ភ្នំពេញ ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ប្រាប់ CEN ថា ពាក់ព័ន្ធការវាយតម្លៃរបស់អង្គការគម្រោងយុត្តិធមពិភពលោក (World Justice Project) ក្នុងស្ថានភាពកូវីដ ដោយបង្ហាញថា កម្ពុជាជាប្រទេសមានកម្រិតនីតិរដ្ឋទាបជាងប្រទេសដទៃ ដូចជាមិនសូវសមមិនស្របទៅនិងស្ថានភាពជាក់ស្តែង ហើយនិងបរិបទអន្តរជាតិ។
ហើយបើមើលទៅលើបណ្តាប្រទេសដទៃមួយចំនួនដែលធ្លាប់រិះគន់កម្ពុជាពាក់ព័ន្ធទៅនិងវិធានការច្បាប់កូវីដ ក៏ប៉ុន្តែទីបញ្ចប់គឺបានអនុវត្តវិធានការទាំងអស់នោះ នៅក្នុងប្រទេសខ្លួនទាំងអស់ ហលយអនុវត្តតឹងរឹងធ្ងន់ធ្ងរជាងកម្ពុជាទៅទៀត ដូចជាការបិទប្រទេស ការបិទខ្ទប់តំបន់ វ៉ាក់សាំងកាតព្វកិច្ចជាដើម…លនិងល ដែលធ្លាប់រិះគន់រដ្ឋាភិបាលកម្ពុជាឥឡូវ គឺយកទៅអនុវត្តនៅក្នុងប្រទេសខ្លួនឯងទៅវិញ។ ហើយការវាយតម្លៃថា កម្ពុជាទាបជាងប្រទេសទាំងអស់នោះដូចជាមិនសមហេតុសមផល។

ឯកឧត្តម ជិន ម៉ាលីន បានបន្តថា ការធ្វើរបាយការណ៍ ការស្រាវជ្រាវអាចមានការទទួលព័ត៌មាន ឬទិន្នន័យខុសពីភាគីតែម្ខាង អាចពីក្រុមសង្គមស៊ីវិល ឬក្រុមដែលមាននិន្នាការប្រឆាំងដែលផ្តល់ព័ត៌មានខុស នាំឲ្យការប្រើប្រាស់វិធីសាស្ត្រ និងការបញ្ចេញលទ្ធផលក៏វាខុសតាមនឹងដែរ។ សូម្បីអ្នករាយការណ៍ពិសេសក៏ទទួលព័ត៌មានខុស ទិន្នន័យខុសពីក្រុមសង្គមស៊ីវលដែលមាននិន្នាការប្រឆាំងពាក់ព័ន្ធនិងទិន្នន័យ តួលេខ នៃការអនុវត្តច្បាប់ ដែលខុសពីទិន្នន័យ តួលេខ ផ្លូវការរបស់រដ្ឋាភិបាលបានបង្ហាញ ដែលនាំឲ្យមានលារលម្អៀងនៅក្នុងការចេញរបាយការណ៍ និងលទ្ធផលនឹងដែរ។ ឧទាហរណ៍ ពាក់ព័ន្ធព័ត៌មានខុស និងព័ត៌មានបំផ្លើសដែលផ្តល់ដោយក្រុមប្រឆាំង និងងសង្គមស៊ីវិលមាននិន្នាការប្រឆាំង ហើយដែលអ្នករាយការណ៍ពិសេសយកទៅប្រើខុស ឧទាហរណ៍ដូចជា ទណ្ឌកម្មដែលមានចែងក្នុងច្បាប់ ដែលគេចោទប្រកាន់ថា ទណ្ឌកម្មយើងធ្ងន់ធ្ងរគ្រាន់តែរំលោភបំពានវិធានការកូវីដមានទោសដល់ ២០ឆ្នាំ ដែលជាព័ត៌មានបំផ្លើសខុសពីការខ្លឹមសារការពិត។ ហើយ ២០ឆ្នាំ ចំពោះបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរពាក់ព័ន្ធដល់ការចម្លងកូវីដ១៩ ដោយចេតនាទៅអ្នកដទៃ នេះជាបទឧក្រិដ្ឋ។ ក៏ប៉ុន្តែក្រីពីនឹងគឺមានប្រភេទទោសរបស់វា ស្ថានភាពបទល្មើសមានការពិន័យជាប្រាក់ អប់រំ ណែនាំ ត្រឡប់ទៅផ្ទះវិញ មានការឃុំខ្លួនរយៈពេលណាទៅតាមស្ថានភាពស្ថានទម្ងន់បច្ច័យប៉ះពាល់ដែលកើតចេញពីបទល្មើស អានឹងជាព័ត៌មានបំភ្លៃបំផ្លើសដែលផ្តល់ដោយក្រុមប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលខុសពីខ្លឹមសារនៃច្បាប់។
