Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងចំនួនបួន ដែលទទួលបានថវិកាពីសហភាពអឺរ៉ុប ដើម្បីគាំទ្រសហគមន៍នេសាទ ក្នុងខេត្តជុំវិញបឹងទន្លេសាប និងខេត្តដែលស្ថិតនៅតាមតំបន់ឆ្នេរ ត្រូវបានប្រកាសចាប់ផ្តើមអនុវត្ត

spot_img

ភ្នំពេញ ៖ នៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២១ ប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងអង្គការ WCS, Oxfam, Aide et Action, និង Save the Children បានប្រកាសជាផ្លូវការពីការចាប់ផ្តើមអនុវត្តគម្រោងចំនួនបួន ដែលទទួលបានថវិកាពីសហភាពអឺរ៉ុប ដើម្បីគាំទ្រដល់កំណើនបៃតង ការបង្កើតការងារ ការផ្ដល់សេវាសង្គម និងការការពារធនធានធម្មជាតិឱ្យរឹតតែប្រសើរសម្រាប់សហគមន៍នេសាទក្នុងខេត្តចំនួន ១០ ដែលស្ថិតនៅតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប និងតំបន់ឆ្នេរ។

សិក្ខាសាលាប្រកាសចាប់ផ្តើមគម្រោង ដែលធ្វើឡើងរួមគ្នាតាមប្រព័ន្ធអនឡាញនៅថ្ងៃនេះ មានអ្នកចូលរួមប្រមាណ ៣២០នាក់ មកពីក្រសួងពាក់ព័ន្ធ អាជ្ញាធរខេត្ត ក្រុមការងារបច្ចេកទេស វិស័យជលផល សហគមន៍នេសាទ អង្គការក្រៅរដ្ឋាភិបាល រួមនឹងដៃគូចូលរួមអនុវត្ត រដ្ឋជាសមាជិកសហភាពអឺរ៉ុប និងដៃគូអភិវឌ្ឍន៍ដទៃទៀត។
ប្រធានទទួលបន្ទុកកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា លោក Bryan Fornari មានប្រសាសន៍ថា “កម្មវិធី CAPFISH គឺជាកម្មវិធីទ្វេភាគីធំជាងគេដំបូងបង្អស់របស់សហភាពអឺរ៉ុបនៅកម្ពុជា ដែលមានគោលដៅជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយ បរិយាប័ន្ន ចីរភាព និងធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ សម្រាប់វិស័យជលផល។ តាមរយៈការសហការជាមួយនឹងរដ្ឋបាលជលផល ព្រមទាំងដៃគូរអនុវត្តរបស់យើង ការប្រកាសចាប់ផ្ដើមអនុវត្តគម្រោងទាំងបួននៅថ្ងៃនេះ គឺជាសមិទ្ធផលដ៏សំខាន់សម្រាប់ការស្ដារឡើងវិញពីជំងឺកូវីដ-១៩ នៅក្នុងតំបន់នេះ តាមរយៈការនាំមកនូវឱកាសសេដ្ឋកិច្ចថ្មីៗ និងការកសាងជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង សម្រាប់ប្រជាពលរដ្ឋជាងប្រាំម៉ឺន (៥០.០០០) គ្រួសារ។ ភាពជាដៃគូរបស់យើងជាមួយនឹងរដ្ឋបាលជលផល នឹងជួយឱ្យយើងអាចសម្រេចគោលដៅនេះបាន”។

ឯកឧត្ដម ពុំ សុថា អគ្គនាយកនៃរដ្ឋបាលជលផលមានប្រសាសន៍ថា “រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ សូមសម្ដែងនូវសេចក្ដីថ្លែងអំណរគុណ និងការវាយតម្លៃខ្ពស់ចំពោះសហភាពអឺរ៉ុប ដែលបានផ្ដល់ការឧបត្ថម្ភដល់កម្មវិធីធំបំផុតដែលមិនធ្លាប់មានសម្រាប់អភិវឌ្ឍ វិស័យជលផលនៅកម្ពុជា”។
លោកស្រី Pearce មានប្រសាសន៍ថា “អង្គការ Save the Children ពិតជាមានចិត្តរំភើបរីករាយ ដែលអាចសហការជាមួយនឹងដៃគូនានា សហគមន៍ និងអាជ្ញាធរមូលដ្ឋាន ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងសហគមន៍នេសាទងាយរងគ្រោះ នៅភាគខាងកើតនៃតំបន់ទន្លេសាប និងជាពិសេសជំរុញឱ្យមានការអនុវត្តនូវគំនិតផ្តួចផ្តើមសេដ្ឋកិច្ចបៃតង និងការអនុវត្តល្អផ្នែកបរិស្ថាន ហើយក្នុងពេលជាមួយគ្នាជួយឱ្យកុមារ និងគ្រួសារទទួលបានសេវាកម្ម ប្រកបដោយគុណភាព សុវត្ថិភាព និងបរិយាប័ន្ន សម្រាប់ការ អប់រំ ទឹកស្អាត អនាម័យ និងសេវាគ្រប់គ្រងសំណល់”។

