ភ្នំពេញ ៖ ឯកឧត្តមផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល និងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើ “សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០”។
សេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ គឺជាការឆ្លុះបញ្ចាំងអំពីលទ្ធផលនៃការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ សេចក្ដីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយគោរពទាំងស្រុង ទាំងកាលវសាន ទាំងខ្លឹមសារតាមមាត្រា៧៨ នៃច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដោយផ្អែកលើការបូកសរុបទិន្នន័យចំណូល និងចំណាយថវិកា ដែលត្រូវបានកត់ត្រាដោយគណនេយ្យករសាធារណៈ និងការផ្ទៀងផ្ទាត់អំពីភាពត្រឹមត្រូវនៃទិន្នន័យទាំងនេះជាមួយអាណាប័កពាក់ព័ន្ធទាំងថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ។ ជាលទ្ធផល សេចក្ដីព្រាងច្បាប់នេះ បង្ហាញពីការសម្រេចបាននូវសមិទ្ធផលការងារសំខាន់ៗក្នុងដការអនុវត្តនយោបាយ និងវិធានការពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចនិងក្របខ័ណ្ឌថវិកាឆ្នាំ២០២០ ដូចខាងក្រោម៖
I. លទ្ធផលនៃការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០
១.ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០២០
សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថាមានកំណើនអវិជ្ជមាន -៣,១% ដោយសារឥទ្ធិពល នៃវិបត្តជំងឺកូវីដ-១៩ ដែលបានបណ្ដាលឱ្យវិស័យជំរុញកំណើនសំខាន់ៗ ទួទលរកផលប៉ះពាល់គួរឱ្យកត់សម្គាល់ ក្នុងនោះរួមមាន អនុវិស័យសណ្ឋាគារនិងភោជនីយដ្ឋាន អនុវិស័យកាតដេរ អនុវិស័យលក់ដុំ លក់រាយ អនុវិស័យសំណង់ និងអចលនទ្រព្យ និងអនុវិស័យដឹកជញ្ជូន។ ដោយឡែក វិស័យកសិកម្មត្រូវបានវាយតម្លៃថា សម្រេចបានកំណើនវិជ្ជមាន ប៉ុន្តែស្ថិតក្នុងអត្រាទាបក្នុងរង្វង់ ០,៥% ខណៈដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅរក្សាបានកំណើនល្អប្រសើរ។ ឈរលើមូលដ្ឋាននេះ ផ.ស.ស. ថ្លៃបច្ចុប្បន្នសម្រាប់ឆ្នាំ២០២០ សម្រេចបានចំនួន ១០៩ ០៦២ ប៊ីលានរៀល ជាហេតុធ្វើឱ្យ ផ.ស.ស. សម្រាប់មនុស្សម្នាក់ ធា្លក់ចុះមកនៅត្រឹម ១ ៦៥៣ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ពី ១ ៧០០០ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។ ទន្ទឹមនេះអតិផរណាមធ្យមបានកើនឡើងក្នុងអត្រា ២,៩% ក្នុងឆ្នាំ២០២០ ពីអត្រា ១,៨% ក្នុងឆ្នាំ២០១៩ ស្របពេលដែលអត្រាប្ដូរប្រាក់ស្ថិតក្នុងកម្រិត ៤ ០៨០រៀល ក្នុងមួយដុល្លារអាមេរិក។
២.លទ្ធផលនៃការអនុវត្ដថវិកាឆ្នាំ២០២០
កាអនុវត្តចំណូលថវិកាឆ្នាំ២០២០
ចំណូលថវិការដ្ឋ (ថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ) ឆ្នាំ២០២០ អនុវត្តបានចំនួន ៣១ ៧៧០ ០៨២,៩ លានរៀល ស្មើនឹង ២៩,១៣% នៃ ផ.ស.ស. គឺទាបជាងច្បាប់ហិរញ្ញវត្ថុ ៦,៣% ដោយក្នុងនោះ ចំណូលក្នុងប្រទេស អនុវត្តបានចំនួន ២៣ ៩២១ ៩៤៨,៣ លានរៀល ស្មើនឹង២១,៩៣% នៃ ផ.ស.ស. គឺទាបជាងច្បាប់ហិរញ្ញវត្ថុ ៩,៧% និងចំណូលមូលធនក្រៅប្រទេស អនុវត្តបានចំនួន ៦ ៨៩៤ ១៣៩,៦ លានរៀល ស្មើនឹង ៦,៣២% នៃ ផ.ស.ស. គឺខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុ ៩,៤%។
ការអនុវត្តចំណាយថវិកាឆ្នាំ២០២០
នៅក្នុងឆ្នាំ២០២០ ចំណាយថវិការដ្ឋ(ថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ ) អនុវត្តបានចំនួន៣២ ៧៣២ ៥២៦,៤ លានរៀល ស្មើនឹង៣០,០១%នៃ ផ.ស.ស. គឺទាបជាងច្បាប់ហិរញ្ញវត្ថុ៤,៤% ក្នុងនោះ ចំណាយចរន្តថវិការដ្ឋ (ថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ) អនុវត្តបានចំនួន ១៩ ២៦៩ ៩៧៦,៦លានរៀល ស្មើនឹង១៧,៦៧% នៃ ផ.ស.ស. គឺទាបជាងច្បាប់ហិរញ្ញវត្ថុ៣,០%។)
តុល្យភាពចំណូល ចំណាយថវិកា
ការអនុវត្តកិច្ចប្រតិបត្តិការចំណូល ចំណាយថវិកាថ្នាក់ជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ សម្រេចបានលទ្ធផល ដូចខាងក្រោម៖
• ចំណូលថវិកាអនុវត្តបានចំនួន២៨ ៥០០ ៣៧២,៥ លានរៀល
• ចំណាយថវិកាអនុវត្តបានចំនួន២៩ ៥០២ ៧៤៦,៥ លានរៀល
• ឱនភាពពីការអនុវត្តថវិកាក្នុងឆ្នាំមានចំនួន (-)១ ០០២ ៣៧៤,០ លានរៀល។
លទ្ធផលទទួលបានពីការរនុវត្តថវិកាឆ្នាំ២០២០ សម្រាប់គាំទ្រអាទិភាពគោលនយោបាយ
- បន្តថែរក្សាឱ្យបានដាច់ខាតនូវសន្តិសុខ ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈ សម្រាប់ការរស់នៅដោយសុខក្សេមក្សាន្តរបស់ប្រជាជន ព្រមទាំងការការពារ ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី មិនឱ្យកម្លាំងណាមកបំពាន និងបំផ្លាញបានឡើយ។
- បន្តធានាអនុវត្តគោលនយោបាយ ដើម្បីជំរុញកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងគោលដៅបែងចែកផ្លែផ្កានៃកំណើន ប្រកបដោយសមធម៌ដល់គ្រប់ស្រទាប់ នៃប្រជាជន។
