សៀមរាប៖ នគរបាលបានបើកកិច្ចប្រតិបត្តិការ៨ម៉ោងកន្លះ ទើបចាប់ជនសង្ស័យក្នុងករណីឃាតកម្មគិតទុកមកធ្វើការ កសាងនីតិវិធីបញ្ជូនទៅផ្ដន្ទាទោសតាមច្បាប់នៅថ្ងៃទី៩ ខែមេសាឆ្នាំ២០១៨។
នគរបាលស្រុកសូទ្រនិគម បានឲ្យដឹងថា “បុរសនេះឈ្មោះ ស៊ន់ ទឹត អយុ៣៦ឆ្នាំ នៅភូមិផ្ការំចេក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មុខរបរកម្មករសំណង់ បានយកកាំបិតចុងស្រួចអោបចាក់សម្លាប់ប្រពន្ធចុងរបស់ខ្លួនចំនួន៥កាំបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។
មូលហេតុ តូចចិត្តនិងប្រពន្ធចុងសុំបែកពីខ្លួន ដោយប្រពន្ធចុងទើបដឹងថាជនសង្ស័យ(ប្ដី)កំពុងមានកូនប្រពន្ធនៅនិងស្រុកកំណើត។ ប្ដី(ជនសង្ស័យ)ក្រោយធ្វើសកម្មភាពរួចបានគេចខ្លួនចូលព្រៃបាត់ដោយឡើងទៅសម្ងំនៅលើចុងចំបក់ធំខ្ពស់១ដើមស្ថិតក្រោយផ្ទះប្រពន្ធដើមពេញ១យប់ ព្រឹកវេលាម៉ោង៥:៣០នាទីភ្លឺព្រាងៗឃើញនគរបាលប្រតិបត្តិការរុករកនៅក្រោមដើមចំបក់នោះមានអារម្មណ៍ស្លុតស្មារតីក៏ញ័រដៃញ័រជើង ធ្លាក់មកចំមុខសមត្ថកិច្ចរហូតសន្លប់មិនដឹងខ្លួន សមត្ថកិច្ចបានជួយដឹកមកសង្គ្រោះនៅមន្ទីពេទ្យឲ្យដឹងខ្លួន ហើយចាប់សួរយកចម្លើយបញ្ជូនទៅធ្វើការផ្ដន្ទាទោសតាមច្បាប់ “។
សូមបញ្ជាក់ថា ថ្ងៃអាទិត្យ ទី៨ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង ២០៖៣០នាទី មានករណីឃាតកម្ម នៅតាមផ្លូវលំ(ជាផ្លូវទៅកន្លែងស្តែនទឹកស្អាតជំនួយអង្គការទស្សនពិភពលោក) ស្ថិតក្នុងភូមិផ្ការំចេក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ក្រោយពីទទួលបានព័ត៌មាន លលកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលស្រុកសូទ្រនិគម បានបញ្ជាកម្លាំងជំនាញចុះទៅពិនិត្យកន្លែងកើតហេតុ ហើយបានបញ្ជាក់ឲ្យដឹងថា៖
ជនរងគ្រោះមានឈ្មោះ ប៉ក់ ឈាន ភេទស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិកំពង់ក្របី ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរជាកម្មករ(ជនរងគ្រោះមានផ្ទៃពោះ៤ខែ)ត្រូវជាប្រពន្ធទីពីររបស់ជនសង្ស័យ ត្រូវជាប្តី បានចាក់សម្លាប់ប្រពន្ធដោយកាំបិតចុងស្រួចចំចុងឆ្អឹងជំនីរ(កណ្ដៀតក្អម) ១កាំបិត បណ្ដាលឲ្យធ្លាយចេញពោះវៀនមកក្រៅ និងដៃឆ្វេង ៣កាំបិត ហើយចំឆ្អឹងស្លាបប្រចៀវ ១កាំបិត បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុភ្លាម។
សមត្ថកិច្ចនគរបាល បានឲ្យដឹងទៀតថា៖ ជនល្មើសមានឈ្មោះ ស៊ន់ ទឹត ភេទប្រុស អាយុ ៣៦ឆ្នាំ ទីលំនៅភូមិផ្ការំចេក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មុខបរកម្មករជនល្មើស និងជនរងគ្រោះ បានគ្នាជាប្តី និងប្រពន្ធចុងនេះរយៈពេល៨ខែហើយ ដោយដើរធ្វើកម្មករជាមួយគ្នារហូត ទើបតែនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ប្តីបានមកផ្ទះប្រពន្ធដើម ឯភូមិផ្ការំចេក លុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ ប្រពន្ធចុងក៏បានមកតាមដល់ភូមិផ្ការំចេក ជាមួយម្តាយបង្កើតដើម្បីសុំយកអត្តសញ្ញាណប័ណ្ណ នៅពេលមកដល់ស្រុកប្តី ទើបដឹងថាប្តីមានប្រពន្ធនៅឯស្រុក ប៉ុន្តែមិនមានឈ្លោះប្រកែកគ្នាអ្វីទេ លុះដល់ព្រឹកឡើងស្រាប់តែប្តីមានគំនិតសម្លាប់ប្រពន្ធនេះតែម្តង ដោយពេលជនរងគ្រោះកំពុងដើរតាមផ្លូវជាមួយម្តាយពុំដឹងខ្លួនក៏បានធ្វើសកម្មភាពចាក់សម្លាប់តែម្តង ហើយក្រោយពេលសម្លាប់រួចជនសង្ស័យបានរត់គេចខ្លួនបាត់។ ក្រោយពីការរត់គេចខ្លួនរបស់ជនសង្ស័យ សមត្ថកិច្ចនគរបាលយើងក៏បានសហការចុះធ្វើការស្រាវជ្រាវរយៈពេល១យប់ កម្លាំងយើងឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យ បានយកមកកាន់អធិការដ្ឋាន ធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តនីតិវិធីបន្ត។
ចំណែកសាកសពកម្លាំងនគរបាលយើង បានប្រគល់ជូនទៅក្រុមគ្រួសារ និងចាត់ចែងឲ្យឡានមន្ទីរពទ្យបង្អែកស្រុកសូទ្រនិគម ដឹកយកទៅដល់ភូមិកំពង់ក្របី ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំផងដែរ៕ ដោយ ៖ បញ្ញាស័ក្តិ