Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចុប្បន្ន ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានចំនួនប្រមាណ ២១ ប៊ីលានដុល្លារអាមេរិក ដែលជាកម្រិតខ្ពស់ជាងកម្រិតអប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន

ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានចូលរួមវេទិកាប្រចាំឆ្នាំរបស់ធនាគារពិភពលោក ស្តីពី ភាពជាដៃគូនៃការគ្រប់គ្រងនិងប្រឹក្សាលើទុនបម្រុងអន្តរជាតិ (RAMP)។ វេទិកានេះត្រូវបានចូលរួមដោយថ្នាក់ដឹកនាំធនាគារកណ្ដាល នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ និងមន្ត្រីជំនាញគ្រប់គ្រងទុនបម្រុងអន្តរជាតិ។ គោលបំណងនៃការរៀបចំវេទិកានេះ គឺដើម្បីផ្តល់ជាឱកាសពិភាក្សាលើស្ថានភាពសេដ្ឋកិច្ចពិភពលោក បទពិសោធន៍នៃការគ្រប់គ្រងទុនបម្រុងអន្តរជាតិនិងទស្សនវិស័យនាពេលខាងមុខ។

វេទិកានេះបានលើកយកបទពិភាក្សានូវប្រធានបទបច្ចុប្បន្នភាពសំខាន់ៗ រួមមាន៖ ការកើនឡើងនៃអត្រាអតិផរណាក្នុងប្រទេសអភិវឌ្ឍន៍ ការធ្វើប្រក្រតីកម្មនយោបាយរូបិយវត្ថុ ការកើនឡើងកម្រិតបំណុល ការប្រែប្រួលអាកាសធាតុ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។ អត្រាអតិផរណានៅសហរដ្ឋអាមេរិកបានកើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។

កំណើននេះអាចនាំឱ្យធនាគារកណ្តាលអាមេរិកផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុវិត្ថារកម្ម ដែលអាចមានឥទ្ធិពលទៅដល់ប្រទេសកំពុងលូតលាស់ ដូចជា លំហូរចេញនៃមូលធន និងសម្ពាធលើអត្រាប្តូរប្រាក់ជាដើម។ ទន្ទឹមនេះ ការទប់ទល់នឹងវិបត្តិជំងឺកូវីដ-១៩ ក៏បាននាំឱ្យមានកំណើនបំណុលអង្គភាពគ្រួសារ សាជីវកម្ម និងរដ្ឋាភិបាលផងដែរ។ ចំពោះវិធានការឆ្លើយតប ប្រទេសកំពុងលូតលាស់អាចពង្រឹងយន្តការគ្រប់គ្រងមូលធន ការពង្រឹងបណ្ដាញសុវត្តិភាពហិរញ្ញវត្ថុ និងការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុក្នុងស្រុក។

ការគ្រប់គ្រងទុនបម្រុងអន្តរជាតិក៏គួរធ្វើពិពិធកម្មទាំងប្រភេទរូបិយប័ណ្ណនិងទ្រព្យសកម្ម ដើម្បីរក្សាតម្លៃទុនបម្រុងអន្តរជាតិ។ កិច្ចពិភាក្សាក៏បានលើកឡើងពីសារៈសំខាន់នៃការបញ្ចូលបញ្ហាផ្លាស់ប្តូរអាកាសធាតុទៅក្នុងនយោបាយរូបិយវត្ថុ និងការគ្រប់គ្រងទុនបម្រុង ដែលនឹងជួយដល់កិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដែលអាចនាំឱ្យប៉ះពាល់ដល់កំណើននិងការអភិវឌ្ឍ។ ជាមួយនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា កិច្ចពិភាក្សាបានលើកឡើងពីការកើនឡើងនូវការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជំរុញឱ្យមានការបង្កើតនូវរូបិយប័ណ្ណអេឡិចត្រូនិក ជាពិសេសផ្អែកលើបច្ចេកវិទ្យា Blockchain ដូចជា Crytocurrencies និងរូបិយវត្ថុអេឡិចត្រូនិករបស់ធនាគារកណ្ដាល (CBDC) ដែលកំពុងក្លាយជាជំហានថ្មីនៃការវិវត្តនៃរូបិយប័ណ្ណ។

ក្នុងស្ថានភាពដែលកំណើនសេដ្ឋកិច្ចពិភពលោកបានងើបឡើងជាបន្តបន្ទាប់ ជាមួយនឹងល្បឿនខុសគ្នា និងមានភាពមិនច្បាស់លាស់ខ្ពស់នៅឡើយ ធនាគារកណ្ដាលមានតួនាទីសំខាន់ណាស់ក្នុងការពង្រឹងជំនឿទុកចិត្តលើសេដ្ឋកិច្ច និងគាំទ្រកំណើន តាមរយៈឧបករណ៍នយោបាយរូបិយវត្ថុ ការគរពូនទុនបម្រុងអន្តរជាតិ និងវិភាគម៉ាក្រូប្រុងប្រយ័ត្ន។ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តតួនាទីទាំងនេះ ធនាគារកណ្តាលក៏ត្រូវតែរក្សាបានឯករាជ្យភាពនៅក្នុងប្រតិបត្តិការរបស់ខ្លួនដែរ។

គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាមានកិច្ចសហប្រតិបត្តិការល្អ ជាមួយធនាគារពិភពលោក ដែលក្នុងនោះមានការគ្រប់គ្រងទុនបម្រុងអន្តរជាតិផងដែរ ហើយធនាគារពិភពលោក បានផ្តល់ជំនួយបច្ចេកទេស និងកសាងសមត្ថភាពជំនាញ ដល់មន្ត្រីធនាគារជាតិនៃកម្ពុជា។

បច្ចុប្បន្ន ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានចំនួនប្រមាណ ២១ ប៊ីលានដុល្លារអាមេរិក ដែលជាកម្រិតខ្ពស់ជាងកម្រិតអប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។ ធនាគារជាតិនៃកម្ពុជាក៏បានយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ ដោយបានវិនិយោគទុនបម្រុងមួយផ្នែកលើវិស័យដែលគិតគូរពីបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងបានបញ្ចូល ESG ទៅក្នុងការណែនាំនៃការវិនិយោគ។ ចំពោះការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា បានគាំទ្រការអភិវឌ្ឍប្រព័ន្ធទូទាត់ទំនើប និងបានដាក់ចេញប្រព័ន្ធទូទាត់បាគង ដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain សម្រាប់ជាប្រព័ន្ធទូទាត់កន្លោង ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តម្លាភាព គណនេយ្យភាព និងអាចទូទាត់ឆ្លងគ្រឹះស្ថានបាន (interoperability) ដើម្បីសម្រួលការទូទាត់ទាំងក្នុងស្រុក និងសមាហរណកម្មទៅក្នុងតំបន់៕

×