- បន្តធានានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសារពើពន្ធ ដើម្បីសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចរឹងមាំ ប្រកបដោយបរិយាបន្ន និងចីរភាព ក្នុងបរិការណ៍នៃភាពមិនច្បាស់លាស់ និងហានិភ័យជាយថាហេតុ ព្រមទាំងធានាបាននូវអត្រាអតិផរណាដែលអាចគ្រប់គ្រងបាន និងស្ថិរភាពអត្រាប្តូរប្រាក់។
- បន្តគាំទ្រដល់ការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងការកែទម្រង់វិស័យកងកម្លាំងប្រដាប់អាវុធ ព្រមទាំងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
- បន្តជំរុញការអនុវត្តយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ ដែលរួមមាន ការដាក់ឱ្យអនុវត្តសាកល្បងនូវក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២០-២០២២ និងក្របខ័ណ្ឌថវិកាយៈពេលមធ្យមឆ្នាំ២០២០-២០២២ ។
- បន្តជំរុញការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣។
- ដាក់ឱ្យអនុវត្តក្របខ័ណ្ឌចំណាយអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាព ទាំងក្នុងកម្រិតវិភាជ និងទាំងកម្រិតប្រតិបត្តិការ និងបច្ចេកទេស ក្នុងបរិការណ៍នៃការកើនឡើង នូវភាពមិនច្បាស់លាស់ និងហានិភ័យ មកលើសេដ្ឋកិច្ចកម្ពុជា។
- បន្តគិតគូរលើការដំឡើង ប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិលក្នុងកម្រិតសមស្រប ដោយផ្អែកទៅលើសមិទ្ធកម្ម ឬ គុណាធិបតេយ្យ ដើម្បីបន្តពង្រឹងសមត្ថភាពស្ថាប័ន និងអភិបាលកិច្ច ក្នុងគោលដៅធានាប្រសិទ្ធភាព ស័ក្តិសិទ្ធភាព គណនេយ្យភាព និងតម្លាភាពនៃការផ្ដល់សេវាសាធារណៈ។
- បន្តអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ មានជាអាទីការថែទាំសុខភាពមន្ត្រីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន របបថែទាំសុខភាព សម្រាប់កម្មករ និយោជិត និងរបបឧបត្ថម្ភមាតុភាពសម្រាប់កម្មការិនី ព្រមទាំងរបបសន្តិសុខ ផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈជាដើម។
- បន្តអនុវត្តដោយម៉ត់ចត់ នូវយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣។
- បន្តគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ និងយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥។
- ពន្លឿនការអនុវត្តឱ្យបានខ្លាំងក្លានូវវិធានការ នៃគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ តាមរយៈការគាំទ្រការអភិវឌ្ឍវិស័យឯកជន និងការបង្កើនវិនិយោគសាធារណៈលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយផ្តោតលើការតភ្ជាប់ ក្នុងវិស័យដឹកជញ្ជូន និងវិស័យ
ថាមពល ក៏ដូចជាការតភ្ជាប់ក្នុងវិស័យឌីជីថល ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ ពិសេសការបន្តកាត់បន្ថយថ្លៃអគ្គិសនី។ - បន្តជំរុញការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបន្តលើកកម្ពស់គុណភាព នៃការអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ទាំងកម្រិតទាប មធ្យម និងខ្ពស់ដើម្បីផ្គត់ផ្គត់ពលករជំនាញ ប្រកបដោយផលិតភាពខ្ពស់ ស្របតាមតម្រូវការទីផ្សារ។
- បន្តលើកកម្ពស់សេវាសុខាភិបាល តាមរយៈការបង្កើនការវិនិយោគបន្ថែម ពិសេសលើអគារ មន្ទីរពេទ្យ សម្ភារបរិក្ខារ និងសមត្ថភាពមន្រ្តីសុខាភិបាល។
- បន្តជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដោយផ្តោតលើផលិតភាព ពិពិធកម្ម ការកែច្នៃកសិផល និងពាណិជ្ជូបនីយកម្ម។
ចំណាយថវិកានេះត្រូវបានប្រើប្រាស់សម្រាប់គាំទ្រកម្មវិធី និងសកម្មភាពសំខាន់ៗក្នុងវិស័យកសិកម្ម រួមមាន៖ (១)-បានបន្តគាំទ្រដល់កម្មវិធីបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជួបនីយកម្មកសិកម្ម (២)-បានបន្តគាំទ្រដល់កម្មវិធីជំរុញផលិតកម្មសត្វ និងសុខភាពសត្វ(៣)-បានបន្តគាំទ្រដល់កម្មវិធីការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព ដោយផ្តល់ទម្ងន់លើការការពារអភិរក្សធនធានជលផល និងជំរុញវារីវប្បកម្ម (៣)-បានបន្តគាំទ្រដល់កម្មវិធីគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃប្រកបដោយនិរន្តរភាព ដោយបន្ថយកចិត្តទុកដាក់លើការការពារអភិរក្ស ការបង្កើនការចូលរួមពីសហគមន៍ និងការស្តារព្រៃឈើឡើងវិញ និង(៤)-បានបន្តគាំទ្រដល់កម្មវិធីពង្រឹងស្ថាប័ន និងបង្កើនប្រសិទ្ធភាពសេវាគាំទ្រទូទៅក្នុងការសម្របសម្រួលការងារក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ព្រមទាំងការលើកកម្ពស់ធនធានមនុស្ស។ - គាំទ្រដល់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ឱ្យទទួលបានជោគជ័យតាមការគ្រោងទុក។
