តាកែវ៖ អតីតមន្ត្រីដ៏សំខាន់របស់គណបក្សសង្គ្រោះជាតិ ប្រចាំខេត្តតាកែវ និងជាសមាជិកក្រុមប្រឹក្សាក្រុងដូនកែវ ដែលដាក់លិខិតសុំមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីមើលឃើញអំពើក្បត់ជាតិឯង របស់លោក កឹម សុខា បម្រើបរទេសនោះ, នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧នេះ ត្រូវបានប្រកាសបញ្ជូលជាសមាជិក របស់គណបក្សប្រជាជន ជាផ្លូវការហើយ។
ពិធីប្រកាសបញ្ជូលអតីតមន្ត្រី ដ៏សំខាន់របស់គណបក្សសង្គ្រោះជាតិ លោក យាន វ៉ាន់ដេត ត្រូវបានរៀបចំឡើង នៅទីស្នាក់ការគណប្រជាជនកម្ពុជា ខេត្តតាកែវ ក្រោមអធិបតីភាពរបស់លោក ឡាយ វណ្ណៈ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជន ខេត្តតាកែវ។
ការចូលរួមរស់ជាមួយគណប្រជាជនកម្ពុជា នាពេលនេះ គឺជាការចូលរួមថែរក្សានូវសុខសន្តិភាព ការចូលរួមអភិវឌ្ឍន៍ប្រទេស ឲ្យកាន់តែ មានភាពរីកចម្រើន ឡើងថែមទៀតក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។
បន្ទាប់ពី ស្តាប់ការការប្ដេជ្ញាចិត្តរបស់លោក យាន វ៉ាន់ដេត រួចមកឯកឧត្តម ឡាយ វណ្ណៈ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ បានសំដែងនូវការស្វាគមន៍ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការចូលរួមជាមួយគណបក្សប្រជាជន ។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីធ្វើការប្រកាសបញ្ចូលជាសមាជិកថ្មីរបស់គណបក្សប្រជាជនរួច នៅក្នុងនោះក៏មានការប្រកាសតែងតាំងលោក សុខ សំណាង ជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងលោក ហោ ប៊ុនវឌ្ឍហ៍ ជាសមាជិកគណៈកម្មាធិការគណបក្សខេត្តផងដែរ៕ តាកែវ