ភ្នំពេញ៖ ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានប្រកាសថា នៅប្រទេសកម្ពុជាមិនមែនជាប្រទេសទី១ទេ ដែលមានផ្លូវរថភ្លើង រត់លើផ្លូវថ្នល់នេះ គឺនៅប្រទេសគេលើពិភពលោកមានជាយូរមកហើយ ហើយប្រទេសកម្ពុជាយើងទើបតែមានជាលើកដំបូង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ។
ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ខ្សែរថភ្លើងដឹកអ្នកដំណើរភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅស្ថានីយរថភ្លើងភ្នំពេញ។
ក្នុងឱកាសប្រកាសដាក់ដំណើរការបណ្តោះអាសន្នផ្លូរថភ្លើងនេះ លោកទេសរដ្ឋមន្ត្រី បានបន្តថា ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំនោះ ក្រុមហ៊ុនបានលាបថ្នាំពណ៌លឿង និងពណ៌ខ្មៅ សងខាង និងកណ្តាលពណ៌ខៀវ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋស្រួលចំណាំថា មានផ្លូវរថភ្លើងរត់លើផ្លូវថ្នល់ ដោយសារផ្លូវរថភ្លើងនេះ ជាផ្លូវអាទិភាព ហើយបើគ្មានរថភ្លើងរត់នោះ បងប្អូនប្រជាពលរដ្ឋអាចបើកយានយន្ត លើផ្លូវរថភ្លើងបានតាមសម្រួល។
លោក បានបញ្ជាក់យ៉ាងដូច្នេះថា “ការលាបពណ៌ថ្នាំនៅលើផ្លូវរថភ្លើងនេះអត់មានទេនៅលើពិភពលោក មានតែកម្ពុជាមួយនេះឯង ហើយហេតុអ្វីខ្ញុំស្នើសុំឲ្យក្រុមហ៊ុនលាបថ្នាំ គឺដើម្បីឲ្យបងប្អូនរបស់យើងបានដឹង។ នៅប្រទេសគេ គេឃើញហើយរថភ្លើងរត់លើផ្លូវថ្នល់យូរឆ្នាំមកហើយ ប៉ុន្តែនៅកម្ពុជាយើងមិនដែលឃើញនោះទេ ដូច្នេះខ្ញុំបានស្នើដល់ក្រុមហ៊ុនលាបថ្នាំពណ៌លឿង ពណ៌ខ្មៅនៅសងខាង និងពណ៌ខៀវនៅចំកណ្តាល ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ឃើញថានេះជាផ្លូវរថភ្លើង ដូច្នេះដែលប្រើប្រាស់ផ្លូវនេះសូមមេត្តាប្រុងប្រយ័ត្ន រថភ្លើងបើកកណ្តា រថភ្លើងមិនអាចឈប់ភ្លាមៗបានទេ សូមប្រុងប្រយ័ត្ន “។
ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានថ្លែងថា ក្រុមការងារបានគិតគូរយ៉ាងយកចិត្តទុកដាក់ សព្វបែបយ៉ាងលើសេវារថភ្លើងសាធារណៈនេះ ដើម្បីបម្រើភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលកិច្ចការនេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើជូនប្រជាពលរដ្ឋ ហើយការធ្វើកិច្ចការងារនេះបាន ដោយសារតែប្រទេសមានសុខសន្តិភាព ប៉ុន្តែបើប្រទេសកម្ពុជាគ្មានសុខសន្តិភាពនោះ យើងមិនអាចកសាងប្រទេសយើងបានទេ ។ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសាមគ្គីគ្នា ដើម្បីថែរក្សាសុខសន្តិភាព ទុកឱកាសឲ្យរាជរដ្ឋាភិបាលបានកសាងប្រទេសជាតិមាតុភូមិរបស់យើង ទុកឱកាសឲ្យរាជរដ្ឋាភិបាលទាក់ទាញអ្នកវិនិយោគ មកបណ្តាក់ទុននៅកម្ពុជា ទាក់ទាញភ្ញៀវទេសចរ នាំកសិផលរបស់កម្ពុជាចេញទៅប្រទេស ដើម្បីបង្កើតការងារ ជូនបងប្អូនប្រជាពលរដ្ឋបានធ្វើការងារ។
សម្រាប់ការដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ននេះ អនុញ្ញាតឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរ តាមរថភ្លើងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១០ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។
រថភ្លើងដឹកអ្នកដំណើរនេះ ចំណាយពេលប្រមាណ៣០នាទី ក្នុងការដឹកជញ្ជូនអ្នកដំណើរ ពីស្ថានីយរថភ្លើងភ្នំពេញទៅព្រលានយន្តហោះ និងអាចផ្ទុកអ្នកដំណើររួមទាំងអ្នកអង្គុយ និងអ្នកឈរប្រមាណ១០០នាក់។ នៅក្នុងរថភ្លើងមានដាក់ម៉ាស៊ីនត្រជាក់ ហើយប្រជាពលរដ្ឋដែលរស់នៅ ក្បែរព្រលានយន្តហោះ ហើយចង់ឡើងមករាជធានីភ្នំពេញ ក៏អាចប្រើប្រាស់រថភ្លើងនេះបានដែរ។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា ការដាក់ឲ្យដំណើរផ្លូវដែកថ្មី ចូលព្រលានយន្តហោះនេះ គឺដាក់ឲ្យប្រើប្រាស់រថភ្លើងចំនួន៣គ្រឿង ដែលបញ្ជាទិញពីប្រទេសម៉ិចស៊ិក។ ជាមួយនឹងការដឹកជញ្ជូនថ្មីតាមផ្លូវដែក ក្នុងរាជធានីភ្នំពេញនេះ នឹងជួយសម្រួលដល់អ្នកដំណើរទៅព្រលានយន្តហោះ មិនមានការព្រួយបារម្ភពីបញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ឡើយ។ ក្បាលរថភ្លើងដែលបញ្ជាទិញពីប្រទេសម៉ិចស៊ិក ក៏អាចបើកទៅខេត្តព្រះសីហនុ នៅប៉ោយប៉ែត បានផងដែរ ដោយប្រើល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។
ការដាក់ឲ្យដំណើររថភ្លើងនេះ មិនត្រឹមតែសម្រួលដល់ការធ្វើដំណើរ របស់អ្នកត្រូវឡើងយន្តហោះប៉ុណ្ណោះទេ អ្វីដែលកាន់តែពិសេសទៀតនោះ អ្នកដែលធ្វើដំណើរទាំងអស់ត្រូវ បានត្រួតពិនិត្យទំនិញនៅស្ថានីយរថភ្លើងជាមុន ហើយមិនបាច់ទៅត្រួតពិនិត្យនៅអាកាសយានដ្ឋានទៀតនោះឡើយ។
លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងបានសហការជាមួយអាកាសចរណ៍ស៊ីវិល រៀបចំឲ្យមានបញ្ជរសម្រាប់ត្រួតពិនិត្យទំនិញ របស់អ្នកដំណើរដែលត្រូវឡើងយន្តហោះ ឬ Check In នៅស្ថានីយរថភ្លើងតែម្តង ពោលរាល់អ្នកដំណើរមិនបាច់ចំណាយពេលទៅត្រួតពិនិត្យ ឬ Check In នៅព្រលានយន្តហោះទៀតនោះឡើយ។ ប្រការនេះ នឹងធ្វើឲ្យអ្នកដំណើរកាន់តែងាយស្រួលមួយកម្រិតថែមទៀត៕ ដោយ ៖ បញ្ញាស័ក្តិ