II. ការវាយតម្លៃលទ្ធផល នៃការអនុវត្តថវិកាឆ្នាំ២០២០
ក្នុងបរិការណ៍នៃការប្រយុទ្ធនឹងវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការចំនួន៦ជុំ ក្នុងគោលដៅមិនត្រឹមតែជួយទ្រទ្រង់ដល់មូលដ្ឋាននៃកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យនៅតែមានលំនឹង និងធន់នឹងវិបត្តិប៉ុណ្ណោះទេ តែថែមទាំងសំដៅជួយទប់ទល់ និងកាត់បន្ថយនូវផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងបញ្ហាប្រឈមផ្សេងៗទៀត មកលើសេដ្ឋកិច្ច និងសង្គមកម្ពុជា ផងដែរ ពិសេសវិធានការទាំងនេះបានជួយស្រោចស្រង់ និងរក្សាលំនឹងធុរកិច្ច និងអាជីវកម្ម ក្នុងវិស័យសំខាន់ៗដែលទទួលរងផលប៉ះពាល់ខ្លាំង ដើម្បីជួយធ្វើឱ្យធុរកិច្ច និងអាជីវកម្មទាំងនោះមិនឱ្យដួលរលំ និងនៅតែអាចបន្តអាជីវកម្មរបស់ខ្លួនបាន នៅក្នុងពេលដ៏លំបាកនេះផង ហើយអាចងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចនៅពេលឆ្លងផុតពីវិបត្តិនៃជំងឺកូវីដ-១៩នេះផងដែរ។
១-ផ្នែកចំណូលថវិកា
សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០ ការប្រមូលចំណូលក្នុងប្រទេស សម្រេចបានចំនួន២៣ ៩២ ១៩៤៨,៣លានរៀល ស្មើនឹង៩០,៣%នៃច្បាប់ហិរញ្ញវត្ថុ ឬត្រូវនឹងកំណើនអវិជ្ជមានក្នុងអត្រា -១៤,៣% ធៀបនឹងលទ្ធផលនៃការប្រមូលចំណូល ក្នុងប្រទេសឆ្នាំ២០១៩ ក្នុងនោះចំណូលចរន្តថវិការដ្ឋប្រមូលបានចំនួន២៣ ៥៩៦ ៦៣៥,២លានរៀល ដែលធ្លាក់ចុះ-៣,៤៤ ពិន្ទភាគរយ នៃ ផ.ស.ស. ធៀបនឹងលទ្ធផលក្នុងឆ្នាំ២០១៩ ដោយសារការថមថយនៃសកម្មភាពអាជីវកម្មនានា ដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ ព្រមទាំងការដាក់ចេញនូវគោលនយោបាយអនុគ្រោះ ឬ បន្ធូរបន្ថយពន្ធ។
កំណើនសេដ្ឋកិច្ចជារួមក្នុងឆ្នាំ២០២០ បានជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពប្រមូលចំណូល កម្ពុជាបានគ្រប់គ្រងការគំរាមកំហែងពីជំងឺកូវ៥-១៩ ក្នុងកម្រិតមួយដែលអាចធានាបាននូវស្ថិរភាព និងចីរភាពនៃការអនុវត្តគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ខណៈដែលការប្រមូលចំណូលក្នុងប្រទេសត្រូវបានបន្តលើកកម្ពស់ តាមរយៈការដាក់ចេញ និងអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូល២០១៩-២០២៣ សំដៅឆ្លើយតបទៅនឹងទំហំនៃសេចក្តីត្រូវការផ្នែកចំណាយ។
ក. ការវាយតម្លៃលទ្ធផលនៃការអនុវត្តចំណូលគយនិងរដ្ឋាករ
គោលនយោបាយនិងប្រសិទ្ធភាពនៃការអនុវត្តចំណូលគយនិងរដ្ឋាករ
តាមរយៈការអនុវត្តបានល្អនូវផែនការសកម្មភាព នៃយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ យុទ្ធសាស្ត្រកំណែទម្រង់និងទំនើបកម្មគយ២០១៩-២០២៣ និងផែនការសកម្មភាពប្រចាំឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានធ្វើឱ្យការប្រមូលចំណូល ទទួលបានលទ្ធផលល្អ។ការងារគន្លឹះៗដែលបានអនុវត្តមានដូចជា ការពង្រឹងប្រសិទ្ធភាពការងារបច្ចេកទេសនិងការអនុវត្តនីតិវិធីគយ ការពង្រឹងអនុលោមភាពនិងប្រសិទ្ធភាពការងារបង្ការ និងបង្ក្រាបអំពើត់គេចពន្ធ ការពង្រឹងយន្តការគ្រប់គ្រងហានិភ័យ និងសវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ ការពង្រឹងវប្បធម៌អនុលោមភាពរបស់វិស័យឯកជន ការពង្រីកការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ការអភិវឌ្ឍនិងការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ និងការពង្រឹងអភិបាលកិច្ច
អង្គភាពគយនិងការអភិវឌ្ឍស្ថាប័ន។
ខ. ការវាយតម្លៃលទ្ធផលនៃការអនុវត្តចំណូលពន្ធដារ
គោលនយោបាយនិងប្រសិទ្ធភាពនៃការអនុវត្តចំណូលពន្ធដារ
ការប្រមូលចំណូលពន្ធដារ ត្រូវបានអនុវត្តផ្អែកតាមយុទ្ធសាស្ត្រកៀរគរចំណូល ផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិ២០១៩-២០២៣ របស់អគ្គនាយកដ្ឋានពន្ធដារដោយផ្តោតជាសំខាន់លើ៖
- វិធានការកែលម្អគោលនយោបាយសារពើពន្ធ ដោយ៖ (១)-បានដាក់ចេញប្រកាសស្តីពីពន្ធលើប្រាក់ចំណូល ដើម្បីឆ្លើយតបនឹងការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងដោះស្រាយបញ្ហាប្រឈមនានាដែលវិស័យឯកជនបានជួបប្រទះ (២)-បានដាក់ចេញប្រកាស ស្តីពីការគ្រប់គ្រងបំណុលពន្ធដារ (៣)-បានដាក់ចេញប្រកាស ស្តីពីការអនុវត្តការលើកទឹកចិត្ត ផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព (៤)-បានដាក់ចេញប្រកាស ស្តីពីការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការយកពន្ធត្រួតគ្នា និងបង្ការការគេចវេះពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់ពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន និងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពន្ធត្រួតគ្នា និងការបង្ការការគេចវេះពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលជាមួយប្រទេសម៉ាឡេស៊ី