ខេត្តមណ្ឌលគិរី ៖ ជនជាតិដើមភាគតិចព្នងប្រមាណជា ២០០នាក់ រស់នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានប្រារព្វពិធីរំលឹកគុណដល់បុព្វបុរស របស់ពួកគេ ដើម្បីបំផុសឲ្យក្មេងៗជំនាន់ក្រោយ ចូលរួមថែរក្សាអភិរក្សប្រពៃណីជនជាតិដើម ដែលកំពុងប្រឈមនឹងការបាត់បង់អត្តសញ្ញាណ ទំនៀមទំលាប់ពីតាំងពីបុរាណ។ ពិធីរំលឹកនេះ បានរៀបចំកាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។
បុរសវ័យចំណាស់ឈ្មោះ ព្យាន តន់ អាយុ៦២ឆ្នាំ ជាជនជាតិដើមភាគតិចព្នង រស់នៅភូមិ ពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ជនជាតិដើមភាគតិចព្នង មានប្រពៃណី និងអត្តសញ្ញាណមួយប្លែកពីប្រជាពលរដ្ឋខ្មែរទូទៅ តាមរយៈការគោរពចាស់ទុំ អ្នកតា ព្រៃភ្នំ សម្លៀកបំពាក់ ភាសា និងវប្បធម៌ប្រពៃណីជាច្រើនទៀត..។ ប៉ុន្តែលោកថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជនជាតិដើមភាគតិចព្នងភាគច្រើន គឺពួកគេបានផ្លាស់ប្តូរឥរិយាបថ ក្នុងការរស់នៅ ដោយមិនសូវប្រកាន់ប្រពៃណីទំនៀមទម្លាប់ដូនតា ដូចពេលមុនទៀតទេ បន្ទាប់ពីមានអ្នកចំណូលស្រុក ចូលទៅរស់នៅក្នុងសហគមន៍ និងបាននាំយកសម្ភារៈនិយម ឬទំនើប និយម ទៅពង្វក់ស្មារតី របស់យុវជនជនជាតិដើមភាគចិតព្នង របស់ពួកគេ ឲ្យចាក់ចោលទម្លាប់ចាស់ និងងាកចាប់យកទម្លាប់ថ្មី ដោយការរស់នៅស្របតាមសម័យបច្ចេកវិទ្យាមានការរីកចម្រើននាពេលបច្ចុប្បន្នវិញ។
បុរសវ័យចំណាស់ឈ្មោះ ព្យាន តន់ បានឲ្យដឹងបន្តថា សម្លៀកបំពាក់បែបបុរាណ របស់ជនជាតិដើមភាគតិចព្នងចូលមកដល់បច្ចុប្បន្ននេះ គឺនៅមានសេសសល់ ឬនៅមានអ្នកស្លៀកពាក់តិចតួចបំផុត។ ក្នុងនោះភាសា និងវប្បធម៌ប្រពៃណី របស់ជនជាដើមព្នងជាច្រើនទៀត ក៏កំពុងប្រឈមនឹងការបាត់បង់ជាបន្តបន្ទាប់រួចហើយដែរ។ ផ្តើមពីបញ្ហានេះ ទើបជនជាដើមភាគតិចព្នង បានរៀបចំពិធីរំលឹកគុណបុព្វបុរសនេះឡើង កាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ដើម្បីបំផុសឲ្យក្មេងៗជំនាន់ក្រោយ ចូលរួមថែរក្សា និងអភិរក្សនូវវប្បធម៌ប្រពៃណី ពីដូចតាឲ្យបានគង់វង្ស។
បុរសវ័យចំណាស់រូបនេះ បានបញ្ជាក់ថា លក្ខណៈពិសេស របស់ជនជាតិដើមភាពតិចព្នង គឺមានការសែនព្រេន ជំនឿ ភាសា អារក្សអ្នកតា និងធ្វើផ្ទះរស់នៅខ្ពស់ៗជាដើម…។
លោក ព្យាន តន់ បានបន្តថា បច្ចុប្បន្ននេះប្រពៃណីមួយចំនួន របស់ជនជាតិដើមភាគតិចព្នង ក៏បានបាត់បង់ជាបណ្តើរៗហើយដែរ គឺបើនៅសេសសល់ ក៏មានតែចាស់ៗជនជាតិដើមមួយចំនួន បានបន្តស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីដូនតាពីបុរាណ របស់ខ្លួន។ ចំណែកយយុវជនវិញ គឺពួកគេបានស្លៀកពាក់សម្លៀកបំពាក់ដូចបងប្អូនជនជាតិខ្មែរសម័យបច្ចុប្បន្នដែរ។ លោកបន្តថា ក្រៅពីការស្លៀកពាក់តាមបែបទាន់សម័យ ចំពោះការសង់ផ្ទះរទៅតាមទម្លាប់ជនជាតិដើមភាគតិចព្នង ក៏មិនសូវពេញនិយមទៀតដែរ គឺបានក្លាយស្ទើរទាំងស្រុងអស់ទៅហើយ នាពេលបច្ចុប្បន្ននេះ។
ទាក់ទិនបញ្ហានេះ ប្រធានមន្ទីរវប្បធម៌ខេត្តមណ្ឌលគិរី លោក សី ទូច បានឲ្យដឹងដែរថា វាជារឿងល្អ ដែលជនជាតិដើមភាគតិចព្នង បានរៀបចំពិធីរំលឹកគុណបុព្វបុរសនេះឡើង ព្រោះអាចចលនាបំផុសដល់យុវជន ដែលជាជនជាដើមភាគតិចព្នង ឲ្យបានយល់ដឹងពីអត្តសញ្ញាណ របស់ពួកគេ និងចូលដល់ការងារអភិរក្សប្រពៃណីទំនៀមទំលាប់ពីបុរាណ របស់ពួកគេ កុំឲ្យបាត់បង់។
ពិធីរំលឹកគុណបុព្វបុរស របស់ជនជាតិដើមភាគតិចព្នង នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ គឺមានបងជនដើមធ្វើដំណើរមកពីតាមបណ្ដាល ស្រុក -ក្រុង ទូទាំងខេត្តមណ្ឌលគិរីប្រមាណជាង ២០០នាក់ បានមកចូលរួម៕ ដោយ៖ សមុទ្រឈើ