ភ្នំពេញ ៖ រឿងក្រុមមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ដណ្តើមត្រាបក្សគ្រប់គ្រង គឺតុលាការកំពុងតែដំណើរការ និងស៊ើបអង្កេតតាមនីតិវិធីរបស់ខ្លួន និងបានកោះហៅគូទំនាស់ចូលឆ្លើយបំភ្លឺជាបន្តបន្ទាប់។
បន្ទាប់ពីសាកសួរដើមបណ្តឹងដែលមានក្រុមលោកហេង ចន្ថា លោកសាយ ហាក់ លោកចាប ញ៉ាលីវុធ និងលោកផាន់ សិទ្ធី រួច តុលាការបានចេញដីកាកោះហៅក្រុមលោកឆឹង ចំរើន លោកអាំង សំបូរ និងលោកហេង ហាក់លីម ឲ្យចូលឆ្លើយបំភ្លឺនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។

តុលាការបានចេញដីកាកោះមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ចំនួន ២រូប និងប្រធានការិយាល័យទី៥ នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីសាកសួរពីដំណើររឿងរំលោភអំណាច និងបទប្រើប្រាស់លិខិតក្លែង តាមបណ្តឹងរបស់សហបណ្តឹងលោកហេង ចន្ថា លោកសាយ ហាក់ លោកចាប ញ៉ាលីវុធ និងលោកផាន់ សិទ្ធី។ នេះបើយោងតាមដីកាកោះចេញដោយលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការរអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។
មន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ចំនួន ២រូប និងមន្ត្រីនគរបាលដែលតុលាការចេញដីកាកោះមានដូចជាៈ ១. លោក ឆឹង ចំរើន នាយកព្រះខុទ្ទកាល័យសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ ២. លោកអាំង ចំរើន អគ្គលេខាធិការប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច និងទី៣. លោកហេង ហាក់លីម ប្រធានការិយាល័យទី៥ នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង អគ្គស្នងការដ្ឋាននគរបាលជាតិ។

ចំណែកលោកប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី១៨ ខែតុលា នេះថា “ករណីខាងលើនេះ មិនទាន់ជូនព័ត៌មានបាននៅឡើយទេ ដោយហេតុថា តំណាងអយ្យការកំពុងធ្វើការស៊ើបអង្កេតតាមនីតិវិធីរបស់ខ្លួននៅឡើយ”។
រីឯលោកញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចបានបញ្ជាក់ថា “ពួកគាត់ទាំងបីនាក់នឹងចូលទៅឆ្លើយបំភ្លឺនៅតុលាការ ហើយមានឯកសារគ្រប់គ្រាន់ដើម្បីបង្ហាញបំភ្លឺទៅជូនតុលាការ ដូចជាមិនមានបញ្ហាអ្វីទេ”។
សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះបុត្រា ជាអនុប្រធានគណបក្ស សព្វព្រះហឬទ័យ បើកកិច្ចប្រជុំពិសេសមួយ តាមប្រព័ន្ធវីដេអូ ពីប្រទេសបារាំង ជាមួយថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីព្រះអង្គពិនិត្យ និង សម្រេចការងារមួយចំនួន ៖នៅក្នុងកិច្ចប្រជុំនេះ លោកអាំង សំបូរ អគ្គលេខាធិការប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច បានទទូចស្នើសុំសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ បញ្ចប់តួនាទីអនុប្រធានមួយចំនួន និងបញ្ចប់សមាជិកភាព មានដូចជា :
១. លោកសាយ ហាក់ អនុប្រធានគណបក្ស
២. លោកចាប ញ៉ាលីវុធ អនុប្រធានគណបក្ស
៣. លោកហេងចន្ថា អនុប្រធានគណបក្ស
៤. លោកផាន់ សិទ្ធី អគ្គលេខាធិការរង៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

