ខេត្តព្រះសីហនុ ៖ អ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម និងប្រជាពលរដ្ឋមានប្រាក់ចំណូលទាប ពិសេសអ្នករស់នៅផ្ទះជួល នៅទីប្រជុំជនក្រុងព្រះសីហនុភាគច្រើន បានអះអាងថា អ្នកវិនិយោគទុនចិន ឬជនជាតិចិន ចូលមករស់នៅ និងបើកធ្វើអាជីវកម្មផ្សេងៗនាខេត្តព្រះសីហនុ ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមិនបានជួយបង្កើនប្រាក់ចំណូលដល់ដល់ប្រជាពលរដ្ឋក្រីក្រ ឬមន្ត្រីរាជការមានប្រាក់ចំណូលទាបនោះទេ។ ផ្ទុយទៅវិញបានបង្កផលវិបាក ឬផលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ របស់ពួកគាត់ទៅវិញទេ ព្រោះពួកគាត់រស់នៅក្រោមដំបូលផ្ទះជួល ប៉ុន្តែក្រោយវត្តមានជនជាតិចិន ចូលមករស់នៅទីប្រជុំជនក្នុងក្រុងព្រះសីហនុ គឺតម្លៃផ្ទះជួលឡើងថ្លៃកប់ពពក ពោល គឺបានកើនពី ១ ទ្វេទៅជា៣ ឬជា ៥ និងកើនទ្វេជា១០ ក៏មានដែរ។
ផ្តើមពីបញ្ហានេះ គ្រួសារមន្ត្រីរាជការថ្នាក់ទាប និងប្រជាពលរដ្ឋមានប្រាក់ចំណូលទាប ពិសេសប្រជាពលរដ្ឋធ្វើចំណាកស្រុកមករកកាងារធ្វើ និងជួលផ្ទះគេរស់នៅ ក្នុងមូលដ្ឋានខេត្តព្រះសីហនុ បានត្អូញត្អែរថា បានបង្កផលវិបាកពីវត្តមានអ្នកវិនិយោគទុនចិន ឬវត្តមានជនជាតិចិនចូលមករស់នៅ និងប្រកបការងារនៅក្នុងខេត្តព្រះសីហនុ ជាពិសេសពួកគេមិនបានកើនប្រាក់ចំណូលទេ ប៉ុន្តែបានកើនប្រាក់ចំណាយជាប្រចាំថ្ងៃ និងប្រចាំខែទៅវិញទេ ព្រោះតម្លៃផ្ទះជួលត្រូវឡើងថ្លៃ និងតម្លៃម្ហូបអាហារផ្សេងៗក៏ឡើងថ្លៃដែរ។
ត្រង់ចំណុចនេះ អ្នកឃ្លាំមើលសង្គមមួយចំនួន ផ្តល់សម្ភាសន៍ដល់អ្នកយកព័ត៌មានគេហទំព័រ CEN.COM.KH ប្រចាំខេត្តព្រះសីហនុដឹងនៅថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០១៨ថា អ្នកវិនិយោគទុនចិន បង្ហាញវត្តមានច្រើននាខេត្តព្រះសីហនុរាល់ថ្ងៃនេះ គឺមិនមានផលប្រយោជន៍ច្រើន ឬមិនបានកើនដល់ប្រាក់ចំណូលសម្រាប់ចិញ្ចឹមគ្រួសារដល់ក្រុមអាជីវករជនជាតិខ្មែរមានរបរតូចតាច ពិសេសប្រជាពលរដ្ឋមានការងារជាកម្មករ ឬមានមុខរបរកំប៉ិកកំប៉ុក ជាពិសេសមន្ត្រីរាជការរដ្ឋ មានប្រាក់ចំណូលទាប ហើយជួលផ្ទះគេរស់នៅនោះទេ។
អ្នកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ បង្ហាញទស្សនថា អ្នកវិនិយោគទុនចិន ឬជនជាតិចិនទាំងនោះ គឺពួកគេភាគច្រើនបានមករកស៊ី និងវេចលុយត្រឡប់ទៅកាន់ស្រុកគេវិញស្ទើរទាំងស្រុង។
