ភ្នំពេញ ៖ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានដឹកនាំ កិច្ចប្រជុំកម្រិតខ្ពស់កម្មវិធីសហប្រតិបត្តិការប្រចាំប្រទេស រវាងរាជរដ្ឋាភិបាលកម្ពុជា និងយូនីសេហ្វ (២០១៩-២០៣០) ដោយមានការចូលរួមពីលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោកស្រី Debora Comini តំណាងយូនីសេហ្វ ប្រចាំប្រទេសកម្ពុជា នាសណ្ឋាគារកាំបូឌីយ៉ាណា ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩។
លោក ទេសរដ្ឋមន្ត្រី បានថ្លែងថា ការរៀបចំកិច្ចប្រជុំថ្ងៃនេះ គឺជាកិច្ចប្រជុំដ៏មានសារសំខាន់បន្ទាប់ពីយើងបានធ្វើការកំណត់រួមគ្នានូវបណ្តាអាទិភាពក្នុង ក្របខ័ណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិសម្រាប់គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ២០១៩-២០២៣ រួចមក ហើយកិច្ចប្រជុំនេះ បានបង្កើតភាពភាពជាអ្នកដឹកនាំនិងជាម្ចាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការបង្កើនគណនេយ្យភាពក្នុងការអនុវត្តទៅតាមការសន្យារបស់យើងចំពោះកុមារ និងស្ត្រី ហើយជាពិសេសកុមារ និងស្ត្រីដែលជួបការលំបាកជាងគេ ដែលយើងទាំងអស់គ្នាបានរួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កុមារនិងស្ត្រីកម្ពុជា ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងឱ្យមានសង្គតិភាពជាមួយនឹង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (គ.អ.ច.ក) យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ (RS3) អាទិភាពនានាដែលត្រូវបានកំណត់ក្នុងរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិឆ្នាំ២០១៦ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ក្របខ័ណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ២០១៩-២០២៣ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍តាមវិស័យ និងផ្អែកលើលទ្ធផលនៃការធ្វើបច្ចុប្បន្នភាពនៃការវិភាគស្ថានភាពស្ត្រីនិងកុមារ ហើយកិច្ចប្រជុំនេះ ក៏មានសារសំខាន់ និងជាយុទ្ធសាស្ត្រដោយសារមូលហេតុចំបងពីរគឺ៖
ទី១ ឆ្នាំនេះ គឺជាឆ្នាំចុងក្រោយនៃវដ្តកម្មវិធីនៅពេលបច្ចុប្បន្ន ដូច្នេះ ជាការសំខាន់ដែលយើងត្រូវធ្វើការបង្ហាញពីសមិទ្ធផលដែលសម្រេចបាន កំណត់បញ្ហាប្រឈមដែលត្រូវបន្តដោះស្រាយ និងធ្វើការពិភាក្សាពីកម្មវិធីសហប្រតិបត្តិការដែលយូនីសេហ្វ UNICEF ស្នើឡើងសម្រាប់អនុវត្តរយៈពេល៥ឆ្នាំបន្ទាប់ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ដែលមានសង្គតិភាពជាមួយអាទិភាពរបស់ក្របខ័ណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិសម្រាប់គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ២០១៩-២០២៣ និង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣។ ជាក់ស្តែងមុនពេលរៀបចំកិច្ចប្រជុំនៅថ្ងៃនេះ យូនីសេហ្វ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក៍ដូចជាជាមួយដៃគូរដទៃទៀតបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាច្រើនដង ដើម្បីពិនិត្យនិងពិភាក្សាពីបណ្តាសកម្មភាពនានាដើម្បីដោះស្រាយបញ្ហាប្រឈម ដែលកុមារកំពុងបន្តជួបប្រទះ។ ការងារនេះ រួមមាន ការវិភាគស៊ីជម្រៅនិងការបញ្ជាក់ពីសុពលភាបនៃឯកសារសេចក្តីព្រាងស្តីពីការវិភាគឫសគល់នៃបញ្ហា ទ្រឹស្តីស្តីពីការផ្លាស់ប្តូរ អាទិភាពនិងយុទ្ធសាស្ត្រ សម្រាប់កម្មវិធីប្រចាំប្រទេសបន្ទាប់ ពីក្រសួងស្ថាប័នរដ្ឋាភិបាល។
ទី២ កម្មវិធីសហប្រតិបត្តិការប្រចាំប្រទេស ២០១៩-២០២៣ រវាងរាជរដ្ឋាភិបាលកម្ពុជា និង យូនីសេហ្វ ដែលនឹងត្រូវទទួលបានការឯកភាពនាថ្ងៃនេះ ជាកម្មវិធីដែលបានឆ្លើយតបជាយុទ្ធសាស្ត្រផ្អែកទៅតាមតម្រូវការជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដែលរារាំងដល់លទ្ធភាពក្នុងការទទួលបានសេវាប្រកបដោយគុណភាព ដូចជា សេវាសុខភាព អាហារូបត្ថម្ភ អប់រំ ទឹកស្អាត និងអនាម័យ កិច្ចការពារកុមារ និងកម្មវិធីជំនួយសង្គមសម្រាប់កុមារជាដើម។
លោក ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា “ខ្ញុំមានជំនឿយ៉ាងមុតមាំថា ជាមួយនឹងការបន្តការគាំទ្ររបស់យូនីសេហ្វ ព្រមទាំងការបំពេញបន្ថែមពីដៃគូរអភិវឌ្ឍន៍ដទៃទៀត រាជរដ្ឋាភិបាលកម្ពុជានឹងអាចឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ ស្ត្រី និងបុរស ដែលកំពុងជួបការលំបាកជាងគេនៅក្នុងប្រទេសកម្ពុជាជាមិនខាន”។
នៅទីបញ្ចប់ លោក ទេសរដ្ឋមន្ត្រីក៏បានជូនពរអង្គពិធីទាំងមូល សូមមានសុខភាពល្អ ជាពិសេសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ នឹងចូលមកដល់នៅក្នុងអំឡុងពេលប៉ុន្មានថ្ងៃខាងមុខនេះ សូមឱ្យទេវតាឆ្នាំថ្មីប្រទានពរជ័យជូនដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នូវភាពសុខដុម សុភមង្គលមហាប្រសើរ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត និង សូមឱ្យ កិច្ចប្រជុំកម្រិតខ្ពស់កម្មវិធីសហប្រតិបត្តិការប្រចាំប្រទេស ២០១៩-២០២៣ រវាងរាជរដ្ឋាភិបាលកម្ពុជា និង យូនីសេហ្វ នេះ ប្រព្រឹត្តទៅទទួលបានលទ្ធផលល្អប្រសើរស្របតាមលទ្ធផលដែលបានរំពឹងទុក ។
លោក ទេសរដ្ឋមន្ត្រីក៏បានប្រកាសបើក កិច្ចប្រជុំកម្រិតខ្ពស់កម្មវិធីសហប្រតិបត្តិការប្រចាំប្រទេស ២០១៩-២០២៣ រវាងរាជរដ្ឋាភិបាលកម្ពុជា និង យូនីសេហ្វ ចាប់ពីពេលនេះតទៅ៕ ដោយ ៖ បញ្ញាស័ក្តិ