ឧត្តរមានជ័យ ៖ បុរសម្នាក់ដែលបើកម៉ូតូល្បឿនលឿន បណ្តាលរអិលលើផ្លូវក្រួស ដួលបោកក្បាលខ្លួនឯងស្លាប់ភ្លាមៗ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ម៉ោង១៩ ត្រង់ចំណុចផ្លូវក្រវ៉ាត់ព្រំដែន ខាងមុខប្រាសាទខ្នា ស្ថិតក្នុង ភូមិត្រពាំងទូង សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សាម យឿង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ ត្រពាំងត្រាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ( មិនពាក់មួកសុបត្ថិភាព) បើកម៉ូតូម៉ាកហុងដាទ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០០៤ ពាក់ស្លាកលេខ កំពង់ធំ ១A.៨៤៩៨ ។ សមត្ថកិច្ចបានបន្តទៀតថា មូលហេតុ ម៉ូតូបើកល្បឿនលឿន រអិលផ្លូវក្រួសដួលបោកក្បាលខ្លួនឯងស្លាប់ ។ ក្រោយពេលកើតហេតុកម្លាំងជំនាញសណ្តាប់ធ្នាប់ក្រុងសំរោង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលបន្សាយរាក់ បានចុះទៅដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យរួចរាល់ បញ្ជាក់ថា ពិតជាបង្កឡើងដោយខ្លួនឯងពិតប្រាកដមែន៕ ដោយ ៖ បញ្ញាស័ក្តិ