អ្នកស្រីបន្តថា វត្តមានជនជាតិចិនចូលមករស់នៅ និងប្រកបមុខរបរនៅខេត្តព្រះសីហនុរាល់ថ្ងៃនេះ គឺមានលក្ខណៈខុសប្លែកពីភ្ញៀវទេសចរមកពីសហគមន៍អឺរ៉ុប ដោយពួកគេចូលមកទស្សនា ឬចូលមកខេត្តព្រះសីហនុ បានយកលុយមកចាយនៅខេត្តទេសចរណ៍មួយនេះ ហើយចំណេញដល់អាជីវករ និងប្រជាពលរដ្ឋមានរបរខ្នាតតូចសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
អ្នកស្រី សុធារី បានឲ្យដឹងដូច្នេះ រួចបន្តបង្ហាញទស្សនផ្ទាល់ខ្លួនថា អ្នកដែលបានទទួលផលប្រយោជន៍ភាគច្រើនពីវត្តមានវិនិយោគទុនចិន ឬវត្តមានជនជាតិចិនចូលមកខេត្តព្រះសីហនុ គឺបានទៅលើបុគ្គល ឬចំពោះអ្នកមានសំណង់អគារធំៗមានផ្ទះសំណាក់ សណ្ឋាគារ ក្លឹបកម្សាន្ត ដីធ្លី សម្រាប់ដាក់ជួល និងលក់ឲ្យចិន បើកធ្វើអាជីវកម្មតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់គ្រួសារមន្ត្រីរាជការតូចតាច ប្រជាពលរដ្ឋ និងអាជីវករប្រកបរបរតូចតាច ពិសេសប្រជាពលរដ្ឋធ្វើចំណាកស្រុក ចូលមករកការងារធ្វើ នៅក្នុងខេត្តព្រះសីហនុ ហើយជួលផ្ទះគេស្នាក់នៅ គឺបានប៉ះពាល់ធ្ងន់ធ្ងរទៅលើជីវភាពប្រចាំថ្ងៃ របស់ពួកគេ ដោយត្រូវម្ចាស់ផ្ទះជួល បានតម្លើតតម្លៃខ្ពស់កប់ពពក ឬមិនជួលឲ្យខ្មែររស់នៅទេ ព្រោះបានលុយជួលតិចពេក ដោយទុកផ្ទះ ឬសំណង់អាគារទាំងនោះ ទុកជួលឲ្យជនជាតិចិន ដែលហ៊ានជួលក្នុងតម្លៃប្រចាំខែខ្ពស់ជាដើម។
អ្នកស្រី សុធារី ចាត់ទុកថា ជនជាតិចិនបង្ហាញវត្តមានច្រើននៅខេត្តព្រះសីហនុ គឺមិនបានជួយបង្កើនដល់ប្រាក់ចំណូល ជូនប្រជាពលរដ្ឋមានរបរជាកម្មករ មន្ត្រីរាជការថ្នាក់ទាប និងពលរដ្ឋធ្វើចំណាកស្រុកមករកការងារធ្វើនៅមូលដ្ឋាននេះ ហើយមានប្រាក់ចំណូលទាប គឺមិនទទួលបានប្រយោជន៍ពីវត្តមានអ្នកជំនួញចិនចូលមកខេត្តនេះនោះទេ។ ផ្ទុយទៅវិញវត្តមានជនជាតិចិនចូលមករស់នៅ និងប្រកបអាជីវកម្មនៅមូលដ្ឋាននេះ គឺបានប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ពួកគាត់ទៅវិញទេ ព្រោះទាំងម្ហូបអាហារទទួលទាន សម្ភារៈប្រើប្រាស់ និងតម្លៃផ្ទះ ឬជួលបន្ទប់ស្នាក់នៅ គឺត្រូវម្ចាស់ផ្ទះ បានតម្លើងតម្លៃជួលខ្ពស់កប់ពពក ដែលពួកគេមិនមានលទ្ធភាពជួលស្នាក់នៅ ហើយបង្ខំចិត្តចាកចេញទៅកាន់ទីតាំងផ្សេងៗ ឆ្ងាយពីទីប្រជុំជន និងអសុវត្ថិភាព ឬក៏ចាក់ចេញទៅប្រកបរបរនៅតាមបណ្តាខេត្តដទៃទៀតជាដើម។
