Sunday, January 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សខ្មែររួបរួមជាតិ អបអរសាទរទិវា រំលឹកខួបលើកទី៣០ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស

ភ្នំពេញ ៖ តាងនាមថ្នាក់ដឹកនាំ និងសមាជិកគណបក្សខ្មែររួបរួមជាតិ និងក្នុងនាមលោកញឹក ប៊ុនឆៃ សូមសម្តែងក្តីសោមនស្សសាទរយ៉ាងក្លៀវក្លាបំផុត ចូលរួមរំលឹកខួបគម្រប់៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ដែលជាកិច្ចព្រមព្រៀងដោះស្រាយបញ្ចប់ ដោយសន្តិវិធីនូវទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរ ដែលអូសបន្លាយជាច្រើនឆ្នាំបណ្តាលពីជម្លោះប្រដាប់អាវុធ ធ្វើឲ្យបាត់បង់អាយុជីវិត រងរបួស ពិការ ព្រាត់ប្រាសគ្រួសារ និងធ្វើឲ្យខ្ទេចខ្ទាំទាំងស្រុងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងសេដ្ឋកិច្ច សង្គម វប្បធម៌ អរិយធម៌ មរតក នៃជាតិខ្មែរយើង។

នៅក្នុងលិខិតអបអរសាទរទិវារំលឹកខួបលើកទី៣០ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស លោកញឹក ប៊ុន ឆៃ គណបក្សខ្មែររួបរួមជាតិ បានសម្តែងនូវការដឹងព្រះមហាករុណាទិគុណ កត្តញ្ញុតា ឧទ្ទិសថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ និងថ្វាយចំពោះព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គ ទ្រង់បានចំណាយព្រះកាយពល ព្រះបញ្ញាស្មារតី ប្រកបដោយព្រះឆន្ទៈដ៏មោះមុតដឹកនាំធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីនាំមកវិញ នូវសុខសន្តិភាព បញ្ចប់ជាស្ថាពរជម្លោះប្រដាប់អាវុធរ៉ាំរ៉ៃអូសបន្លាយ និងប្រែក្លាយប្រទេសកម្ពុជាយើងទៅជាកោះសន្តិភាព ប្រកបដោយឯករាជ្យ អធិបតេយ្យ ក្នុងបូរណភាពទឹកដីរបស់ខ្លួន រួចផុតពីការឈ្លានពានកាន់កាប់ នៃកងទ័ពបរទេស ការធ្វើអាណានិគមទម្រង់ថ្មី។

លោកបន្តថា យើងខ្ញុំមានមោទនភាពក្រៃលែង ដែលមានឱកាសបានដង្ហែអង្គសម្តេចឪ សម្តេចតា ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋខ្មែរយើង ដោយមានការចូលរួម ដោយស្មោះត្រង់ពីសំណាក់បងប្អូនជនរួមជាតិពីមជ្ឈដ្ឋាន នានា ក្នុងនោះរួមមាននិស្សិត បញ្ញវន្ត អតីតមន្រ្តីរាជការស៊ីវិល យោធា កសិករ រួបរួមគ្នាបង្កើតបានជាចលនារាជានិយម ដែលមានភក្តីភាពចំពោះអង្គសម្តេចឪ សម្តេចតា ដែលចេះតែរីកចម្រើនធំធាត់ឥតឈប់ឈរ។ ចលនាតស៊ូរាជានិយមនេះទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពនៅគ្រប់ទិសទី ដែលបានស្ថាបនានូវមូលដ្ឋានរឹងមាំ សម្រាប់គាំទ្រនយោបាយអស់ពេលជាងមួយទស្សវត្ស ដែលនៅទីបំផុត បានធ្វើឲ្យមានការយកចិត្តទុកដាក់ខ្លាំងក្លាពីសំណាក់សហគមន៍ជាតិ និងអន្តរជាតិ បើកទំព័រប្រវត្តិសាស្ត្រថ្មីជម្រុញឲ្យមានការជួបចរចាគ្នារវាងភាគីជម្លោះខ្មែរ។ ជំនួបដោយផ្ទាល់រវាងមេដឹកនាំ នៃភាគីជម្លោះខ្មែរ គឺ រវាងសម្តេចព្រះ នរោត្តម សីហនុ និងឯកឧត្តម ហ៊ុន សែន នៅឆ្នាំ ១៩៨៧ នាប្រទេសបារាំង ក្នុងក្រុងហ្វ៊ែរអង់តាដឺន័រ(Fère-en-Tardenois) ជាចំណុចចាប់ផ្តើមវិជ្ជមាននាំទៅរកជំនួបក្រៅផ្លូវការជាច្រើនលើកក្រោមការឧបត្ថម្ភគាំទ្រពីប្រទេសជាច្រើន ជាអាទិ៍បារាំង ឥណ្ឌូណេស៊ី ថៃឡង់ ជប៉ុន ។ល។ ព្រមទាំងប្រទេសពាក់ព័ន្ធនានា ក្រោមការសម្របសម្រួលនិងសង្កេតការណ៍ រហូតដល់មានសន្និសីទអន្តរជាតិនៅប្រទេសបារាំង ដែលបានសម្រេចនូវកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺជាកិច្ចព្រមព្រៀងបញ្ចប់បញ្ហាខ្មែរ ដោយសន្តិវិធី និងគ្រប់ជ្រុងជ្រោយ រួមមានការគិតគូរពីការបោះឆ្នោតជាសកលដោយសេរី និងយុត្តិធម៌រៀបចំ ដោយអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាតិនៅកម្ពុជា អ៊ុនតាក់ (UNTAC) ត្រួតពិនិត្យការដកថយចេញពីកម្ពុជានូវកងទ័ពបរទេស ធានាឯករាជ្យ បូរណភាព អធិបតេយ្យភាពកម្ពុជា ការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច វប្បធម៌ អរិយធម៌ ការធានានូវសិទ្ធិសេរីភាពមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ។ល។

លោកញឹក ប៊ុនឆៃ បានបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ជាសមិទ្ធផលប្រវត្តិសាស្ត្រ ជាមូលដ្ឋាន កសាងនូវទំនុកចិត្តដល់ភាគីជម្លោះ និងបដិបក្ខខ្មែរយើង អាចផ្សះផ្សារជានា និងរួបរួមជាតិឡើងវិញ នាំមកនូវសន្តិភាព ស្ថិរភាព បើកឱកាសសម្រាប់ការអភិវឌ្ឍ ស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សេដ្ឋកិច្ច សង្គម វប្បធម៌ អរិយធម៌ ។ល។ បើពុំមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា មិនអាចមានអ្វីៗដូចសព្វថ្ងៃនេះឡើយ។

ដើម្បីឧត្តមប្រយោជន៍ជាតិ ខ្មែរគ្រប់រូប ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ទាំងអ្នកដែលធ្លាប់បានឆ្លងកាត់សម័យកាលដ៏អាក្រក់បំផុត នៃភ្លើងសង្គ្រាមជាបន្តបន្ទាប់ អ្នកដែលធ្លាប់ទទួលនូវបទពិសោធន៍ នៃការរងទុក្ខលំបាកវេទនាបណ្តាលពីជម្លោះផ្ទៃក្នុង ទាំងយុវជនជំនាន់ក្រោយ គប្បីត្រូវយកចិត្តទុកដាក់ថែរក្សាការពារ សមិទ្ធិផលដ៏ថ្លៃថ្លានេះ ឲ្យស្ថិតស្ថេរគង់វង្សជាអំណឹះតទៅ មិនត្រូវឲ្យមហិច្ឆិតា ការលោភលន់ ផលប្រយោជន៍ ផ្ទាល់ខ្លួន បក្សពួកខ្លួន អូសទាញឲ្យធ្លាក់ចូលក្នុងគន្លងប្រវត្តិសាស្ត្រអាប់អួរនៃជម្លោះរហូតដល់បែកបាក់សាមគ្គីជាតិ នាំនូវភ័យន្តរាយ រហូតដល់ជម្លោះប្រដាប់អាវុធ និងភ្លើងសង្គ្រាមជាដាច់ខាត។

ជាមួយគ្នានេះ លោកញឹក ប៊ុនឆៃ បានសម្តែងនូវការគោរពដឹងគុណដែលគ្មានថ្ងៃបំភ្លេចបានជូនចំពោះ អតីតយុទ្ធមិត្តរួមឧត្តមគតិ ដែលបានបូជាជីវិត និងធ្វើពលីកម្មដ៏ខ្ពង់ខ្ពស់មិនអាចកាត់ថ្លៃបាន ចូលរួមយ៉ាងស្វិតស្វាញតស៊ូរួមរស់ជាមួយគ្នាឆ្លងកាត់ការលំបាកលំបិនឥតគណនា។ សូមឧទ្ទិសកុសលផលបុណ្យ ជូនចំពោះដួងវិញ្ញាណក្ខន្ធ នៃយុទ្ធជន ព្រមទាំងបងប្អូនជនរួមជាតិដែលបានរងគ្រោះពីការគាំទ្រដល់ចលនា រាជានិយមយើងខ្ញុំ។

រយៈពេល៣០ឆ្នាំកន្លងទៅ កម្ពុជា កសាងបានច្បាប់ជាច្រើន ដើម្បីជាមូលដ្ឋានធានាយុត្តិធម៌សង្គម ដែលជាកត្តាចម្បងដ៏សំខាន់ នៃការបញ្ចៀសឈ្នួនកំហឹង និងនាំទៅរកអំពើប្រទូស្តរាយ។ បើយើងនាំគ្នាគោរព និងអនុវត្តតាមច្បាប់ ដោយប្រកាន់ខ្ជាប់ជានីតិរដ្ឋ នោះបញ្ហាទំនាស់ផ្ទៃក្នុងនឹងត្រូវកាត់បន្ថយ នាំឲ្យមានសុខដុម រមណីយសង្គម ធានាស្ថិរភាព សុវត្ថិភាព។
ជាមួយគ្នានេះ លោកញឹក ប៊ុនឆៃ បានធ្វើការអំពាវនាវដល់បងប្អូនជនរួមជាតិជាទីស្នេហា ប្រកាន់ខ្ជាប់នូវស្មារតីជាតិនិយមខ្ពង់ខ្ពស់ រួបរួមគ្នាដង្ហែអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈជាអម្ចាស់ជីវិតតម្កល់លើត្បូង ដែលព្រះអង្គគង់ប្រថាប់ជាព្រះនិម្មិតរូបនៃឯកភាពជាតិ សាមគ្គីជាតិជាតិខ្មែរ។

នៅចុងបញ្ចប់នេះ ទូលព្រះបង្គំ សូមក្រាបបង្គំថ្វាយព្រះស័ព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ និងថ្វាយចំពោះអង្គ សម្តេចម៉ែ ជាទីសក្ការៈ សូមព្រះអង្គទាំងទ្វេ ទ្រង់មានព្រះបរមរាជសុខភាពល្អប្រសើររឹងប៉ឹងមាំមួន ព្រះកាយពលខ្លាំងក្លា ព្រះបញ្ញា ឈ្លាសវាងវៃ និងមានព្រះជន្មយឺនយូរជាងរយព្រះវស្សា គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅប្រជារាស្ត្រ ព្រះអង្គបានជ្រោកកោនតរៀងទៅ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