ភ្នំពេញ៖ លោកស្រីលោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌា បានកោតសរសើរប្រទេសកម្ពុជា ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទាំងកំណើនសេដ្ឋកិច្ច និងទំនាក់ទំនងការទូត។
សម្ដេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោកស្រី Manika Jain ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នៅទីស្តីការក្រសួង។
ក្នុងជំនួបនោះ សម្ដេចក្រឡាហោម ស ខេង បានអរគុណចំពោះការគាំទ្ររបស់រដ្ឋាភិបាលឥណ្ឌា តាំងពីដើមរហូតមក នៅប្រទេសកម្ពុជា ធ្លាក់ក្នុងភ្លើងសង្គ្រាម ដែលពិតជាឆ្លុះបញ្ចាំងពីកិច្ចទំនាក់ទំនងល្អ រវាងប្រទេសទាំង២ ជាពិសេសតាមរយៈទស្សនកិច្ចនាពេលថ្មីៗនេះ របស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឥណ្ឌា។
ក្នុងដំណើរបេសកកម្មការទូតរបស់លោកស្រីឯកអគ្គរដ្ឋទូតថ្មីនៅកម្ពុជា នាពេលនេះ សម្ដេចក្រឡាហោម រំពឹងថា នឹងកាន់តែពង្រឹង និងពង្រីក នូវទំនាក់ទំនងការទូតឲ្យកាន់តែរឹងមាំថែមទៀត។
នៅក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតឥណ្ឌា បានថ្លែងថា កម្ពុជានិងឥណ្ឌា គឺមានវប្បធម៌ អរិយធម៌ ប្រហាក់ប្រហែលគ្នា ហើយតាមរយៈប្រទេសទាំងពីរ ក៏មានទំនាក់ទំនងល្អជាយូរលង់ណាស់មកហើយ។ មកដល់ពេលនេះទៀត ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានភាពកាន់តែជិតស្និទ្ធ ។
លោកស្រី Manika Jain បន្តថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងឥណ្ឌា នឹងរឹតតែមានការរីកចម្រើន ជឿនលឿនទៅមុខ យ៉ាងល្អប្រសើរថែមទៀត៕ ដោយ ៖ បញ្ញាស័ក្តិ