ទន្ទឹមគ្នានេះ អ្នកស្រី សុធារី ក៏បានទទួលស្គាល់ថា វត្តមានវិនិយោគទុនចិន ចូលមករស់នៅ និងបង្កើតអាជីវកម្មនៅមូលដ្ឋាននេះ បានជួយឲ្យប្រជាពលរដ្ឋខ្មែរ និងយុវជនមួយចំនួនមានការងារធ្វើ ប៉ុន្តែពួកគេទាំងនោះ មិនមានតួនាទី ឬតំណែងល្អទេ គឺជាបុគ្គលិកធម្មតា និងទទួលបានប្រាក់ខែទាបតែប៉ុណ្ណោះ ព្រោះមិនមែនជាបុគ្គលិកជំនាញ ដែលមានការសិក្សាខ្ពស់ ហើយទទួលប្រាក់ខែខ្ពស់នោះទេ។
ចំណែកប្រតិបត្តិករទេសចរមួយចំនួន នៅខេត្តព្រះសីហនុ បានទទួលស្គាល់ថា វត្តមាន អ្នកវិនិយោគទុនជនជាតិចិនចូលមករស់នៅខេត្តព្រះសីហនុ គឺពួកគេហ៊ានជួលសំណង់អាគារធំៗ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ ក្លឹបកម្សាន្ត និងដីធ្លីជាដើម ក្នុងតម្លៃខ្ពស់ដើម្បីបើកធ្វើអាជីវកម្មផ្សេងៗរួមមាន៖ ភោជនីយដ្ឋាន ពិសេសកាស៊ីណូ សណ្ឋាគារ និងក្លឹបកម្សាន្ត KTV ជាដើម។
ប្រតិបត្តិករជនជាតិខ្មែរ បានឲ្យដឹងទៀតថា ភាគច្រើននៃអ្នកវិនិយោគទុនចិន ចូលមករស់នៅខេត្តព្រះសីហនុ គឺបានចាប់យកជំនួញលើវិស័យឧស្សាហកម្ម រោងចក្រ ក្លឹបកម្សាន្ត ភោជនីយដ្ឋាន ជាពិសេសសណ្ឋាគារ និងកាស៊ីណូជាដើម ហើយអតិថិជនគាំទ្រការធ្វើជំនួញរបស់អ្នកវិនិយោគទុនចិនទាំងនោះ គឺជាភ្ញៀវទេសចរជនជាតិចិនតែម្តង។
អាជីវករលក់ដូរម្ហូបអាហារ និងសេវាផ្សេងៗ បានអះអាងថា ពួកគេទទួលបានប្រាក់ចំណូលពីវត្តមាន របស់ជនជាតិចិន ដែលបានមកទិញទំនិញ ឬមករកសេវាបម្រើម្ហូបអាហារ និងសេវាដឹកជញ្ជូនជាដើម គឺមានចំនួនតិចតួចតែប៉ុណ្ណោះ ព្រោះអ្នកជំនួញជនជាតិចិន ដែលចូលមករស់នៅក្នុងខេត្តព្រះសីហនុ គឺពួកគេ មានមធ្យោបាយគ្រប់គ្រាន់ ឬបើកធ្វើជំនួញទាំងអស់នោះដោយខ្លួនឯងថែមទៀត។
ផ្ទុយពីការអះអាងនេះ សម្រាប់អ្នកមានអំណាចមានបុណ្យស័ក្តិធំៗ និងអ្នកជំនួញ ឬសម្រាប់អ្នកមានសំណង់អាគារធំៗមានដូចជា៖ ដីធ្លី បន្ទប់ផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ ក្លឹបកម្សាន្តឌីស្កូ និងក្លឹបខារ៉ាអូខេជាដើមនាខេត្តព្រះសីហនុ សម្រាប់លក់ ឬជួលឲ្យជនជាតិចិន បានគាំទ្រវត្តមានជនជាតិចិន ហូរចូលមកមូលដ្ឋាននេះយ៉ាងពេញទំហឹង។ ឈ្មួញទាំងនោះចាត់ទុកវត្តមានជនជាតិចិន ឬអ្នកវិនិយោគិនចិន ដែលបានមករកជួលបន្ទប់ ជួលអាគារធំៗ មានផ្ទះសំណាក់ សណ្ឋាគារប្រណិតៗ និងក្លឹបកម្សាន្តជាដើម ដោយហ៊ានជួលក្នុងតម្លៃខ្ពស់ថា បានបង្កើនប្រាក់ចំណូលសម្រាប់ជំនួញពួកគេមានកំណើនខ្ពស់កប់ពពក ហើយពួកគេរីករាយចំពោះវត្តមានជនជាតិចិន និងចង់ឲ្យជនជាតិចិនរាប់លាននាក់ទៀត ចូលមករស់នៅខេត្តព្រះសីហនុនាថ្ងៃអនាគត ដើម្បីអាចឲ្យមហិច្ឆិតារកស៊ី របស់ពួកគេទទួលបានជោគជ័យទ្វេដងថែមទៀត។
ពិសេសជាងនេះ ក៏មានគ្រួសារឈ្មួញ និងមន្ត្រីមានឋានៈខ្ពស់មួយចំនួន ក្នុងនោះក៏រាប់បញ្ចូលមន្ត្រីរាជការខ្លះ កំពុងបំរើការងារនៅក្នុងរដ្ឋបាលសាលាខេត្តព្រះសីហនុ ក៏ចង់ឲ្យកូនស្រី របស់ពួកគេ មានប្តីជនជាតិចិនដែរ ព្រោះពួកគេបានពោលសរសើរ ឬឲ្យតម្លៃបុរសជនជាតិចិនមិនដាច់ពីមាត់ថា មានមានខួរក្បាលវៃឆ្លាត និងពូកែរកស៊ីជាដើម..។ ពួកគេរំពឹងគិតថា បើមានកូនប្រសារបុរសជនជាតិចិន ជាអ្នកជំនួញមានលុយកាក់ច្រើន គឺទំនងជាអាចជួយលើកស្ទួយជីវភាពគ្រួសារ ឬជម្រុញឲ្យកូនចៅ របស់ពួកគេ មានជីវភាពប្រសើរឡើងនាថ្ងៃអនាគត។
ត្រង់ចំណុចនេះ លោក ស្រេង វ៉ាន់លី មន្ត្រីផ្នែកអង្កេតអង្គការលីកាដូ (Licadho) ប្រចាំខេត្តព្រះសីហនុ បានកត់សម្គាល់ថា រាល់ថ្ងៃនេះមានបុគ្គលខ្លះ ដែលមានសំណង់អាគារធំៗ ផ្ទះជួល និងដីធ្លី សម្រាប់ជួលឬលក់ ឲ្យជនជាតិចិន គឺពួកគេម្នាក់ៗ បានចាត់ទុកវត្តមានអ្នកវិនិយោគជនជាតិចិន ឬជនជាតិចិន ចូលមករស់នៅ និងបើកធ្វើអាជីវកម្មច្រើនកុះករនាខេត្តព្រះសីហនុ ថាជាស្តេច ឬឲ្យតម្លៃខ្ពស់ជាងការឲ្យតម្លៃខ្លួនឯងទៅទៀត។ ពោល គឺមានបុគ្គលខ្លះ ដែលមានបន្ទប់ជួល ឬផ្ទះជួល និងសំណង់អាគារផ្សេងៗ កំពុង រស់នៅជាអិចន្ត្រៃយ៍រាល់ថ្ងៃសុខៗ ក៏បានជួលឲ្យជនជាតិចិនទាំងអស់ ព្រោះចិន បានឲ្យតម្លៃជួលខ្ពស់ ហើយខ្លួនឯងជាម្ចាស់ផ្ទះ បែរជាស្ទើរកផ្ទះ ឬបន្ទប់សម្រាប់ផ្តល់ឲ្យក្រុមគ្រួសារ ឱពុក ម្តាយ និងកូនចៅខ្លួនឯង ដើម្បីស្នាក់នៅស្ទើរពុំបាន។ ជាងនេះទៀតក៏មានបុគ្គលខ្លះ បានវេចបង្វិច ចាកចេញពីផ្ទះខ្លួនឯងកំពុងរស់នៅ ជារៀងរាល់ថ្ងៃ ព្រោះបានដាក់ជួលឲ្យចិន ទទួលបានតម្លៃខ្ពស់ ហើយបាននាំក្រុមគ្រួសារកូនចៅ ទៅរកផ្ទះជួលនៅជាយ ក្រុង ដែលមានតម្លៃទាប និងឆ្ងាយពីទីប្រជុំជនជាដើម ដើម្បីរស់នៅជំនួសវិញ។
