ភ្នំពេញ ៖ សមត្ថកិច្ចប៉ូលិសបានរាយការណ៍នៅថ្ងៃទី៩ខែមេសាឆ្នាំ២០១៨នេះដោយស្តីពីករណី រំលោភលើទំនុកចិត្ត (ប្រមូលលុយពីអតិថជនយកលេងល្បែងចាញ់អស់) នៅសិប្បកម្មដែកអ៊ីណុក(ផ្ទះលេខ១៧) ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពី ល្ងាចថ្ងៃទី៨ខែមេសាឆ្នាំ២០១៨។
ប៉ូលិសបញ្ជាក់ថាជនរងគ្រោះឈ្មោះសឿ គឹមសៀ ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ ម្ចាស់សិប្បកម្មដែកអ៊ីណុក ស្នាក់នៅផ្ទះកើតហេតុខាងលើនេះ។
ចំណែកជនសង្ស័យឈ្មោះឡេ យ៉ាំងគើន ភេទ ប្រុស អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករលក់ដែកអ៊ីណុក ស្នាក់នៅផ្ទះកើតហេតុខាងលើនេះដែរ។
ប៉ូលិសបាននិយាយថាកាលពីព្រឹកថ្ងៃទី៨ខែមេសាឆ្នាំ២០១៨ នេះជនរងគ្រោះបានឲ្យជនសង្ស័យខាងលើដែលជាកម្មករលក់ដែកអ៊ីណុកនៅក្នុងសិប្បកម្មខាងលើ ទៅប្រម៉ែប្រមូលលុយពីអតិថិជននៅក្នុងរាជធានីភ្នំពេញ បានចំនួន១៤.៦០០ដុល្លារ រួចជនសង្ស័យបានយកលុយទៅលេងល្បែងអាប៉ោងចាញ់អស់រលីងពីខ្លួនតែម្ដង។ លុះដល់ល្ងាចថ្ងៃដដែល ជនសង្ស័យត្រលប់មកសិប្បកម្មខាងលើវិញ ពេលនោះជនរងគ្រោះក៏ហៅសួរនាំដឹងរឿងហេតុខាងលើ ក៏ធ្វើការឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្ដងទៅនេះក៏ដោយសារញៀននឹងល្បែងអាចោរជើងមួយពោលគឺអាប៉ោង៕ ដោយ៖បញ្ញាស័ក្តិ