ហើយមួយទៀតដែលទទួលព័ត៌មានបំភ្លៃបំផ្លើសដែរគឺថាអ្នករាយការណ៍ពិសេសទទួលព័ត៌មានថា ការឃាត់ខ្លួនមនុស្សមានរហូតដល់ជាង ៧០០នាក់ ហើយតាមពិតមិនមានឃាត់ខ្លួនជាង ៧០០នាក់ គឺភាគច្រើនទទួលនូវការពិន័យជាប្រាក់ និងអប់រំណែនាំឲ្យត្រឡប់ទៅផ្ទះវិញ។ មានតែជាង ១០០នាក់តែប៉ុណ្ណោះដែលបញ្ជូនទៅតុលាការ ហើយនៅក្នុងចំណោមនោះមានតែប្រហែល ៣០នាក់ ដែលបានឃុំខ្លួន ក្រៅពីនេះនៅក្រៅឃុំទាំងអស់។ ហើយនេះជាព័ត៌មានដែលគាត់ទទួលខុសពីក្រុមសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលប្រឆាំងជាមួយរដ្ឋាភិបាល ហើយដែលមិនពិភាក្សាពិគ្រោះយោបល់ជាមួយរាជរដ្ឋាភិបាល ដែលនាំឲ្យលទ្ធផលចេញមកវាខុស និងលម្អៀង។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា “អ្វីដែលចម្លែកគឺថា មិនដឹងជាគេប្រើវិធីសាស្ត្ររបៀបម៉េច ហើយផ្អែកលើមូលដ្ឋានអ្វីខ្លី ដែលប្រទេសមួយចំនួនមានស្ថានភាពនីតិរដ្ឋ ប្រជាធិបតេយ្យ យ៉ាប់យឺនជាងកម្ពុជាផង ក៏ប៉ុន្តែបានលេខរៀងនៅលើកម្ពុជាទៅវិញ ដូចជាប្រទេសខ្លះជាប្រទេសកុម្មុយនីស្ត មិនមានការបោះឆ្នោត មានគណបក្សតែមួយ និងកាន់អំណាចផ្តាច់ការ ប្រទេសខ្លះទៀតដឹកនាំដោយរបបយោធា ប្រទេសខ្លះទៀតគឺមានចម្បាំងកលយុគឡើងកាន់អំណាចដោយកម្លាំងយោធា និងរដ្ឋប្រហារជាដើម ដែលស្ថានភាពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋយ៉ាបយឺនជាងកម្ពុជាឆ្ងាយណាស់ ក៏ប៉ុន្តែបែរជាបានចំណាត់ថ្នាក់ពន្ធុលើកម្ពុជាទៅវិញ។ យើងមិនដឹងថា គេប្រើប្រាស់វិធីសាស្ត្ររបៀបម៉េច ឬក៏ផ្អែកលើមូលដ្ឋានអ្វីខ្លះទេ? ក្នុងការវាយតម្លៃនេះ ក៏ប៉ុន្តែវាអត់ឆ្លើយតបទៅនិងស្ថានភាពពិតជាក់ស្តែងដែលយើងសង្កេតឃើញនាពេលបច្ចុប្បន្ននេះ”។
ឯកឧត្តម ជិន ម៉ាលីន បានបន្តទៀតថា សប្តាហ៍ក្រោយនេះ លោកនឹងជួបផ្ទាល់ជាមួយនាយកថ្នាក់តំបន់ និងក្រុមការងារ World Justice Project ដើម្បីជជែកគ្នាស្វែងយល់ពីក្នា ជាពិសេសអំពីវិធីនៃការសាស្រ្តស្រាវជ្រាវ វិធីសាស្ត្រនៃការដាក់ពិន្ទុ ការប្រមូលរបាយការណ៍ព័ត៌មានថា និងការវាយតម្លៃរបស់ពួកគេថា តើគេប្រមូលមកពីប្រភពណាមក? ធ្វើសំភាសន៍របៀបម៉េច បានជាលទ្ធផលចេញមកវាលម្អៀង ហើយមិនឆ្លើយទៅនិងស្ថានភាពពិតប្រាកដជាក់ស្តែង។ ហើយសង្ឃឹមជំនួបនេះនឹងអាចយល់ពីគ្នាបានច្រើន និងអាចសហការគ្នា និងអាចទទួលបានលទ្ធផលប្រសើរជាងនេះនៅថ្ងៃខាងមុខ។

សូមជម្រាបថា អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានដកពិន្ទុនីតិរដ្ឋកម្ពុជា ២,៣ភាគរយបន្ថែមទៀត សម្រាប់របាយការណ៍របស់ខ្លួនក្នុងឆ្នាំ២០២១នេះ និងរក្សាចំណាត់ថ្នាក់កម្ពុជាជាប្រទេសនីតិរដ្ឋទាបបំផុតលំដាប់ទី២ ក្នុងចំណោមប្រទេស១៣៩ និងលំដាប់ទី១ ក្នុងចំណោមប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប។ ហើយដកពិន្ទុសន្ទស្សន៍នីតិរដ្ឋកម្ពុជា ២,៣ភាគរយ ឬស្មើនឹង 0,០១ពិន្ទុ សម្រាប់ឆ្នាំ២០២១នេះ ដោយថយមកនៅ០,៣២ពិន្ទុ និងរក្សាចំណាត់ថ្នាក់កម្ពុជាឱ្យស្ថិតនៅលេខរៀង១៣៨ ក្នុងចំណោមប្រទេសចំនួន១៣៩ដដែល៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