ងាកមកភ្ញៀវទេសចរជាតិដែលចូលមកកម្សាន្តខេត្តព្រះសីហនុភាគច្រើន ក៏បានរអ៊ូរទាំថា វត្តមានជនជាតិចិន ចូលមករស់នៅ និងប្រកបអាជីវកម្មច្រើនកុះករនៅមូលដ្ឋាននេះ បានបង្កភាពរញ៉េរញ៉ៃ បង្កអសន្តិសុខ និងប៉ះពាល់ដល់ភ្ញៀវទេសចរមកពីសហគមន៍អ៊ឺរ៉ុបចូលមកមូលដ្ឋាននេះ។ ភ្ញៀវជាតិឲ្យដឹងថា កន្លងទៅនេះ ពួកគេសង្កេតឃើញមានបុគ្គលជនជាតិចិនខ្លះ បានដើរបង្កបទល្មើសចាប់ជំរិតទារប្រាក់ ឬបង្ហាញអត្តចរិតកោងកាច វាយកាប់ចាក់គ្នានៅតាមទីសាធារណៈ និងនៅតាមហាងផឹកស៊ី បង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរចម្រុះជាតិសាសន៍ ដែលចូលមកទស្សនាខេត្តព្រះសីហនុ ដោយជនជាតិចិនខ្លះ បានបង្ហាញកាយវិការមិនខ្លាចញញើតកម្លាំងសមត្ថកិច្ចថែមទៀតផង។
ត្រង់ចំណុចនេះ ភ្ញៀវទេសចរជាតិសំណូមពរដល់អភិបាលក្រុងព្រះសីហនុ លោក អ៊ី សុខឡេង និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ពិសេស លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងលោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តនេះ ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ទៅលើសកម្មភាព របស់ជនជាតិចិននៅមូលដ្ឋាននេះ ឲ្យបានជាប្រចាំ ដើម្បីកុំឲ្យប៉ះពាល់ដល់វត្តមានភ្ញៀវទេសចរបរទេសដទៃទៀត ជាពិសេសកុំឲ្យប៉ះពាល់ដល់កិត្តិយសខេត្តព្រះសីហនុ ដែលត្រូវរដ្ឋាភិបាលប្រសិទ្ធិនាមថាជា «តារារះនាទិសនិរតី»។
ទាក់ទិនវត្តមានជនជាតិចិននេះដែរ សម្រាប់ស្ត្រីក្មេងៗបម្រើការងារនៅតាមភោជនីយដ្ឋាន និងក្លឹបកម្សាន្តខារ៉ាអូខេ ឬហៅខ្លីថាខេធីវី (KTV) ភាគច្រើននាខេត្តព្រះសីហនុ បានចាត់ទុកវត្តមានជនជាតិចិន ពិសេសភ្ញៀវបុរសបង្ហាញខ្លួនច្រើននាមូលដ្ឋាននេះ ថានាំឲ្យរបរកំដរភ្ញៀវនៅពេលយប់ព្រលប់របស់ពួកគេ ទទួលបានភ្ញៀវច្រើន ហើយអាចរកប្រាក់ចំណូលកើនមួយទ្វេជា ៣ដង ឬច្រើនជាងនេះ បើប្រៀបធៀបពេលមុន មានវត្តមានជនជាតិចិន ចូលមករស់នៅមូលដ្ឋាននេះ។
ស្ត្រីវ័យក្មេងមានសាច់សខ្ចីឃើញពេលរាត្រី កំពុងបម្រើការនៅក្លឹបខារ៉ាអូខេមួយចំនួន បានឲ្យអ្នកយកព័ត៌មាន CEN.COM.KH ប្រចាំខេត្តព្រះសីហនុដឹងថា នៅមុនពេលមានវត្តមានជនជាតិចិន ហូរចូលមកខេត្តព្រះសីហនុ គឺការកំដរភ្ញៀវជនជាតិខ្មែរ របស់ពួកគេ ទទួលបានលុយធីបពីបុរសខ្មែរក្រោម ២០ដុល្លារសហរដ្ឋអាមេរិក