Monday, September 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារសំឡេងពិសេសអំពីស្ថានភាពកូវីដ-១៩ បន្ទាប់ពីបុណ្យភ្ជុំបិណ្យ និង ការត្រៀមរៀបចំបើកប្រទេសឡើងវិញ

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារសំឡេងពិសេសអំពីស្ថានភាពកូវីដ-១៩ បន្ទាប់ពីបុណ្យភ្ជុំបិណ្យ និង ការត្រៀមរៀបចំបើកប្រទេសឡើងវិញ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដោយទទូចទៅកាន់ប្រជាពលរដ្ឋមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យទៅចាក់វ៉ាក់សាំងទាំងអស់គ្នា ដើម្បីបានកងការពារសុខភាពពីការយាយីនៃជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញលទ្ធផលនៃការកត់សម្គាល់ថា ក្រោយពេលបុណ្យភ្ជុំបិណ្ឌដែលមានការបើកលំហរសកម្មភាពរបស់ប្រជាពលរដ្ឋនោះ មិនមានផ្ទុះការរីករាតត្បាតជំងឺកូវីដ១៩នោះឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកលទ្ធផលទទួលបាននេះ គឺជាអានុភាព និងជាលទ្ធផលមួយកើតចេញពីការចាក់វ៉ាក់សាំង ដែលកម្ពុជាសម្រេចបានស្ទើរតែ ១០០ភាគរយតាមផែនការ។សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែបង្ហាញការព្រួយបារម្ភចំពោះប្រជាពលរដ្ឋមួយចំនួនដែលមិនទាន់បានចាក់វ៉ាក់សាំងសូម្បីតែមួយដូសនៅឡើយ។ សម្តេចតេជោ បានអំពាវនាវឱ្យពួកគេទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា។

សម្តេចតេជោ បានអំពាវនាវថា សូមអំពាវនាវបងប្អូនទៅចាក់វ៉ាក់សាំង បើមិនទាន់បានចាក់ដូសទី ឬដូសទី២ ត្រូវតែទៅចាក់ដូសទី១ និងដូសទី២។ សូមកុំរារែកជាមួយការចាក់វ៉ាក់សាំង ដែលមកដល់ពេលនេះយើងពុំមានអ្នកចាក់វ៉ាក់សាំងណាម្នាក់ទទួលរងគ្រោះដោយសារតែវ៉ាក់សាំងនោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អាជ្ញាធរឱ្យរៀបចំយកវ៉ាក់សាំងទៅចាក់ជូនប្រជាពលរដ្ឋនៅតាមដំបន់ដាច់ស្រយាល។ សម្តេចតេជោ បានបញ្ជាក់ថា ត្រូវដឹកជញ្ជូន ឬស្ពាយយកវ៉ាក់សាំងទៅចាក់ជូនប្រជាពលរដ្ឋឱ្យដល់តាមខ្នងផ្ទះ សម្រាប់តំបន់ដាច់ស្រយាលនោះ។

សម្តេចតេជោ ក៏បានកោតសរសើរកុមារតូចៗអាយុ ៦ឆ្នាំ ទៅ ១២ឆ្នាំ ដែលបានចូលរួមចាក់វ៉ាក់សាំងក្នុងល្បឿនមួយលឿនជាងគេ ចាក់ក្រោយគេ តែបានចំនួនច្រើនជាងគេ បើធៀបជាមួយមនុស្សពេញវ័យ។ ប្រជាពលរដ្ឋនឹងចូលរួមទាំងអស់គ្នា ដើម្បីកម្ពុជាជម្នះបាននូវការលំបាកបណ្តាលមកពីជំងឺកូវីដ១៩ ដោយអាចឈានទៅកាត់បន្ថយអត្រាឆ្លង និងអត្រាស្លាប់ដោយសារជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការវ៉ាក់សាំងនេះ ជាគន្លឹះដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា មកដល់ពេលនេះកម្ពុជាមានវ៉ាក់សាំងនៅក្នុងឃ្លាំងគ្រប់គ្រាន់សម្រាប់ចាក់ដូសជំរុញជូនប្រជាពលរដ្ឋ។

សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជា នឹងឈានទៅបើកសកម្មភាពសេដ្ឋកិច្ចគ្រប់វិស័យឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ បើស្ថានភាពនៃការរាតត្បាតជំងឺកូវីដ១៩ ស្ថិតក្នុងស្ថានភាពដូចពេលបច្ចុប្បន្ន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ជនរួមជាតិឱ្យជឿទុកចិត្តមន្ទីរពេទ្យនៅតាមបណ្តាខេត្ត ហើយចៀសវាងនូវការបញ្ជូនអ្នកជំងឺកូវីដ១៩ ពីបណ្តាខេត្តមករាជធានីភ្នំពេញ ព្រោះអាចបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ មិនអាចជួយបាន ដោយសារតែការធ្វើដំណើរតាមផ្លូវ និងត្រូវម៉ាស៊ីនត្រជាក់។ប្រសិនបើមានការចាត់បញ្ជូនអ្នកជំងឺពីខេត្តមកកាន់រាជធានីភ្នំពេញ នឹងនាំឱ្យមានគ្រោះថ្នាក់ទៅវិញទេ ខ្ញុំសូមស្នើឱ្យមានការយកចិត្តទុកដាក់។
សម្តេចតេជោ ហ៊ុន សែន សង្កេតឃើញថា មានការបញ្ជូនអ្នកជំងឺកូវីដ១៩ ពីបណ្តាខេត្តមករាជធានីភ្នំពេញ ដែលការបញ្ជូននេះមិនមែនជាការសម្រេចចិត្តរបស់មន្ទីរពេទ្យនោះទេ ប៉ុន្តែជាការបញ្ជូនដោយក្រុមគ្រួសារអ្នកជំងឺ។ សម្តេចបញ្ជាក់ថា ករណីនេះកន្លងទៅបានបង្កឱ្យគ្រោះថ្នាក់ដល់អ្នកជំងឺ ឬកាន់តែធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា យោងតាមការស្រាវជ្រាវរបស់គ្រូពេទ្យ ប្រសិនបើអ្នកជំងឺនេះធ្វើដំណើរឆ្ងាយតាមរថយន្ត ដោយមានម៉ាស៊ីនត្រជាក់ ធ្វើឱ្យអ្នកជំងឺកាន់តែធ្ងន់ទៅវិញ ដែលមកដល់មន្ទីរពេទ្យពិបាកស្រោចស្រង់តែម្តង។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ជនរួមជាតិឱ្យទុកចិត្តមន្ទីរពេទ្យរបស់យើង នៅតាមបណ្តាខេត្តដែលយើងបានខិតខំកសាង ក្នុងរយៈពេលកន្លងទៅ ជាមួយនឹងការពង្រឹងសមត្ថភាពព្យាបាលរបស់មន្ទីរពេទ្យនៅតាមខេត្ត។ ការធ្វើបែបនេះ ដើម្បីចៀសវាងការធ្វើឱ្យកកកុញអ្នកជំងឺនៅតាមមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ។

អ្វីដែលជាបញ្ហាធំជាងគេគឺបញ្ហាការពារអាយុជីវិតអ្នកជំងឺ ដើម្បីកុំឱ្យគ្រោះថ្នាក់ដោយការចាត់បញ្ជូន ដោយមិនមានការទទួលខុសត្រូវច្បាស់លាស់ ហើយធ្វើឱ្យមានគ្រោះថ្នាក់ដល់អ្នកជំងឺនោះវិញ តាមរយៈការបញ្ជូនមករាជធានីភ្នំពេញ ដែលគ្មានាករចាំបាច់ ខណៈដែលខេត្តក៏មានលទ្ធភាពព្យាបាលជំងឺនេះដែរ៕រក្សាសិទ្ធិដោយ ៖ កូលាប

×