ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលផ្តល់កិត្តិយសពិសារបាយសាមគ្គីជាមួយបងប្អូនសមាគមខ្មែរ-ចិន ជាលើកទី២នេះនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញនៅថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨នេះ។
សម្តេចតេជោនាយករដ្ឋន្ត្រី បានថ្លែងអំណរគុណដល់សមាគមខ្មែរ-ចិនដែលបានចូលរួមចំណែកក្នុង ការអភវិឌ្ឍនប្រទេសកម្ពុជាជាបន្តបន្ទាប់។ តាមរយៈទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងចិន និងកម្ពុជាបានធ្វើឲ្យទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរមានការកើនឡើងជាបន្តបន្ទាប់ជាពិសេសនាពេលខាងមុខនេះភ្ញៀវទេសចរណ៍ចិនមកទស្សនាកម្ពុជា នឹងកើនរហូតដល់ជាង ៣លាននាក់ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណ និងគាំទ្រដល់សមាគមន៍សម្ព័ន្ធខ្មែរ-ចិនផងដែរ ដែលនឹងរៀបចំបង្កើត គម្រោងមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជាមានដូចជា គាំទ្រចំពោះសមាគម ដែលមានគម្រោង បង្កើតវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យវិទ្យាសាស្ត្រ និងវិស្វកម្មដល់និស្សិតទូទាំងប្រទេស ហើយបច្ចុប្បន្ននេះសមាគមបាននិងកំពុងពិភាក្សាកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យបច្ចេកទេសធានជិននៅប្រទេសចិនរួចហើយដែរ។ ជាមួយគ្នានោះសម្តេចតេជោ ក៏គាំទ្រសមាគមខ្មែរ-ចិន ដែលនឹងបង្កើតក្រុមការងារយុវជនដើម្បីឲ្យចូលរួមក្នុងកម្មវិធីសម្បុរសធម៌សង្គម និងអប់រំយុវជនសម្រាប់បន្តវេន។
សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់បងប្អូនខ្មែរ-ចិនដែលកន្លងមកតែងតែគាំទ្រចំពោះការ ដឹកនាំរបស់សម្តេច ហើយសម្តេចតេជោ នឹងបន្តនៅជាមួយប្រជាពលរដ្ឋយើងជាបន្តទៀត។ ៕ ដោយ៖បញ្ញាស័ក្តិ