ឬលើសនេះបន្តិចបន្តួចទេ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរជនជាតិចិនវិញ កំដរពួកគេមួយពេល ឬមួយយប់ ទទួលបានប្រាក់ចំណូលកើនទ្វេគុណ ដោយទទួលបានទាបបំផុតចន្លោះពីជាង ៥០ ទៅជាង ១០០ដុល្លារ ឬច្រើនជាងនេះ ប្រសិនបើបានអង្គុយកំដរបុរសចិនម្តងៗ។ ពិសេសជាងនេះ ប្រសិនបើពួកគេបានចេញដើរដាច់យប់ទៅជាមួយភ្ញៀវចិន ឬបុរសចិនម្តងៗ គឺពួកគេ អាចទទួលបានប្រាក់ចំណូលចន្លោះចាប់ពី ២០០ ទៅ ដល់ ៣០០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយរាត្រី ឬជារៀងរាល់ការណាត់ជួបជាមួយបុរសចិនម្តងៗ..។
ស្ត្រីវ័យក្មេងខ្លះ ដែលកំពុងបំរើការងារនៅតាមក្លឹបរាត្រីមានខារ៉ាអូខេ និងក្លឹបបៀហ្គាឌឹនជាដើម គឺបានពោលសរសើរ និងពេញចិត្តរាល់សកម្មភាព របស់បុរសចិន នៅពេលត្រូវបានបុរសចិននាំទៅដើរកម្សាន្ត ឬធ្វើកិច្ចការងារយប់ព្រលប់ផ្សេងៗ..។ ស្ត្រីវ័យក្មេងមួយចំនួននោះ បានបង្ហាញអារម្មណ៍ពេញចិត្តពេញថ្លើម ចំពោះបទពិសោធន៍ ឬជំនាញថ្នាក់ថ្នម របស់បុរសចិនស្ទើរគ្រប់ៗគ្នា ដោយចាត់ទុកថា បានជូនដំណើរពួកគេទៅដល់កោះត្រើយ ឬចំណុចកំពូលនៃភាពសប្បាយរីករាយ ដែលស្ត្រីគ្រប់ៗរូបប្រាថ្នាចង់បាន..?។
បច្ចុប្បន្ននេះ នៅតាមក្លឹបកម្សាន្តរាត្រីខ្លះនាខេត្តព្រះសីហនុ គឺមានស្ត្រីខ្មែរវ័យក្មេង ឬហៅថាស្ត្រីអូតេស្តមួយចំនួន បានប្រកែក ឬបង្ហាញការហាក់មិនពេញចិត្តបុរសខ្មែរ ដែលជាភ្ញៀវ ហើយត្រូវការស្ត្រីខ្មែរទាំងនោះមកអង្គុយកំដរញាំអាហារ ឬទទួលទានភេសជ្ជៈផ្សេងៗ នៅតាមហាងផឹកស៊ីមួយចំនួននោះទេ។ ការមិនពេញចិត្តនេះ ត្រូវបានស្ត្រីវ័យក្មេងខ្លះផ្តល់សម្ភាសន៍ឲ្យអ្នកយកព័ត៌មាន CEN.COM.KH ប្រចាំខេត្តព្រះសីហនុ ដឹងកាលពីរាត្រីថ្ងៃអាទិត្យ ទី៨ ខែមេសា ឆ្នាំ២០១៨ នៅក្លឹបកម្សាន្តរាត្រីមួយកន្លែង មានទីតាំងនៅម្តុំអូរ៣ ស្ថិតក្នុងក្រុងព្រះសីហនុ។ ស្ត្រីវ័យក្មេងៗទាំងនោះ និយាយចំអកថា ចំពោះការអង្គុយកំដរជាមួយភ្ញៀវជាបុរសខ្មែរម្តងៗ គឺពុំសូវទទួលបានលុយធីបច្រើនទេ ជាពិសេសបុរសខ្មែរមិនសូវចេះថ្នាក់ថ្នម ឬមានសម្តី មិនពិរោះនិងមិនសមរម្យជាដើម ដែលខុសពីបុរសចិន ដែលចេះបបោសអង្អែលថ្នាក់ថ្នម និងមានលុយធីបច្រើន ពេលអង្គុយកំដរបុរសចិនម្តងៗ។ នៅចុងបញ្ចប់នៃការផ្តល់សម្ភាសន៍ជាមួយអ្នកយកព័ត៌មាន CEN.COM.KH ប្រចាំខេត្តព្រះសីហនុ ស្ត្រីវ័យក្មេងភាគច្រើន ដែលកំពុងបំរើការងារនៅតាមក្លឹបកម្សាន្តរាត្រី បានឲ្យដឹងថា ទោះបីបុរសចិន ឬភ្ញៀវចិន ជក់បារី ឬធំក្លឹនស្អុយផ្សែងបារីបន្តិចបន្តួចបែបណាក្តី ក៏ពួកគេអាចទ្រាំបាន ព្រោះជាជង្រុកលុយ របស់ពួកគេ។