និងសាធារណរដ្ឋកូរ៉េ (៥)-បានដាក់ចេញនូវប្រកាសស្តីពីសេចក្តីណែនាំអនុវត្តការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល ចំពោះសហគ្រាសបោះផ្សាយមូលបត្រលើកដំបូងជាសាធារណៈ និងប្រកាសស្តីពីការណែនាំអនុវត្តការលើកទឹកចិត្តពន្ធកាត់ទុក ដល់អ្នកវិនិយោគមូលបត្រ (៦)-បានដាក់ចេញប្រកាសស្តីពីពន្ធលើចំណេញមូលធន ដើម្បីត្រៀមអនុវត្តនាពេលអនាគត (៧)-បានដាក់ចេញប្រកាស ស្តីពីការណែនាំការអនុវត្តការបង់ពន្ធកាត់ទុកលើការប្រាក់ ចំពោះប្រាក់ដែលខ្ចីក្នុងស្រុកនិងបរទេសរបស់ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (៨)-បានដាក់ចេញប្រកាសស្តីពីការណែនាំអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធលើប្រតិបត្តិការធនធានរ៉ែ (៩)-បានដាក់ចេញប្រកាសស្តីពីការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ (១០)-បានធ្វើការណែនាំអំពីបែបបទ នៃការចុះបញ្ជីពន្ធដារដែលមានលក្ខណៈសាមញ្ញ និងច្បាស់លាស់ចំពោះសកម្មភាពអាជីវកម្មដែលមិនមែនជាគោលដើមសុទ្ធសាធរបស់អង្គការសមាគម និង(១១)-បានអនុវត្តគោលនយោបាយលើកទឹកចិត្ត និងវិធានការអន្តរាគមន៍ពាក់ព័ន្ធនឹងពន្ធដារដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលដល់វិស័យដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ សំដៅទ្រទ្រង់ និងស្តារអាជីវកម្មនិងធុរកិច្ចឱ្យងើបឡើងវិញ។
- វិធានការពង្រឹងរដ្ឋបាលសារពើពន្ធសំខាន់ៗ ក្នុងការប្រមូលចំណូលពន្ធដារដោយ៖ (១)-បានដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធតាមអនឡាញ ដែលមានលក្ខណៈពេញលេញ ដោយភ្ជាប់ជាមួយមុខងារទូទាត់ប្រាក់ពន្ធតាមរយៈប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធធនាគារ (២)-បានធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធតាមអនឡាញ ដោយធ្វើសន្ធានកម្មបញ្ចូលនូវមុខងារ នៃប្រព័ន្ធគ្រប់គ្រងការបង្វិលសងអាករលើតម្លៃបន្ថែម (៣)-បានចូលរួមក្នុងការរៀបចំ និងដាក់ឱ្យអនុវត្តនូវយន្តការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (៤)-បានពង្រឹងយន្តការចុះបញ្ជីពន្ធដារ តាមរយៈការដាក់ចេញប្រកាសស្តីពីការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ(៥)-បានរៀបចំ និងអនុវត្តប្រកាសអន្តរក្រសួងលេខ២៦៤ ប្រក.សក.ដជគ ស្តីពីបែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានយន្ត រវាងក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្តល់នូវយន្តការផ្តល់សេវាបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះ ដោយផ្តល់ជម្រើសបន្ថែមជូនប្រជាពលរដ្ឋអាចដាក់ពាក្យ និងបង់ប្រាក់ពន្ធតាមប្រព័ន្ធអនឡាញ(៦)-បានចូលរួមសហការជាមួយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងបានដាក់ឱ្យប្រើប្រាស់ សាកល្បងនូវប្រព័ន្ធស្វ័យប្រវត្តិកម្ម ចែករំលែកទិន្នន័យព័ត៌មាន រវាងអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (៧)-បានចូលរួមចំណែកអនុវត្តដោយជោគជ័យ និងប្រសិទ្ធភាពសម្រាប់ផែនការឆ្នាំ២០២០ ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣និងកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល និង(៨)-បានបន្តធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានរបស់ អគ្គនាយកដ្ឋានពន្ធដារ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពក្នុងការផ្ដល់សេវាជូនអ្នកជាប់ពន្ធ។
- វិធានការអភិបាលកិច្ចល្អ ក្នុងការប្រមូលចំណូលពន្ធដារ ដោយ (១)-បានដាក់ចេញ និងវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការប្រតិបត្តិធនធានមនុស្សឆ្នាំ២០២០ និងផែនការសកម្មភាពឆ្នាំ២០២០ របស់គណៈកម្មការគ្រប់គ្រង កម្មវិធីកំណែទម្រង់ផ្នែកធនធានមនុស្ស ស្របតាមផែនការយុទ្ធសាស្ត្រធនធានមនុស្ស២០១៩-២០២៣(២)-បានដាក់ឱ្យអនុវត្តសាកល្បងតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ គោលការណ៍កំណត់ចំណាត់ថ្នាក់ នៃកម្រិតប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងការទទួលខុសត្រូវរបស់ប្រធានអង្គភាព (៣)-បានដាក់ឱ្យអនុវត្តគោលការណ៍ ស្តីពីការគ្រប់គ្រងការចាត់ចែងចំនួនមន្ត្រីស្របតាមជំនាញ ទំហំ និងតម្រូវការជាក់ស្តែង នៃការងាររបស់អង្គភាពពន្ធដារ (៤)-បានរៀបចំនិយាមនីតិវិធីប្រតិបត្តិរបស់ នាយកដ្ឋានសវនកម្មសហគ្រាស និងបន្តរៀបចំនិយាមនីតិវិធីប្រតិបត្តិរបស់សាខាពន្ធដារខេត្ត ខណ្ឌ និងនាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ(៥)-បានបញ្ចប់ការអនុវត្តកម្មវិធីបណ្តុះបណ្តាលរបស់ អគ្គនាយកដ្ឋានពន្ធដារសម្រាប់ឆ្នាំ២០២០ ស្របតាមផែនការបណ្តុះបណ្តាលឆ្នាំ២០១៩-២០២៣ ដែលក្នុងនោះមានការបណ្តុះបណ្តាលជូនមន្ត្រីពន្ធដារ៧៧លើក មានមន្ត្រីចូលរួម ៥ ៧៨២នាក់ និង(៦)-បានរៀបចំផែនការយុទ្ធសាស្ត្ររបស់សាលាជាតិពន្ធដារ ២០១៩-២០២៣ និងផែនការយុទ្ធសាស្ត្រស្តីពីការជំរុញវប្បធម៌ និងបង្កើនឱកាសសម្រាប់មន្ត្រីរាជការ ពន្ធដារជាស្ត្រី ក្នុងការឡើងកាន់តំណែងជាថ្នាក់ដឹកនាំនៅក្នុងអង្គភាពពន្ធដារ។
