ភ្នំពេញ ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងធ្វើជាប្រធានរដ្ឋមន្រ្តីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ ក្នុងកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយជាមួយដៃគូសន្ទនា តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ស្អែកនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ អាស៊ាន-ឥណ្ឌា លើវិស័យវិប្បធម៌ និងសិល្បៈ។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឧត្តមមន្រ្តីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ និងដៃគូសន្ទនាអាស៊ាន នានា រួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូអាស៊ាន-ឥណ្ឌា លើវិស័យវិប្បធម៌និងសិល្បៈ ហើយកិច្ចប្រជុំ ក៏នឹងពិភាក្សាលើសំណើរបស់ភាគីឥណ្ឌាផងដែរ។
ក្នុងរបៀបវារៈនៃកិច្ចប្រជុំ ត្រូវបានមើលឃើញពីចំណុចសំខាន់ៗ ដូចជា ÷
១- ពិនិត្យលើវឌ្ឍនភាពការងារ នៃកិច្ចសហប្រតិបត្តិការអាស៊ាន លើវិស័យវប្បធម៌ និងសិល្បៈ រួមមាន ផែនការយុទ្ធសាស្ត្រអាស៊ាន សម្រាប់វិស័យវប្បធម៌ និងសិល្បៈ ឆ្នាំ២០១៦-២០២៥ , ការលើកស្ទួយសកម្មភាពវប្បធម៌អាស៊ាន ក្នុងបរិបទនៃការរីករាលដាលនៃជំងីកូវីដ-១៩, សៀមរាបទីក្រុងវប្បធម៌អាស៊ាន សម្រាប់ឆ្នាំ២០២០-២០២២ និងបញ្ជីបេតិកភណ្ឌវប្បធម៌អាស៊ាន។

២- អង្គប្រជុំនឹងពិនិត្យលើឯកសារមួយចំនួន រួមមាន សេចក្តីព្រាងសេចក្ដីប្រកាសសៀមរាប ស្តីពីការលើកកម្ពស់ការច្នៃប្រឌិត និងសម្របខ្លួនទៅនឹងសហគមន៍អាស៊ាន ដើម្បីគាំទ្រដល់វប្បធម៌ និងសេដ្ឋកិច្ចច្នៃប្រឌិត , សេចក្តីព្រាងឯកសារទស្សនាទាន ស្តីពីការបង្កើតមជ្ឈមណ្ឌលសម្រាប់វប្បធម៌ និងឧស្សាហកម្មច្នៃប្រឌិត , វេទិកាធុរកិច្ចនវានុវត្តអាស៊ាន , គំនិតផ្ដួចផ្ដើមរបស់កម្ពុជាសម្រាប់សកម្មភាពវប្បធម៌ អាស៊ានឆ្ពោះទៅការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











