ភ្នំពេញ ៖ លោកអភិបាលរាជធានីភ្នំពេញបានថ្លែងប្រាប់លោកឯកអគ្គរដ្ឋទូតវៀតណាមថា៖ការអភិវឌ្ឍជៀសមិនផុតពីផលប៉ះពាល់ខ្លះ។ តែយើងក៏មានការថ្លឹងថ្លែងពីផលប៉ះពាល់នោះនិងការគិតគូរលើការអភិវឌ្ឍតាមដងទន្លេផងដែរ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថ្លែងបែបនេះក្នុងឧិកាសដែលលោក អគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានចូលជួបសំដែងការគួរសមនិងជូនពរលោកក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំចរសំរឹទ្ធិសក្ត័ ព.ស២៥៦២ដែលនឹងចូលមកដល់នៅថ្ងៃទី១៤មេសាខាងមុខនេះ។លោកបន្តថា៖ប្រជាពលរដ្ឋកម្ពុជាកំពុងត្រៀមខ្លួនទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលឆាប់ៗខាងមុខនេះ។លោក ឃួង ស្រេង បានលើកឡើងថា៖ប្រជាពលរដ្ឋកម្ពុជា ជាង៩០ភាគរយជាអ្នកកាន់ព្រះពុទ្ធសាសនាហើយនៅពេលមានបុណ្យទានម្តងៗបងប្អូនតែងធ្វើដំណើរទៅស្រុកកំណើត និងរៀបចំត្រៀមលក្ខណៈទទួលអំណរសាទរបុណ្យចូលឆ្នាំខ្មែរ។
ក្នុងឱកាសអញ្ជើញជូនពរលោកអភិបាលរាជធានីជាមួយនឹងការរំលឹកឡើងវិញពីចំណងទាក់ទងនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជា លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមបានជូនពរលោកអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការនិងប្រជាពលរដ្ឋរាជធានីភ្នំពេញសូមជួបប្រទះតែជោគជ័យនិងសម្រេចភារៈកិច្ចថ្មីៗបន្ថែមទៀតលើគោលដៅអភិវឌ្ឍន៍រាជធានីភ្នំពេញក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រី៕ ដោយ ៖ បញ្ញាស័ក្តិ