គ.ការវាយតម្លៃលទ្ធផលនៃការអនុវត្តចំណូលមិនមែនសារពើពន្ធ
គោលនយោបាយនិងប្រសិទ្ធភាពនៃការអនុវត្តចំណូលមិនមែនសារពើពន្ធ
វិធានការសំខាន់ៗដែលត្រូវបានអនុវត្តក្នុងឆ្នាំ២០២០ មានដូចជា៖ (១)-ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមរយៈការដាក់ឱ្យអនុវត្តប្រព័ន្ធ
បច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ នៅតាមក្រសួងស្ថាប័នចំនួន២៣ ព្រមទាំងមន្ទីរជំនាញ និងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រង បញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋដំណាក់កាលទី ១ (២)-ការរៀបចំច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ និងការជំរុញរៀបចំនិងពង្រឹងអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ឱ្យមានប្រសិទ្ធភាព (៣)-ការពង្រឹងកិច្ចសហការនិងសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលមានភារកិច្ចប្រមូលចំណូល (៤)-ការជំរុញការប្រើបង្កាន់ដៃបង់ប្រាក់ ជំរុញឱ្យមានការបង់ប្រាក់គ្រប់ចំនួន និងទាន់ពេលវេលា ចូលក្នុងគណនីទោលរតនាគារ និងជំរុញការបង់ប្រាក់តាមប្រព័ន្ធធនាគារ ជាដើម(៥)-ការពង្រឹងសមត្ថភាពមន្ត្រី និងសមត្ថភាពស្ថាប័នក្នុងការអនុវត្តការងារ (៦)-ការជំរុញការអនុវត្តប្រកាសរួម ស្តីពីការផ្តល់សេវាសាធារណៈ និងលើកកម្ពស់គុណភាពនៃការផ្ដល់សេវាទាំងនោះនៅតាមក្រសួង ស្ថាប័ន និងអង្គភាពនៃរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ(៧)-ការរៀបចំច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា (៨)-បង្ក្រាបនិងទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមរយៈគណៈកម្មការចម្រុះ ដោយសហការជាមួយក្រសួងមហាផ្ទៃ និងអាជ្ញាធរដែនដី និង(៩)-ការធ្វើអធិការកិច្ច និងសវនកម្មផ្ទៃក្នុងលើការប្រមូលចំណូលមិនមែនសារពើពន្ធ និងកិច្ចសន្យាពាក់ព័ន្ធនឹងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ។
២-ផ្នែកចំណាយថវិកា
ការវាយតម្លៃលទ្ធផលនៃការអនុវត្តចំណាយថវិកា
គោលនយោបាយនិងប្រសិទ្ធភាពនៃការអនុវត្តចំណាយថវិកា
ចំណាយចរន្តសរុបអនុវត្តបាន១៧៣២៣ប៊ីលានរៀល ពោលគឺ៩៦,៥% នៃច្បាប់ហិរញ្ញវត្ថុ ដែល
បណ្តាលមកពីការរឹតបន្ដឹងចំណាយមិនមែនបន្ទុកបុគ្គលិកក្នុងឆ្នាំ២០២០រួមមានការកាត់ចំណាយបេសកកម្មក្រៅប្រទេស និងចំណាយប្រតិបត្តិការមិនសូវចាំបាច់នានា។ ក្នុងនោះ ចំណាយលើបន្ទុកបុគ្គលិកអនុវត្តបាន៩៨,៩% នៃច្បាប់ហិរញ្ញវត្ថុ និងចំណាយក្រៅបន្ទុកបុគ្គលិកអនុវត្តបាន៩១,១% នៃច្បាប់ហិរញ្ញវត្ថុ។ ម៉្យាងវិញទៀត ចំណាយមូលធនសរុបអនុវត្តបាន១២ ៧៩៣ប៊ីលានរៀល ឬ ៩៤,៦% នៃច្បាប់ហិរញ្ញវត្ថុ។
ជាការឆ្លើយតបនឹងវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០ រាជរដ្ឋាភិបាលបានធ្វើវិចារណកម្មថវិកា និងបង្វែរធនធានទៅដោះស្រាយការងារអាទិភាពចំនួន៤ រួមមាន៖ (១)-ប្រយុទ្ធប្រឆាំងនឹងជំងឺ ភូរីដ-១៩ (២)-រក្សាលំនឹងជីវភាពប្រជាជនក្នុងកម្រិតអប្បបរមាមួយ(មិនឱ្យអត់បាយ)ជាពិសេសសម្រាប់ប្រជាជនក្រីក្រ និងអ្នកបាត់បង់ការងារ (៣)-ខិតខំជួយឱ្យអស់លទ្ធភាពដើម្បីឱ្យធុរកិច្ចនិងអាជីវកម្មអាចរស់បាន និង (៤)-រក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម។ រាជរដ្ឋាភិបាលក៏បានអនុវត្តកញ្ចប់អន្តរាគមន៍សម្រាប់ដោះស្រាយវិបត្តិនៃជំងឺកូវីដ-១៩ ផងដែរ ចំនួន៣ ៤០០ ២៤៥លានរៀល លើវិធានការសំខាន់ៗរួមមាន ការអនុវត្តផែនការមេសុខាភិបាល កម្មវិធីឧបត្ថម្ភប្រាក់ឈ្នួល និងការបណ្តុះបណ្តាលសម្រាប់និយោជិតដែលបានព្យួរការងារ កម្មវិធីសាច់ប្រាក់ពលកម្ម កម្មវិធីផ្ទេរសាច់ប្រាក់ការផ្ដល់ហិរញ្ញប្បទានតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យម និងការបង្កើតសាជីវកម្មធានាឥណទានកម្ពុជា។
ការធ្វើនិយ័តភាវូបនីយកម្ម ចំណាយថវិកាបន្ថែមដល់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ដែលត្រូវបានអនុញ្ញាតដោយច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០២១ សម្រេចលទ្ធផលដូចតទៅ៖ (១)-ផ្ដល់ជូនធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មចំនួន៣២៧ ៤០០លានរៀល (ក្នុងនោះចំនួន២០៥ ០០០ លានរៀល សម្រាប់គាំទ្រដល់សិប្បកម្មសហគ្រាសធុនតូចនិងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម និងចំនួន១២២ ៤០០លានរៀល សម្រាប់ផ្តល់ឥណទាន ដល់រោងម៉ាស៊ីនកិនស្រូវដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ ក្នុងរដូវប្រមូលផលធំចុងឆ្នាំ២០២០) (២)-ផ្ដល់ជូនក្រសួងសុខាភិបាលចំនួន១២១ ៩៨០លានរៀល សម្រាប់ឧបត្ថម្ភធនដល់មន្ទីរពេទ្យកាល់ម៉ែត
