Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​៖ អាទិភាព​សំខាន់ៗ​ចំនួន​បី ដែល​រដ្ឋាភិបាល​ជប៉ុន បន្ត​ជួយ​ដល់​កម្ពុជា​

spot_img

​ភ្នំពេញ​៖​លោក តា​រ៉ូ កូ​ណូ (Taro KONO) រដ្ឋមន្ត្រីការបរទេស​ជប៉ុន បាន​គូសបញ្ជាក់​អំពី​អាទិភាព​សំខាន់ៗ​ចំនួន​បី ដែល​រដ្ឋាភិបាល​ជប៉ុន​បន្ត​ជួយ​ដល់​កម្ពុជា គឺ​ប្រពន្ធ​ឡូ​ជី​ស្ទីក (logistic) ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ការពង្រឹង​មុខងារ​សេវា​ទីក្រុង​។​

​នេះ​បើ​តាម​សេចក្តីថ្លែងការណ៍ របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នា​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៨ ។ សេចក្តីថ្លែងការណ៍​បានបញ្ជាក់​ថា កម្ពុជា​និង​ជប៉ុន​បន្ត​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដែល​ផ្តើម​ចេញពី​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​លោក តា​រ៉ូ កូ​ណូ (Taro KONO) រដ្ឋមន្ត្រីការបរទេស​ជប៉ុន នា​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៨ នៅ​វិមាន​សន្តិភាព​។​

​រដ្ឋមន្ត្រីការបរទេស​ជប៉ុន និង​បាន​គូសបញ្ជាក់​ទៀត​ថា ដំណើរ​ទស្សនកិច្ច​នេះ នឹង​រួមចំណែក​ដ៏​សំខាន់ ក្នុង​ការពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​​ពិសេស​ក្នុង​ពេល​ដែល​ប្រទេស​ទាំង​ពីរ កំពុង​ប្រារព្ធ​ខួប​លើក​ទី​៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត ហើយ​ក៏​ស្រប​នឹង​ឱកាស ដ៏​វិសេសវិសាល នៃ​ព្រះរាជដំណើរ​ទស្សនកិច្ច​របស់​ព្រះករុណា​ព្រះមហាក្សត្រ​កម្ពុជា ទៅកាន់​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​ក្នុង​ខួប អនុស្សាវរីយ៍​លើក​ទី​៤ នៃ​ទិវា​អន្តរជាតិ​ព្រះពុទ្ធសាសនា​នៅ​ទីក្រុង​កូប៉េ​។​

​លោក តា​រ៉ូ កូ​ណូ ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការវិវត្ត​ដ៏​ល្អប្រសើរ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ការងា​រ​ផ្លូវការ​របស់​សម្ដេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា នៅ​ប្រទេស​ជប៉ុន ក្នុង​ខែ​សីហា ឆ្នាំ​២០១៧​កន្លងមក ហើយ​និង​ដំណើរ​ទស្សនកិច្ច​ជា​បន្តបន្ទាប់​របស់​ឥស្សរជន​ជាន់ខ្ពស់ របស់​ក្រសួង​ការបរទេស​ជប៉ុន និង​ទីប្រឹក្សា​របស់​នាយក​រដ្ឋមន្ដ្រី​ជប៉ុន មក​កាន់​កម្ពុជា​ថ្មីៗ​នេះ​។​

​លោក​រដ្ឋមន្ដ្រី​ការបរទេស​ជប៉ុន បាន​សម្ដែង​មនោសញ្ចេតនា​រីករាយ ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ជា​លើក​ទី​១​នៅ​កម្ពុជា បន្ទាប់​ពី​ចូល​កាន់​ការងារ ជា​រដ្ឋមន្ដ្រី​ការបរទេស​ហើយ បាន​សម្ដែង​ការចាប់អារម្មណ៍ និង​កោតសរសើរ​យ៉ាង​ខ្លាំង ចំពោះ​ការរីកចម្រើន​លើ​គ្រប់​វិស័យ ដែល​កម្ពុជា​សម្រេចបាន​ដោយ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​១៩៩២ ដែល​លោក​បាន​មក​ធ្វើ​ទស្សនកិច្ច​។​

​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​ជំហរ​របស់​ជប៉ុន ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ ជា​មួយនឹង​កម្ពុជា​បន្ត​ទៅ​ទៀត​។ ក្នុង​ជំនួប​នេះ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ ក៏​បាន​ពិភាក្សា​គ្នា លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី ក្រប​ខណ្ឌ​មេគង្គ​-​ជប៉ុន ក្រប​ខណ្ឌ​អាស៊ាន​-​ជប៉ុន ព្រម​ទាំង​ក្របខណ្ឌ​អន្តរជាតិ​។​

​ក្នុង​ក្របខ័ណ្ឌ​ទំនាក់ទំនង​ទ្វេភាគី លោក​ទេសរដ្ឋមន្ដ្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​មិត្តភាព​ដ៏​យូរលង់ និង​ភាព​ជា​ដៃគូ​សហ​ប្រតិបត្តិការ​ដ៏​រឹងមាំ រវាង​កម្ពុជា​-​ជប៉ុន ព្រមទាំង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ជំនួយ​ដែល​ជប៉ុន​បាន​ផ្ដល់​មក​កាន់​កម្ពុជា ក្នុង​ដំណើរការ​ស្វែងរក​សន្តិ​ភាព​នៅ​កម្ពុជា ក៏​ដូចជា​ក្នុង​ដំណើរការ​ស្ដារ និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឡើងវិញ ពិសេស​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម អភិបាលកិច្ច​ល្អ និង​រចនាសម្ព័ន្ធ​រូបវ័ន្ត ដ៏​ច្រើន​លើសលប់​នៅ​កម្ពុជា​។​

​រដ្ឋមន្ត្រីការបរទេស​ជប៉ុន បាន​គូសបញ្ជាក់ថា ជប៉ុន​បាន​ចាត់​តុ​ក​ការរីកចម្រើន​នៅ​កម្ពុជា មាន​សារសំខាន់​ណាស់ ដោយសារ​កម្ពុជា​មាន​ទី​តាំង​ជា​យុទ្ធសាស្ត្រ​នៅក្នុង​តំបន់​មេគង្គ និង​បាន​គូសបញ្ជាក់​ពី​ជំហរ​របស់​រដ្ឋាភិបាល​ជប៉ុន​ក្នុង​ការបន្ត​ជួយ​ដល់​កម្ពុជា ដើម្បី​ឲ្យ​កម្ពុជា​សម្រេចបា​ន​នូវ​គោលដៅ​ប្រែ​ក្លាយទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×