឿងដឹងពោតនិងមួយគ្រឿងទៀតដឹកដំឡូង បានឆ្លងដពីឃុំកោះស៊ុយ មកឃុំព្រង ដោយរថយន្តទាំង២គ្រឿងបានចតមុខ ក្រោយទន្ទឹមគ្នានៅលើទូក។ ហើយនៅពេលទូកបានមកដល់ច្រាំង និងបានបុកច្រាំងខ្លាំង ក៏រអិលរថយន្តទាំងពីរគ្រឿង បុកកៀបបុរសជាកម្មករម្នាក់ នៅឈរកណ្តាលរថយន្តទាំង២ បណ្តាលឲ្យស្លាប់។
នគរបាលស្រុកឆ្លូងបានឲ្យដឹងទៀតថា ភ្លាមៗបុរសជាកម្មកររងគ្រោះ ត្រូវបានពលរដ្ឋនាំ គ្នាគាស់ចាប់ទាញចេញបម្រុងនាំមកសង្គ្រោះតែមិនអាចជួយទាន់នោះទេ៕ ដោយ ៖ បញ្ញាស័ក្តិ