ដើម្បីអនុវត្តគម្រោងសាងសង់អគារមជ្ឈមណ្ឌលពហុឯកទេស (៣)-ផ្តល់ទុនដល់សាជីវកម្មធានាឥណទាន កម្ពុជាចំនួន៨១០ ០០០លានរៀល និង(៤)-ហិរញ្ញប្បទានពីអតិរេក របស់រដ្ឋបាល ឃុំ សង្កាត់ចំនួន១៤០ ០៦៩,២លានរៀល ដើម្បីប្រើប្រាស់សម្រាប់ហិរញ្ញប្បទានដល់ចំណាយអភិវឌ្ឍមូលដ្ឋាន។
ជារួម ផ្អែកលើលទ្ធផលនៃការអនុវត្តចំណាយតាមផែនការដែលបានគ្រោងទុក និងប្រកបដោយប្រសិទ្ធភាពខ្ពស់នេះ រាជរដ្ឋាភិបាលសម្រេចបានគោលដៅ និងសមិទ្ធកម្មដែលកើតចេញពីការអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល រួមមាន៖ (១)-ការរក្សាលំនឹងសេដ្ឋកិច្ច និងសង្គមក្នុងបរិការណ៍កូវីដ-១៩ (២)-ការអភិវឌ្ឍធនធានមនុស្សកាន់តែមានគុណភាពខ្ពស់(៣)-ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត (៤)-ការអភិវឌ្ឍនិងបង្កើនតម្លៃបន្ថែមនៃវិស័យកសិកម្ម(៥)-ការលើកកម្ពស់គុណភាពសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ (៦)-ការកែលម្អប្រព័ន្ធអប់រំឱ្យកាន់តែមានគុណភាពខ្ពស់ (៧)-ការពង្រឹងស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ និង(៨)-ជាពិសេសការជំរុញអនុវត្តកម្មវិធីថ្មីៗនៃគោលនយោបាយ ក្នុងវិស័យសង្គមកិច្ចពាក់ព័ន្ធនឹងការគាំពារសង្គម ដោយឈរលើគោលការណ៍ប្រសិទ្ធភាព ទាំងក្នុងកម្រិតវិភាជន៍ និងទាំងក្នុងកម្រិតប្រតិបត្តិការ និងបច្ចេកទេស។
ការអនុវត្តចំណាយថវិកាជាតិឆ្នាំ២០២០ សម្រេចបាន ៩៥,៨% នៃច្បាប់ហិរញ្ញវត្ថុ ក្នុងនោះរាជរដ្ឋាភិបាលសម្រេចបានលទ្ធផលគួរកត់សម្គាល់ដូចខាងក្រោម៖
- ការបង្កើននូវប្រសិទ្ធភាពចំណាយតាមរយៈវិធានការបង្កើនប្រសិទ្ធភាពក្នុងការវិភាជ និងក្នុងការពិនិត្យផ្តល់ធានាចំណាយ ដោយធានាបាននូវចំណាយចំមុខសញ្ញាមានភាពចាំបាច់តម្លៃសមរម្យ បរិមាណត្រឹមត្រូវ គុណភាពសមរម្យ និងទាន់ពេលវេលា។ សរុបថវិកាថ្នាក់ជាតិ នៅរដ្ឋបាលកណ្តាល សន្សំបានចំនួនជាង៤៨ប៊ីលានរៀល ពីការកាត់កងពេលស្នើសុំធានាចំណាយ ក្នុងឆ្នាំ២០២០។ ការសន្សំភាគច្រើននៅក្នុងជំពូក៦០
ការទិញ” មួយចំណែកធំបានមកពីការបន្តសកម្មភាពពង្រឹងប្រសិទ្ធភាពចំណាយ ដោយកាត់បន្ថយថ្លៃលើមុខសញ្ញាចំណាយ ដូចជាប្រេងឥន្ធនៈ ទំនិញ និងសម្ភារផ្សេងៗ និងនៅក្នុងជំពូក៦២
អត្ថប្រយោជន៍សង្គម” ការសន្សំទទួលបានពីការពង្រឹងប្រសិទ្ធភាពចំណាយទិញឱសថជាដើម។ - នៅក្នុងវិស័យរដ្ឋបាលទូទៅ ការអនុវត្តចំណាយថវិកាសម្រេចបាន៩៦,១% នៃច្បាប់ហិរញ្ញវត្ថុ។ ក្រសួង ស្ថាប័ន ដែលអនុវត្តចំណាយថវិកាបានខ្ពស់មានដូចជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុវត្តចំណាយថវិកាបាន១១៦,៥%នៃច្បាប់ហិរញ្ញវត្ថុដោយសារប្រាក់រង្វាន់អនុវត្តលើសពីការគ្រោងទុក។
- នៅក្នុងវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការអនុវត្តចំណាយថវិកាសម្រេចបានល្អ ជារួមគឺ១០៣,០% នៃច្បាប់ហិរញ្ញវត្ថុ ដែលក្នុងនោះក្រសួង
- ការពារជាតិ អនុវត្តចំណាយថវិកា១០២,៩% នៃច្បាប់ហិរញ្ញវត្ថុ ហើយការអនុវត្តលើសនេះ ដោយសារ ទី១. យោធិនមួយចំនួនក្នុងក្របខ័ណ្ឌក្រសួងការពារជាតិ នៅបន្តទទួលប្រាក់បៀវត្សប្រចាំខែ ដោយមិនទាន់បានកាត់ចេញតាមការគ្រោងក្នុងផែនការឆ្នាំ ទី២.ចំណាយថវិកាសម្រាប់ បើករបបគោលនយោបាយជូនជនពិការជាអតីតយុទ្ធជននៃកងទ័ពកម្ពុជាប្រជាធិបតេយ្យ និងអតីតមន្ត្រីស៊ីម៉ាក់ មុននឹងផ្ទេរទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទី៣.ការផ្ដល់ប្រាក់ឧបត្ថម្ភគោលរបបយោធិនប្រភេទ២ មុននឹងផ្ទេរទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទី៤. ការផ្ដល់ប្រាក់អាហារកងទ័ពថ្មីចំនួន ៤ ៩០០នាក់ ដែលមានគោលការណ៍ថ្មី ដោយមិនបានគ្រោងទុក និងទី៥.ប្រាក់អាហារសិក្ខាកាមនៅសហព័ន្ធរុស្សី។ ក្រសួងមហាផ្ទៃផ្នែកសន្តិសុខសាធារណៈ អនុវត្តចំណាយថវិកាបាន១០១,៣%នៃច្បាប់ហិរញ្ញវត្ថុ ប៉ុន្តែក្រសួងមហាផ្ទៃ ផ្នែករដ្ឋបាលទូទៅ អនុវត្តចំណាយថវិកាដល់ទៅ១១៥,៥%នៃច្បាប់ហិរញ្ញវត្ថុ ដោយសារការកើនឡើងបុគ្គលិកថ្មី ក្នុងចំនួនច្រើន រួមទាំងប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ។ ក្រសួងយុត្តិធម៌ អនុវត្តចំណាយថវិកាបានចំនួន៩៣,៤%នៃច្បាប់ហិរញ្ញវត្ថុ ដោយមានការអាក់ខានសកម្មភាពបណ្តុះបណ្តាល និងទទួលភ្ញៀវបរទេស ព្រមទាំងកាត់បន្ថយសម្ភារការិយាល័យ និងប្រេងឥន្ធនៈ។