លោក វន សម្ផស្ស នាយកប្រចាំប្រទេសនៃអង្គការ Aide et Action Cambodia មានប្រសាសន៍ថា “ភាពជាដៃគូ CO-SAVED Cambodia មានការចូលរួមពីតួអង្គពាក់ព័ន្ធចម្រុះ ដូចជា វិស័យឯកជន រដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីជំរុញឲ្យមានវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ យើងប្ដេជ្ញាផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋកម្ពុជាចំនួន ៣៨២.៦៥០នាក់ ដែលរស់នៅក្នុងសហគមន៍តាមតំបន់ឆ្នេរក្នុងការបង្កើតភាពជាដៃគូយូរអង្វែង ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចបៃតងប្រកបដោយបរិយាប័ន្ន ការផ្តល់សេវាអប់រំ ទឹកស្អាត និងអនាម័យប្រកបដោយគុណភាព និងការមានជីវភាពរស់នៅប្រកបដោយចីរភាព” ។

បណ្ឌិត កែន សិរីរដ្ឋា នាយកប្រចាំប្រទេសនៃអង្គការអភិរក្សសត្វព្រៃ (WCS) មានប្រសាសន៍ថា “គម្រោងទន្លេសាបរបស់យើង មានសារៈសំខាន់សម្រាប់ជីវចម្រុះ ធនធានជលផល មុខរបរចិញ្ចឹមជីវិត សុខុមាលភាព និងវប្បធម៌ ប៉ុន្តែបឹងរបស់យើងកំពុងបាត់បង់រូបរាងយ៉ាងឆាប់រហ័ស ដោយសារតែការប្រែប្រួលអាកាសធាតុ ការសាងសង់ទំនប់វារីអគ្គិសនី និងការបង្វែរទឹកពីតាមដៃទន្លេសម្រាប់ ប្រព័ន្ធស្រោចស្រពក្នុងវិស័យកសិកម្ម។ យើងត្រូវចាប់យកឱកាស ដើម្បីកសាងភាពធន់នៃប្រព័ន្ធអេកូឡូស៊ី សហគមន៍ និងជីវៈចម្រុះ ដើម្បីបញ្ចៀសគ្រោះមន្តរាយមកលើមនុស្ស និងប្រព័ន្ធអេកូឡូស៊ី”។

សាវតារនៃគម្រោងទាំងបួន
អង្គការ Save the Children (REDD BARNA) ដោយមានការគាំទ្រថវិកា ៤លានអឺរ៉ូ ពីសហភាពអឺរ៉ុប កំពុងផ្ដល់ការគាំទ្រដល់សហគមន៍នេសាទក្នុងខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ ដើម្បីលើកកម្ពស់ស្ថានភាពសង្គម-សេដ្ឋកិច្ច ព្រមទាំងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការបង្កើនលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យ ប្រព័ន្ធគ្រប់គ្រងសំណល់ គំនិតផ្តួចផ្តើមសេដ្ឋកិច្ចបៃតង និងការអប់រំ។

អង្គការ Oxfam ជាមួយនឹងជំនួយថវិកា ៤លានអឺរ៉ូ ពីសហភាពអឺរ៉ុប កំពុងអនុវត្តគម្រោងរយៈពេល ៤ឆ្នាំ (២០២១-២០២៤) ដើម្បីគាំទ្រដល់សហគមន៍នេសាទក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប ក្នុងការលើកកម្ពស់លទ្ធភាពទទួលបាននូវការផ្គត់ផ្គង់ទឹកស្អាត សេវាអប់រំ សេវាអនាម័យ សេវាគ្រប់ គ្រងសំណល់ ការគ្រប់គ្រងធនធានធម្មជាតិសហគមន៍ប្រកបដោយចីរភាព ក៏ដូចជា លើកកម្ពស់ឱកាសប្រកបមុខរបរចិញ្ចឹមជីវិត និងឱកាសការងារ។

អង្គការ Aide et Action Association ជាមួយនឹងថវិកាចំនួន ៤ លានអឺរ៉ូ ពីសហភាពអឺរ៉ុប កំពុងអនុវត្តគម្រោងរយៈពេល ៤ឆ្នាំ (២០២១-២០២៤) ដើម្បីគាំទ្រដល់សហគមន៍ក្នុងខេត្តកែប កំពត ក្រុងព្រះសីហនុ និងខេត្តកោះកុង ឱ្យកាន់តែមានភាពធន់ តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋានប្រកបដោយចីរភាព ការផ្តល់សេវាកម្មកាន់តែប្រសើរឡើង និងកំណើនបៃតង ដែលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម។

អង្គការអភិរក្សសត្វព្រៃ (WCS) ក្រសួងបរិស្ថាន និងដៃគូ ដែលបានទទួលជំនួយថវិកា ៤,៩លានអឺរ៉ូ ពីសហភាពអឺរ៉ុប កំពុងអនុវត្តគម្រោងរយៈពេល៤ឆ្នាំ (២០២១-២០២៤) នៅក្នុងខេត្តសៀមរាប កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដើម្បីធ្វើឱ្យកាន់តែប្រសើរនូវការគ្រប់គ្រង និងការស្ដារដែនជម្រកសំខាន់ៗ សំដៅជួយបង្កើនភាពធន់នឹង ការប្រែប្រួលបរិស្ថាន ក៏ដូចជា ជួយលើកកម្ពស់អភិបាលកិច្ច និងគោលនយោបាយ សំដៅកាត់បន្ថយកត្តាបង្កឱ្យមានការប្រែប្រួលបរិស្ថាន៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×