ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះ ២នាក់ ជាប្តីប្រពន្ធ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង ៥និង៣០ នាទីព្រឹកព្រលឹមថ្ងៃទី១២ ខែមេសាឆ្នាំ២០១៨។ គ្រោះថ្នាក់នេះកើតឡើងនៅលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូ២០៨ និង២០៩ ជិតរង្វង់មូលរាម ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ រវាងម៉ូតូ ១គ្រឿងម៉ាកហុងដា ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១BQ ៩៧៨១ ទិសដៅចេញពីក្រុងព្រះសីហនុ លុះមកដល់ចំណុចកើតហេតុខាងលើក៏បាន បុកពីក្រោយរថយន្តបែនដឹកដី ១គ្រឿង ដែលបែកកង់ហើយកំពុងចតឈប់ ដើម្បីប្តូរកង់នៅលើចិញ្ចើមថ្នល់។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា រថយន្តដែលឈប់ប្តូរកង់នេះ មិនមានដាក់សញ្ញាបង្ហាញពីក្រោយ ជាសញ្ញា ដើម្បីឲ្យអ្នកបើកបរផ្សេងៗ នៅតាមផ្លូវនេះដឹងទេ។
នគរបាល ឲ្យដឹងថា រថយន្ត ដែលត្រូវម៉ូតូ របស់ជនរងគ្រោះ បានបុកស្លាប់ប្តីប្រព័ន្ធទាំងពីរនាក់នោះ គឺពណ៌ខៀវពាក់ស្លាកលេខព្រះសីហនុ ៣A ៣២៥៩ ហើយពេលនេះ អ្នកបើកបរគេចបាត់។ គ្រោះថ្នាក់បណ្ដាលឲ្យអ្នកជិះម៉ូតូទាំង ២នាក់ប្តីប្រពន្ធស្លាប់នៅនឹងកន្លែងកើតហេតុមានឈ្មោះ សាន់ ម៉ាន ភេទប្រុសអាយុ ៦៣ឆ្នាំ ជាអ្នកបើកបរ ត្រូវជាប្តី និង ឈ្មោះ ឃុត លួន ភេទស្រីអាយុ ៦៤ឆ្នាំ ជាអ្នករួមដំណើរពីក្រោយត្រូវជាប្រពន្ធ។ ជនរងគ្រោះអ្នកទាំងពីរនាក់ មានមុខរបរកម្មករសំណង់ មានទីលំនៅភូមិល្អាងឃុំល្អាងស្រុកដងទង់ ខេត្តកំពត។
មន្ត្រីនគរបាល បានឲ្យដឹងថា បច្ចុប្បន្នសាកសពប្តីប្រពន្ធទាំង២នាក់ ត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។ ចំណែកវត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕ ដែន សីមា