វីដេអូថ្មីមួយ ដែលបង្ហាញបុរសម្នាក់កំពុងខំប្រឹងប្រយុទ្ធតតាំងនឹងសេចក្តីស្លាប់យ៉ាងវេទនា នៅលើដើមដូង បានធ្វើឲ្យអ្នកលេងអ៊ីនធើរណេតជាច្រើន សន្មត់ថាវាជាករណីធ្វើអត្តឃាតតែម្តង ខណៈមនុស្សមួយចំនួនទៀត ដែដឹងរឿងពិតកើតឡើងស្ថិតនៅពីក្រោយហេតុការណ៍ដ៏ស្លុតរន្ធត់នេះ បាននាំគ្នាអាណិតអាសូរបុរសនោះជាខ្លាំង ។
តាមពិតទៅ បុរសម្នាក់ឈ្មោះ Mohd Zulhisyam Zulkifli អាយុ ២៤ ឆ្នាំ រស់នៅក្នុងប្រទេសម៉ាឡេស៊ី ដែលស៊ីឈ្នួលឡើងបេះដូងឲ្យគេ ដើម្បីបានប្រាក់ចិញ្ចឹមគ្រួសារក្រីក្រ និងម្តាយចាស់ជរា បានធ្លាក់ពីលើចុងដូង និងព្យួរ.ក ធ្វើឲ្យគាត់ប្រឹងត្រដររស់យ៉ាងវេទនា ដោយតែកំហុសបច្ចេកទេស ។
Zulhisyam ដែលរួចផុតពីសេចក្តីស្លាប់ ដោយសារអ្នកជិតខាងជួយទាន់ពេលវេលា បានរៀបរាប់ឲ្យដឹងថា៖ «នេះជាគ្រោះថ្នាក់លើកដំបូង នៃជីវិតរបស់ខ្ញុំដែលចេះឡើងដើមដូងតាំងនៅតូចម្លេះ ។ ខ្ញុំគ្រាន់តែទទួលបានប្រាក់ត្រឹមតែ ៥ ទៅ ៧ ដុល្លារ ពីអ្នកជួលបេះដូងម្តងៗ» ។
យោងតាម Zulhisyam គាត់ឡើងដើមឈើ ជាធម្មតា តែងដាក់ខ្សែនៅជុំវិញចង្កេះ និងទាក់នឹង.ក ។ នៅពេលឡើងដល់ចុង គាត់នឹងយកចុងខ្សែចងធ្លាយដូង និងប្រើកាំបិទកាប់ផ្តាច់វា ។
ប៉ុន្តែ ដោយសារតែភ្លាត់ឆ្នៀត នៅពេលធ្លាយដូងត្រូវធ្លាក់ចុះមក គាត់បានទាញវាយ៉ាងតឹងជាមួយខ្សែជាប់នឹងខ្លួនគាត់ ដែលបណ្តាលឲ្យរឹត.កគាត់យ៉ាងខ្លាំង ។ ធ្លាយដូងដែលមានចំនួន ២៥ ផ្លែ វាមានទម្ងន់សមល្មមនឹងទាញគាត់ទៅជាមួយ ។
គាត់ពន្យល់បន្តថា៖ «នៅពេលនោះ ខ្ញុំគ្រាន់តែបានចាំថាខ្ញុំពិបាកដកដង្ហើមយ៉ាងខ្លាំង តែពុំបានចងចាំអ្វីដែលខ្ញុំបានធ្វើទេ និងបានដឹងខ្លួននៅក្នុងមន្ទីរពេទ្យ» ៕ ចន្ទី