ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា ការស្នើសុំរបស់មេធាវីការពារក្ដីឱ្យលោក កឹម សុខា ឲ្យបញ្ចប់ការឃុំខ្លួនលោកកឹម សុខា គឺមិនអាចទៅរួចទេ ដោយសំណុំរឿងនេះកំពុងតែដំណើរការទៅមុខដល់ដំណាក់កាលនៃការជំនុំជម្រះហើយ ប៉ុន្តែការស្នើសុំវាគឺជាសិទ្ធិរបស់មេធាវី។
ការបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីមេធាវីការពារក្ដីឱ្យលោក កឹម សុខា បានជំរុញជាថ្មីទៀតឱ្យតុលាការពិចារណា ក្នុងការចេញដីកាបញ្ឈប់ជាអចិន្រ្តៃយ៍ នូវដំណើរការនីតិវិធីនៃការឃុំខ្លួនប្រឆាំងនឹងកូនក្ដីរបស់ខ្លួន និងផ្ដល់នីតិសម្បទាសម្រាប់អតីតមេបក្សប្រឆាំងរូបនេះឱ្យបានពេញលេញឡើងវិញ។
ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ប្រាប់ថា ការស្នើសុំរបស់មេធាវីការពារក្ដីឱ្យលោក កឹម សុខា ឱ្យតុលាការពិចារណាក្នុងការចេញដីកាបញ្ឈប់ជាអចិន្រ្តៃយ៍នូវដំណើរការនីតិវិធីនៃការឃុំខ្លួនប្រឆាំងនឹងកូនក្ដីរបស់ខ្លួន និងផ្ដល់នីតិសម្បទាឱ្យបានពេញលេញឡើងវិញ គឺជាសិទ្ធិរបស់មេធាវី ប៉ុន្តែការសម្រេចយ៉ាងណានោះ វាអាស្រ័យទៅលើតុលាការ។ ហើយម៉្យាងវិញទៀតដំណើររឿងនេះ កំពុងតែដំណើរការទៅមុខដល់ដំណាក់កាលនៃការជំនុំជម្រះ ដែលត្រូវបញ្ជាក់ថា តើគាត់ (លោកកឹម សុខា) មានទោស ឬក៏គ្មានទោស ឬបានប្រព្រឹត្តលល្មើស ឬក៏មិនបាន គឺវាឈានដល់ការជំនុំជម្រះហើយ ទៅសម្រេចបញ្ចប់ការឃុំខ្លួនយ៉ាងម៉េចកើតជានីតិវិធីច្បាប់។
សូមជម្រាបថា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបិទបញ្ចប់ការស៊ើបសួរសំណុំរឿងលោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស បញ្ជូនទៅជំនុំជម្រះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៍មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។

កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការស៊ើបសួរលើសំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៤២ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលមានជនត្រូវចោទឈ្មោះ កឹម សុខា ភេទប្រុស សញ្ជាតិខ្មែរ កើតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ ត្រូវបានចោទប្រកាន់ពីបទ សន្និដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ ក្រោយពីបានស្រាវជ្រាវ និងស៊ើបសួរចប់សព្វគ្រប់ ចៅក្រមស៊ើបសួរពិនិត្យឃើញថា មានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់លើជនត្រូវចោទឈ្មោះ កឹម សុខា ពីបទ សន្និដ្ឋិភាពជាមួយបរទេស ហើយចៅក្រមស៊ើបសួរបានសម្រេចបិទបញ្ចប់ការស៊ើបសួរនេះ ដោយបញ្ជូនជនត្រូវចោទឈ្មោះ កឹម សុខា ទៅតុលាការជំនុំជម្រះ តាមដីកាបញ្ជូនទៅជំនុំជម្រះលេខ ៦៤០០ «គ» ដ.ដ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។
លោកគី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញលិខិតជូនដំណឹងស្តីពីការបិទការស៊ើបសួរលើសំណុំរឿងលោកកឹម សុខា ដែលដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ សន្និដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៤៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបិទការស៊ើបសួរចាប់ពីពេលនេះតទៅ។ ការសម្រេចបិទការស៊ើបសួរលសំណុំរឿងលោកកឹម សុខា គឺបន្ទាប់ពីដំណើរការនីតិវិធីអស់រយៈពេលជាងពីរឆ្នាំ។ នៅក្នុងសំណុំរឿងនេះ លោកកឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការបានសម្រេចដាក់លោក កឹម សុខា ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល តែបានកែប្រែលក្ខខណ្ឌមួយចំនួន ដែលក្នុងនោះរួមមានលក្ខខណ្ឌនៃការធ្វើដំណើររបស់លោកផងដែរ ពោលគឺលោកអាចធ្វើដំណើរបានគ្រប់ទីកន្លែងទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការសម្រេចនេះ ដោយផ្អែកលើស្ថានភាពសុខភាពនិងកិច្ចសហការល្អរបស់ លោក កឹម សុខា ជាមួយសមត្ថកិច្ចនាពេលកន្លងមក។ ប៉ុន្តែលោកត្រូវហាមឃាត់មិនឱ្យចេញទៅបរទេស មិនឱ្យធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