សោកនាដកម្មពុំនឹកស្មានដល់នេះ បានកើតឡើងក្នុងគ្រួសារមួយនៅប្រទេសចិន ខណៈពេលកូនស្រីអាយុ ៦ឆ្នាំ ព្រោះតែច្រណែនបានច្រានប្អូនប្រុសទើបកើតរបស់វាទម្លាក់ពីជាន់ទី ៦ ចុះមកដីបណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័ម ។
រឿងរ៉ាវគឺប្តីប្រពន្ធរបស់អ្នកស្រី Li រៀបការជាមួយគ្នា ហើយបានមានកូនស្រីអាយុ ៦ឆ្នាំ ។ ប្តីប្រពន្ធទាំងពីរ ថ្វីត្បិតតែចង់បានកូនប្រុសម្នាក់ទៀតក្តី ប៉ុន្តែដោយជីវភាពពេលនោះពុំទាន់សមល្មមនឹងបង្កើតបន្ថែមកូន ទើបពួកគេបានផ្តល់ការយកចិត្តទុកដាក់គិតគូរសព្វមុខចំពោះកូនស្រីម្នាក់នេះ ។ ពេលខ្លះស្ត្រីជាម្តាយបានសួរកូនស្រីថា តើចង់មានប្អូនដើម្បីលេងជាមួយគ្នាដែរឬទេ ក្មេងស្រីនោះតែងគ្រវីក្បាល ហើយនិយាយថា វាពុំត្រូវការឲ្យមានប្អូនទេ ពុំនោះសោត ពុកម៉ែនឹងលែងស្រឡាញ់វាទៀត ។ គិតថា ជាសម្តីរបស់កូនក្មេង គាត់ពុំបានចាប់អារម្មណ៍អ្វីសោះឡើយ ។
ផ្ទះដែលនាំមកនូវសោកនាដកម្មដល់គ្រួសារបងស្រី Li
៦ឆ្នាំក្រោយ ជាថ្មីម្តងទៀតអ្នកទាំងពីរពិតជារីករាយឥតឧបមា ពេលបង្កើតបានកូនប្រុសម្នាក់យ៉ាងស្អាត។ ហើយនេះ ក៏ជាវេលាចាប់ផ្តើមនៃសោកនាដកម្ម។ តាំងពីមានកូនប្រុសពួកគេត្រូវចំណាយពេលច្រើនដើម្បីថែទាំទារកទើបកើតនោះ ហើយពុំបានយកចិត្តទុកដាក់ដល់កូនស្រី ក្នុងវ័យត្រូវការភាពថ្នាក់ថ្មមពីសំណាក់ឪពុកម្តាយ ។
“ប៉ាម៉ាក់មានប្អូនហើយមិនស្រឡាញ់កូនទៀត”
លើសពីនេះទៀតនោះអ្នកជិតខាងដែលស្និទ្ធស្នាលនឹងគ្រួសារនេះ ពេលខ្លះក៏ចំអន់ក្មេងស្រីលេងថា ៖ ប៉ាម៉ាក់លែងស្រឡាញ់ឯងទៀតហើយ ឬក៏ថា គេទុកឯងទៅម្ខាងហើយ ។ល។ ពាក្យសម្តីដែលគិតស្មានថា ការលេងសើចបែបនេះ ចំពោះក្មេងវាមានឥទ្ធិពលធំធេងណាស់ ។ ពួកគេទាំងនោះក៏ពុំនឹកស្មានថាពាក្យចំអន់លេងទាំងនោះគឺជាដំណក់ទឹកធ្វើឲ្យទឹកក្នុងកែវហូរចេញ នៅថ្ងៃបន្ទាប់ពេលអ្នកស្រី Li កំពុងធ្វើការងារផ្ទះ កូនស្រីរបស់គាត់បានលួចរុញរទេះដេករបស់ប្អូនប្រុសចេញទៅយ៉ខាងមុខ នាជាន់ទី ៦ ហើយច្រានទារកនេះឲ្យធ្លាក់ចុះតែម្តង ។
អ្នកជិតខាងម្នាក់បានក្រឡេកឃើញ បានស្រែកយ៉ាងខ្លាំង ប៉ុន្តែអ្វីៗ ហួសពេលហើយ ខណៈពេលទារកបានធ្លាក់ដល់ដី ។ ភ្លាមៗនោះពួកគេនាំគ្នាហៅរថយន្តសង្គ្រោះ ទោះយ៉ាងណាទារកនោះបានស្លាប់បាត់ទៅហើយ អ្នកជិតខាងសួរក្មេងស្រីនោះថា “ហេតុអ្វីបានធ្វើដូច្នេះ” ក្មេងស្រីឆ្លើយថា “ប៉ាម៉ាក់មានប្អូនហើយ ហេតុនេះលែងស្រឡាញ់ខ្ញុំទៀតហើយ” ៕ ចន្ទ្រា