- នៅក្នុងវិស័យសង្គមកិច្ច ការអនុវត្តចំណាយថវិកាសម្រេចបាន៩៦,៤%នៃច្បាប់ហិរញ្ញវត្ថុ។ ក្រសួង ស្ថាប័ន ដែលអនុវត្តចំណាយថវិកាបានខ្ពស់មានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុវត្តចំណាយថវិកាបាន១០១,២% នៃច្បាប់ហិរញ្ញវត្ថុ និងក្រសួងបរិស្ថានអនុវត្តចំណាយថវិកាបាន១០០,១%នៃច្បាប់ហិរញ្ញវត្ថុ ដោយសារប្រាក់រង្វាន់អនុវត្តលើសពីការគ្រោងទុក។
- នៅក្នុងវិស័យសេដ្ឋកិច្ច ការអនុវត្តចំណាយថវិកាសម្រេចបាន៩៩,១% នៃច្បាប់ហិរញ្ញវត្ថុ។ ក្រសួង ស្ថាប័ន ដែលអនុវត្តចំណាយថវិកាបានខ្ពស់មានចំនួន៣ គឺក្រសួងពាណិជ្ជកម្មអនុវត្តចំណាយថវិកាបាន១០៩,៣%នៃច្បាប់ហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុវត្តចំណាយថវិកាបាន១០០,៧%នៃច្បាប់ហិរញ្ញវត្ថុ ក្រសួងសាធារណៈការ និងដឹកជញ្ជូនអនុវត្តចំណាយថវិកាបាន១០៣,៧%នៃច្បាប់ហិរញ្ញវត្ថុ ដោយសារប្រាក់រង្វាន់អនុវត្តលើសពីការគ្រោងទុក។
- ក្នុងការអនុវត្តកិច្ចលទ្ធកម្មសាធារណៈក្នុងឆ្នាំ២០២០ រាជរដ្ឋាភិបាលសន្សំសំចៃ ថវិកាបានចំនួន៧០ ៨៧១លានរៀល ស្មើនឹង១,៨២% នៃគម្រោងចំណាយ ដែលអនុវត្តតាមនីតិវិធីលទ្ធកម្មសាធារណៈ គឺបានលើកកម្ពស់ប្រសិទ្ធភាពចំណាយក្នុងគ្រប់ដំណាក់កាល នៃការអនុវត្តនីតិវិធីលទ្ធកម្មសាធារណៈ ទាំងផ្នែកចំណាយចរន្ត និងទាំងផ្នែកចំណាយវិនិយោគ។ វិធានការលើកកម្ពស់ប្រសិទ្ធភាពចំណាយមិនត្រឹមតែធ្វើឱ្យមានការសន្សំជាសាច់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យក្រសួង ស្ថាប័នមួយចំនួនកម្រិតការចាយក្នុងទំហំទឹកប្រាក់ដដែល ដោយទទួលបានទំនិញ សេវា និងសំណង់ ក្នុងបរិមាណច្រើនជាងមុន និងមានគុណភាពល្អជាងមុនព្រមទាំងចាយកាន់តែចំទិសដៅដែលបានកំណត់នៅក្នុងអំឡុងពេលរៀបចំថវិកាទៀតផង។
- គោលនយោបាយក្នុងការពង្រីក និងការលើកកម្ពស់ការអភិវឌ្ឍនៅរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ តាមរយៈការចែករំលែកចំណូលថវិកា ដែលមានប្រភពពីចំណូលសារពើពន្ធរបស់រដ្ឋបាល រាជធានី ខេត្តជូនរដ្ឋបាលក្រុង ស្រុកចំនួន៤% និងរដ្ឋបាលឃុំ សង្កាត់ចំនួន ៤%សម្រាប់ការអភិវឌ្ឍមូលដ្ឋាន។
៣-ផ្នែកសវនកម្មនិងអធិការកិច្ចហិរញ្ញវត្ថុ
ទោះជាស្ថិតក្នុងស្ថានភាពនៃការរាលដាលជំងឺកូវីដ – ១៩ ក៏ដោយ ក៏ដំណើរការបណ្តុះបណ្តាល និង ការអនុវត្តសាកល្បងនៃមុខងារថ្មីទាំងពីរ ត្រូវបានរៀបចំតាមបែបកូនកាត់ គឺតាមប្រព័ន្ធប្រជុំពីចម្ងាយផង និងដោយផ្ទាល់ផងទៅតាមស្ថានភាពជាក់ស្តែងជូនចំពោះក្រសួង ស្ថាប័ន។
សវនកម្មផ្ទៃក្នុង និងអធិការកិច្ចហិរញ្ញវត្ថុ បានចូលរួមចំណែកក្នុងការរក្សាវិន័យហិរញ្ញវត្ថុសាធារណៈ ដោយធានានូវប្រសិទ្ធភាព ប្រសិទ្ធផល ស័ក្តិសិទ្ធភាព និងចីរភាព នៃសមិទ្ធកម្មកិច្ចការកែទម្រង់របស់រាជរដ្ឋាភិបាល។ ឆ្លើយតបទៅនឹងតម្រូវការនៃការងារកែទម្រង់របស់រាជរដ្ឋាភិបាលនៅគ្រប់ការដ្ឋាន ដែលមានវិសាលភាពកាន់តែទូលាយ កាន់តែស្វ័យប្រវត្តិមានភាពប្រទាក់ក្រឡានិងកាន់តែស៊ីជម្រៅមុខងារសវនកម្មផ្ទៃក្នុង និងអធិការកិច្ចហិរញ្ញវត្ថុត្រូវបានទទួលការយកចិត្តទុកដាក់ខ្ពស់ និងជំរុញឱ្យរួមចំណែកកាន់តែខ្លាំងក្លា។ ជាលទ្ធផល ឆ្នាំ២០២០ អគ្គាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបន្តជំរុញក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តកែលម្អវិធានការនូវចំណុចខ្វះចន្លោះនៅក្នុងដំណើរការនៃការអនុវត្ត និងកាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ខ្លួនពាក់ព័ន្ធនឹងភាពត្រឹមត្រូវ អនុលោមភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រង ការអនុវត្តថវិកា និងការចាត់ចែង ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋកន្លងមក។ ដោយឡែក ការធានាគុណភាពនៃការអនុវត្តតាមនីតិវិធីស្តង់ដារសវនកម្មផ្ទៃក្នុង ក៏ត្រូវបានធ្វើឡើងតាមរយៈការត្រួតពិនិត្យលើផែនការ និងរបាយការណ៍សវនកម្មផ្ទៃក្នុងរបស់ក្រសួង ស្ថាប័នចំនួន១២ ដោយមានការជំរុញឱ្យរៀបចំ និងប្រើប្រាស់ឧបករណ៍ជំនួយសវនកម្មសំខាន់ៗ ដើម្បីធានាឱ្យការអនុវត្តកាន់តែមានលក្ខណៈវិជ្ជាជីវៈខ្ពស់អាចសម្រេចបាននូវលទ្ធផលសវនកម្មល្អៗ ប្រកបដោយតម្លៃបន្ថែម។
ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ត្រូវបានធ្វើ សវនកម្មដោយអាជ្ញាធរសវនកម្មជាតិ ដោយមានមតិសវនកម្មក្នុងមូលវិចារណ៍ល្អ រួមជាមួយអនុសាសន៍កែលម្អល្អៗ។ ការណ៍នេះបានរួមចំណែកបន្ថែមទៀត ក្នុងការផ្ដល់ភាពជឿទុកចិត្តពីសំណាក់អង្គនីតិប្បញ្ញត្តិ និងប្រជាជនជាម្ចាស់ឆ្នោត មកលើការដឹកនាំ និងគ្រប់គ្រងធនធានហិរញ្ញវត្ថុជាតិរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការដ៏រឹងមាំ។ លទ្ធផលនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា ថវិកាជាតិកំពុងដើរតួជាឧបករណ៍គោលនយោបាយដ៏មានប្រសិទ្ធភាពក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងធានាប្រតិតុល្យភាពលើយុត្តិធម៌ និងសមធម៌នៅក្នុងធុរកិច្ចនិងសង្គមជាតិ។
