Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថវិកា​ជាង​៥៥​លាន​ដុល្លារ សម្រាប់​កម្មវិធី​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍ និង​របេង​នៅ​កម្ពុជា ឆ្នាំ​២០១៨ ដល់ ២០២០

​ភ្នំពេញ​ ៖ លោក​បណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួមជាមួយ​លោក ម៉ាក អេ​ឌី​ង​តុ​ន (Mark Edington) នាយក​ផ្នែក​គ្រប់គ្រង​ថវិកា​ហិរញ្ញប្បទាន​ឥត​សំណង​នៃ​មូលនិធិ​សកល បាន​អញ្ជើញ​ចូលរួម ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ “​កម្មវិធី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺអេដស៍ និង​របេង​នៅ​កម្ពុជា​” នា​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​លោក​បណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងថា មូលនិធិ​សកល គឺជា​ដៃគូ​ដ៏​សំខាន់​បំផុត​របស់​យើង ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺអេដស៍ របេង និង​គ្រុនចាញ់ ដែល​បាន​រួមចំណែក​ដ៏​ច្រើន ដល់​កម្ពុជា ដើម្បី​សម្រេចបាន​នូវ​សមិទ្ធកម្ម​គួរ​ជាទី​មោទនៈ ក្នុង​ការកាត់បន្ថយ​ចំនួន​គ្រោះថ្នាក់​ពី​ជំងឺ​ទាំងនេះ​។ ហិរញ្ញប្បទាន​ឥត​សំណង​ថ្មី​ចំនួន​ប្រមាណ ៥៥,៤​លាន​ដុល្លារ​អាមេរិក​នេះ គឺជា​ជំហាន​ដ៏​ធំ​មួយ នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​យើង និង​ពិភពលោក​ទាំងមូល ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺអេដស៍ និង​របេង​។ ជំនួយ​ឥត​សំណង​នេះ បាន​វិភាជន៍​ថវិកា​ចំនួន​៤១​លាន​ដុល្លារ​អាមេរិក សម្រាប់​ការងារ​ប្រយុទ្ធប្រឆាំង ជំងឺអេដស៍ និង​ថវិកា​ចំនួន​ប្រមាណ​១៣​លាន​ដុល្លារ​អាមេរិក​ផ្សេងទៀត សម្រាប់​ការងារ​ប្រយុទ្ធ នឹង​ជំងឺរបេង ដែល​នឹង​ជួយ​យើង​ឱ្យ​សម្រេចបាន​នូវ​វឌ្ឍនភាព​ថ្មីៗ​ទៀត សម្រាប់​រយៈពេល​ពី​ឆ្នាំ ២០១៨ ដល់ ២០២០ ស្រប​តាម​ចក្ខុវិស័យ​ប្រកបដោយ​មហិច្ឆតា​នៃ​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល ២០១៦-២០២០ គឺ “​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​មាន​សុខភាព និង​សុខុមាលភាព​កាន់តែ​ល្អប្រសើរ​ឡើង ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម កិច្ច​ប្រកបដោយ​ចីរភាព​”​។​

​លោក​បណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បាន​គូសបញ្ជាក់​បន្ថែមទៀតថា នេះ​គឺជា​គម្រោង​ទី​១​ហើយ ដែល​មូលនិធិ​សកល បាន​ឯកភាព​ទទួលយក​ប្រព័ន្ធ​ប្រទេស (Country System) សម្រាប់​អនុវត្តន៍​គម្រោង​។ ការដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ប្រទេស​នេះ មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​អនុវត្ត​គម្រោង និង​ពង្រឹង​សមត្ថភាព ទទួលខុសត្រូវ របស់​ក្រសួង​-​ស្ថាប័ន អនុវត្ត​គម្រោង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​សក្ខីភាព​បង្ហាញ អំពី​ជំនឿ​ទុកចិត្ត កាន់តែ​រឹងមាំ​ជាង​មុន​របស់​មូលនិធិ​សកល ចំពោះ​សមត្ថភាព​និង​ភាព​ជា​ម្ចាស់​របស់​រាជរដ្ឋាភិបាល លើ​ការគ្រប់គ្រង គម្រោង​អភិវឌ្ឍន៍​ថែមទៀត​ផង​។ ដូច្នេះ ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​នា​ថ្ងៃនេះ គឺជា​សក្ខីកម្ម នៃ​ភាព​ជា​ដៃគូ​ដ៏​រឹងមាំ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​មូលនិធិ​សកល​។ តាមរយៈ​ការប្តេជ្ញា និង​ឆន្ទៈ​ដ៏​មោះមុត របស់​យើង ក្នុង​ការ​យក​ជ័យជម្នះ លើ​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ទាំងនេះ ក៏​ដូចជា​ការថែរក្សា​ការពារ​នូវ​សុខភាព របស់​បងប្អូន​ប្រជាពលរដ្ឋ យើង​បាន​រួមគ្នា​ខិតខំ​ប្រឹងប្រែង​រៀបចំ និង​ដាក់​ចេញ​នូវ​ចង្កោម​សកម្មភាព​ការងារ និង​យន្តការ​សម្រាប់ អនុវត្ត​នៅក្នុង​ស្មារតី​សហការគ្នា ដែល​ពុំ​ធ្លាប់មាន ពីមុនមក​។ យើង​បាន​រួមគ្នា​បើក​ទំព័រ សករាជ​ថ្មី​នៃ​ភាព​ជា​ដៃគូ និង​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​មូលនិធិ​សកល ក្នុង​ស្មារតី​គោរព​គ្នា​វិញ​ទៅ​មក​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×