យ៉ាងណាក៏ដោយចុះងាកមក លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ធ្លាប់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អ្នកវិនិយោគទុនចិន មានវត្តមានច្រើននាមូលដ្ឋាននេះ នឹងរួមចំណែកជំរុញឲ្យខេត្តទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសតម្លៃទិញ ឬជួលអចលនទ្រព្យ និងការទិញលក់អគារសំណង់ផ្សេងៗមានតម្លៃខ្ពស់កប់ពពក។ ជាពិសេសជាងនេះ វត្តមានវិនិយោគិនចិន បានរីកចម្រើនដល់ការរកប្រាក់ចំណូលពីសេវាបម្រើសេវាទេសចរណ៍របស់ប្រតិបត្តិករ និងប្រជាពលរដ្ឋមូលដ្ឋាននេះឲ្យមានការងារធ្វើមានប្រាក់ចំណូលចិញ្ចឹមគ្រួសារកើនខ្ពស់ជាបន្តបន្ទាប់ទាំងពេលបច្ចុប្បន្ន និងតទៅថ្ងៃអនាគត។
លោក យន្ត មីន ស្នើដល់កម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័ន ប្រជាពលរដ្ឋ អាជីវករ និងផ្នែកពាក់ព័ន្ធនានា ត្រូវចូលរួមថែរក្សាសណ្ដាប់ធ្នាប់សាធារណៈនិងគាំទ្រអ្នកវិនិយោគទុនចម្រុះជាតិសាសន៍ដែលចូលមកបោះទុនវិនិយោគនាមូលដ្ឋាននេះឲ្យបានទាំងអស់គ្នា ជៀសវាងការលាបពណ៌គ្នាបង្កើតឲ្យមានជម្លោះជាតិសាសន៍រវាងជនជាតិមួយទៅជនជាតិផ្សេង បង្កឲ្យជម្លោះបន្តិចបន្តួច បង្កឲ្យក្លាយទៅជាជម្លោះធំ នាំឲ្យប៉ះពាល់ដល់សុខសុវត្ថិភាពភ្ញៀវទេសចរ អ្នកវិនិយោគទុនចម្រុះជាតិសាសន៍ទាំងខ្មែរ និងបរទេស។
ទោះជាបែបនេះក្តី មន្ត្រីរាជការថ្នាក់ទាប និងប្រជាពលរដ្ឋមានជីវភាពក្រីក្រ ពិសេសពលរដ្ឋ ដែលធ្វើចំណាកស្រុកមករកការងារធ្វើនៅខេត្តព្រះសីហនុ ហើយបានជួលផ្ទះ ឬបន្ទប់គេ សម្រាប់ស្នាក់នៅ អះអាងថា វត្តមានជនជាតិចិន បានប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ របស់ពួកគេ ព្រោះត្រូវម្ចាស់ផ្ទះជួល បានតម្លើងតម្លៃផ្ទះ ឬបន្ទប់ជួលប្រចាំខែ ខ្ពស់កប់ពពក ឬតម្លើងទ្វេគុណ ១ ទ្វេជា ៣ដង ឬច្រើនជាងនេះ បន្ទាប់ពីចិន បានចូលមករស់នៅ និងប្រកបមុខរបរផ្សេងៗនៅមូលដ្ឋានខេត្តព្រះសីហនុក្នុងរយៈពេលប្រមាណ ២ឆ្នាំចុងក្រោយនេះ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋភាគច្រើនរស់នៅខេត្តព្រះសីហនុ បង្ហាញការមិនពេញចិត្តចំពោះឥរិយាបថបើកបររបស់បុរសជនជាតិចិន ដែលសកម្មភាពការបើកបររថយន្តរបស់ពួកគេនៅតាមផ្លូវសាធារណៈក្នុងក្រុង ពិសេសនាពេលរាត្រីភាគច្រើនបើកបរក្នុងល្បឿនលឿន មិនគោរពច្បាប់ចរាចរណ៍ និងស្ថិតក្នុងស្ថានភាពស្រវឹង ហើយតែងបង្កគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាបន្តបន្ទាប់ដល់អ្នកធ្វើដំណើរ។
ត្រង់ចំណុចនេះ អាណាព្យាបាលរស់នៅខេត្តព្រះសីហនុ បានសំណូមពរដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យជួយចេញបទបញ្ជាក្តៅ មកកម្លាំងនគរបាលខេត្តព្រះសីហនុ ឲ្យបង្កើនចំនួនដាក់ប៉ុស្តិ៍ចុះត្រួតពិនិត្យ ការធ្វើចរាចរណ៍តាមផ្លូវសាធារណៈ ជាពិសេសត្រូវជួយទប់ស្កាត់កុំឲ្យជនជាតិចិនទាំងនោះមានសិទ្ធិបើកបររថយន្តដោយខ្លួនឯង ក្នុងទីប្រជុំជនក្រុងព្រះសីហនុជាបន្តទៀត ព្រោះសកម្មភាព ឬឥរិយាបថបើកបរ របស់ជនជាតិចិនភាគច្រើន ស្ថិតក្នុងល្បឿនលឿន ស្រវឹង មិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឬមិនគោរពភ្លើងបញ្ជាចរាចរណ៍ និងតែងបង្កគ្រោះថ្នាក់ចរាចរណ៍កើតមានជាច្រើនករណី និងបានបណ្តាលឲ្យមានមនុស្សស្លាប់ និងធ្លាក់ខ្លួនពិការជាច្រើននាក់នាពេលកន្លងមកនេះ។
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ មានប្រសាសន៍ថា បច្ចុប្បន្ននេះ ទាំងអ្នកវិនិយោគទុន និងភ្ញៀវទេសចរជនជាតិចិន បានឈរនៅលំដាប់លេខរៀងទី១ ក្នុងចំណោមភ្ញៀវទេសចរ ឬអ្នកវិនិយោគទុនមកពីក្រៅប្រទេស រួមមាន៖ រុស្ស៊ី អាមេរិក វៀតណាម និងមកពីប្រទេសអង់គ្លេស ជាដើម។
ទោះជាបែបនេះក្តី លោក សុចិត្រគ្រឹស្នា មិនទាន់មានតួលេខច្បាស់លាស់ នៃចំនួនជនជាតិចិន និងអ្នកវិនិយោគទុនចិន ដែលចូលមករស់នៅ និងធ្វើជំនួញផ្សេងៗនាខេត្តព្រះសីហនុ ទាំងភ្ញៀវទេសចរ និងមកវិនិយោគមានចំនួនប៉ុន្មាននាក់ និងប៉ុន្មានក្រុមហ៊ុនឲ្យពិតប្រាកដទេ ដោយគ្រាន់តែបញ្ជាក់ថា អ្នកវិនិយោគទុនចិន ភាគច្រើន បានប្រកបអាជីវកម្មនៅលើវិស័យឧស្សាហកម្ម និងវិស័យទេសចរណ៍ រួមមាន៖ សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន សេវាដឹកជញ្ជូនតាមផ្លូវអាកាសចេញក្រៅប្រទេសឬទៅប្រទេសចិន និងក្លឹបកម្សាន្តរាត្រីជាដើម៕ ដែន សីមា