៤-វិធានការបន្តក្នុងការអនុវត្តថវិកា
ផ្អែកលើបទពិសោធ ក៏ដូចជាបញ្ហាប្រឈមនានាក្នុងឆ្នាំ២០២០ ព្រមទាំងអនុសាសន៍កែលម្អរបស់សវនករលើចំណុចខ្វះខាត និងចំណុចដែលត្រូវកែលម្អបន្ថែម វិធានការកែលម្អ ក្នុងក្របខ័ណ្ឌជាផែនការសកម្មភាពលម្អិត ត្រូវបានរៀបចំនិងកំពុងអនុវត្តក្នុងឆ្នាំ២០២១ ព្រមទាំងត្រូវបានត្រៀមរៀបចំ និងបន្តអនុវត្តក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្រពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល ទាំងផ្នែកចំណូលថវិកា និងទាំងផ្នែកចំណាយថវិកា ក្នុងគោលដៅបន្តបង្កើនប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពនៃការអនុវត្តថវិកា និងឆ្លើយតបតាមអនុសាសន៍កែលម្អរបស់សវនករ ព្រមទាំងឈានទៅដោះស្រាយបញ្ហាប្រឈមនានា។
III. សេចក្តីសន្និដ្ឋាន
ក្នុងបរិការណ៍ដែលសេដ្ឋកិច្ចសកល និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច មានការវិវត្តឆាប់រហ័សនិងចល័ត យ៉ាងលឿនពិបាកប៉ាន់ប្រមាណឱ្យបានច្បាស់លាស់ ដោយសារផលប៉ះពាល់ធ្ងន់ធ្ងរ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានធ្វើការវាយតម្លៃឡើងវិញអំពីផលប៉ះពាល់ នៃការរីករាលដាលជំងឺកូវីដ-១៩ មកលើក្របខ័ណ្ឌថវិកាជាតិពេញ ១ឆ្នាំ ២០២០ និងបានសម្រេចបង្វែរទិសនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈពី “ថវិកាវិត្ថារកម្ម” ដើម្បីលើកកម្ពស់កំណើនទៅជា “ថវិការឹតបណ្តឹងសំដៅបង្កើនប្រសិទ្ធភាពចំណាយ” ដើម្បីឆ្ពោះទៅដោះស្រាយការងារអាទិភាពចំពោះមុខ តាមរយៈការធ្វើវិចារណកម្មចំណាយចំនួន២លើក ក្នុងគោលបំណងបម្រើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រក្សាលំនឹងសេដ្ឋកិច្ច និងទ្រទ្រង់ការងារកែទម្រង់របស់រាជរដ្ឋាភិបាលក៏ដូចជាបម្រើឱ្យការត្រៀមខ្លួន និងការពង្រឹងសមត្ថភាពផ្ទៃក្នុងឱ្យបានល្អ សម្រាប់ត្រៀមទប់ទល់នឹងបញ្ហាប្រឈម និងហានិភ័យទាំងក្នុង និងក្រៅប្រទេស ពិសេសដើម្បីគោលដៅនៃការអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពនូវ កម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល សំដៅឈានទៅសម្រេចបាននូវបំណងប្រាថ្នារយៈពេលវែងរបស់ប្រជាជនកម្ពុជា ក្នុងការក្តាប់យកមកវិញនូវមោទនភាពជាតិ និងការកសាងជាតិមួយដ៏រស់រវើក មានអនាគតដ៏រុងរឿង ភ្លឺស្វាងត្រចះត្រចង់ និងជារដ្ឋអធិបតេយ្យមួយរឹងមាំដែលគោរពខ្ជាប់ខ្ជួននូវគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ និងមានសន្តិភាពពេញលេញព្រមទាំងមានកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ។ សូចនាករសំខាន់ៗផ្នែកម៉ាក្រូសេដ្ឋកិច្ច និងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈដែលសម្រេចបានពីការអនុវត្តថវិកាឆ្នាំ២០២០ រួមមាន កំណើនសេដ្ឋកិច្ចមានអត្រាអវិជ្ជមានក្នុងរង្វង់ -៣,១% ទាបជាងការរំពឹងទុក ដោយសារវិបត្តិនៃជំងឺកូវីដ-១៩។ កំណើនអវិជ្ជមាននេះ បានធ្វើឱ្យ ផ.ស.ស. សម្រាប់មនុស្សម្នាក់ សម្រេចបានត្រឹម១ ៦៥៣ដុល្លារអាមេរិក ធៀបនឹងការគ្រោងទុក១ ៨១៦ដុល្លារអាមេរិក អតិផរណាជាមធ្យមប្រចាំឆ្នាំ២០២០ មាន២,៩% ដូចទៅនឹងការគ្រោងទុកខណៈអត្រាប្តូរប្រាក់ជាមធ្យម ៤ ០៨០រៀល
ក្នុង១ដុល្លារអាមេរិក ធៀបនឹងការគ្រោងទុក៤ ០៥៤រៀលក្នុង១ដុល្លារអាមេរិក។
ក្នុងការសម្រេចឱ្យបាននូវគោលដៅ និងវិធានការទាំងឡាយ ដូចបានលើកឡើងខាងលើនេះ ដោយបន្តប្រកាន់ខ្ជាប់នូវអភិក្រមការងារ៥យ៉ាង គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដើម្បីធានាឱ្យបាននូវសន្តិភាព ស្ថិរភាព ឯករាជ្យជាតិ និងអធិបតេយ្យភាព ដែលជាបំណងប្រាថ្នារួមរបស់ប្រជាជនកម្ពុជាទាំងមូល ក៏ដូចជាដើម្បីបន្តកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ឈានទៅសម្រេចចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សរុបមក ថវិកាឆ្នាំ២០២០ ពិតជាឧបករណ៍គោលនយោបាយដ៏មានប្រសិទ្ធភាព ដែលបានជួយដល់រាជរដ្ឋាភិបាល ឱ្យអាចសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្ររបស់ជាតិពិសេស គឺអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះរាល់បញ្ហាប្រឈម និងហានិភ័យនានាហើយពិតជាសម្រេចបានតាមការប្រសិទ្ធនាមថាជា “ថវិកាយុទ្ធសាស្ត្រនៃការផ្តបកម្លាំងសរុប ដើម្បីទប់ទល់នឹងបញ្ហាប្រឈម និងហានិភ័យ ទាំងក្នុងនិងក្រៅប្រទេស តាមរយៈការពង្រឹងសមត្ថភាពផ្ទៃក្នុង ដោយជំរុញឱ្យបានខ្លាំងក្លានូវការកែទម្រង់ស៊ីជម្រៅ និងមុតស្រួច ដើម្បីធានាសុខសន្តិភាព ស្ថិរភាព និងចីរភាពនៃកំណើនសេដ្ឋកិច្ច សំដៅលើកកម្ពស់សុខុមាលភាពជូនប្រជាជនលើមាគ៌ាឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០”៕ រក្សាសិទ្ធិដោយ ៖ កូលាប