ភ្នំពេញ ៖ នៅទីស្តីការក្រសួងបរិស្ថាន នា ថ្ងៃទី ៩ ខែមេសា ឆ្នាំ២០១៨ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិនិត្យមើលលើគម្រោងអាជីវកម្មរ៉ែមាស លើផ្ទៃដីទំហំ ១.១៥០ ហិកតា ដែលមានទីតាំងស្ថិតនៅតំបន់អូរខ្វាវ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ដែលស្ថិតនៅក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។គម្រោងខាងលើនេះ វិនិយោគដោយក្រុមហ៊ុន RENAISSANCE MINERALS (CAMBODIA) LIMITED។
កិច្ចប្រជុំបានពិភាក្សាលើការគិតគូសំខាន់លើការវិនិយោគ ដែលគិតគូរពីបរិស្ថាន ដោយផ្តោតលើ៣ចំណុច សំខាន់ៗរួមមាន៖ (១). ការពិនិត្យមើល និងវាយតម្លៃហេតុប៉ះពាល់ដល់ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ពីការសាងសង់ផ្លូវចូល ទៅទីតាំងគម្រោងអាជីវកម្មរ៉ែមាស នៅតំបន់អូរខ្វាវ (២). ការបង្កើនមូលនិធិបរិស្ថាន និងសង្គម សម្រាប់ចូលរួមស្តារបរិស្ថាន និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន និង (៣). ស្នើដល់ក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថាន ពិចារណាលើគម្រោងស្វែងរុករករ៉ែ ដែលស្ថិតនៅក្នុងតំបន់ការពារ។
សូមបញ្ជាក់ថា វេទិកានាពេលនេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាអនុរដ្ឋលេខាធិការ តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងរ៉ែ និង ថាមពល សហភាពអឺរ៉ុប (EU) តំណាងអង្គការ WWF; WCS; OXFAM; DPA និងមន្ត្រីជំនាញនៃនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ជាលេខាធិការដ្ឋាននៃក្រុមការងារអន្តរក្រសួង ពិនិត្យ និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និង តំណាងក្រុមហ៊ុនម្ចាស់គម្រោង និង ក្រុមហ៊ុនទីប្រឹក្សាផងដែរ៕ ដោយ ៖ បញ្ញាស័ក្តិ