ឧទ្យានជាតិវីរៈជ័យ ៖ ឯកឧត្តម នេត ភក្រ្តា រដ្ឋាលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា ឈ្លូសយក្សប្រភេទសត្វកម្ររងគ្រោះ ជិតផុតពូជខ្លាំង ត្រូវបានរកឃើញជាលើកដំបូង នៅក្នុងតំបន់ការពារធម្មជាតិ នៃប្រទេសកម្ពុជា ក្នុងរយៈពេលជិត ៣០ ឆ្នាំចុងក្រោយចាប់តាំងពីពេលដែលអ្នកជំនាញបានរកឃើញលើកដំបូងនៅឆ្នាំ១៩៩៤ក្នុងប្រទេសវៀតណាម និងឡាវនៅតាមជួរភ្នំអាណាម

សត្វ«ឈ្លូសយក្ស»ជាភាសាបច្ចេកទេស Large-antlered muntjac ឬ Giant muntjac (Muntiacus vuquangensis) ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងលើពិភពលោកនៅក្នុងបញ្ជីក្រហមរបស់ IUCN ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជាក្នុងរយៈពេលជិត ៣០ ឆ្នាំចាប់តាំងពីពេលដែលអ្នកជំនាញបានរកឃើញលើកដំបូងនៅឆ្នាំ១៩៩៤ក្នុងប្រទេសវៀតណាម និងឡាវនៅតាមជួរភ្នំអាណាមដែលលាតសន្ធឹងដល់ឧទ្យានជាតិវីរៈជ័យភាគឦសានប្រទេសកម្ពុជាតាមរយៈទិន្នន័យរូបភាពប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិដាក់ដោយមន្ត្រីក្រសួងបរិស្ថាន ដើម្បីសិក្សាស្រាវជ្រាវសត្វព្រៃកម្រៗ នៅក្នុងឧទ្យានជាតិវីរៈជ័យ ភូមិសាស្ត្រខេត្តរតនគិរី ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២១នេះ។
នេះគឺជាដំណឹងដ៏រីករាយបំផុតសម្រាប់កម្ពុជា និងសម្រាប់ពិភពលោកទាំងមូល ដែលប្រភេទសត្វកម្ររងគ្រោះជិតផុតពូជខ្លាំងបំផុតនេះ មានវត្តមាននៅ ក្នុងប្រទេសកម្ពុជា និងបានថ្លែងកោតសរសេរចំពោះក្រុមមន្រ្តីក្រសួងបរិស្ថាន ប្រជាសហគមន៍ដែលបានរួមគ្នាចុះសិក្សាស្រាវជ្រាវ ប្រភេទសត្វព្រៃនៅក្នុងឧទ្យានជាតិវីរៈជ័យ ដែលបានបានលះបង់កម្លាំងកាយចិត្តក្នុង ការធ្វើដំណើរដ៏លំបាកក្នុងព្រៃដើម្បីបំពេញការងាររបស់ខ្លួន។ លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះពិតជាមានតម្លៃបំផុតសម្រាប់ការអភិរក្សជីវៈចម្រុះ និងអ្នកបរិស្ថានហើយចាំបាច់ យើងទាំងអស់គ្នាត្រូវចូលរួមការពារនិងអភិរក្សប្រភេទសត្វដ៏កម្រនេះឱ្យបានគង់វង្សក្នុងព្រៃកម្ពុជា។ ដោយការការពារនិងអភិរក្សធនធនធម្មជាតិ បានល្អប្រសើរដែលជាទីជម្រក កន្លែងរកចំណី និងប្រភព ទឹកដែលជាតម្រូវការចាំបាច់សម្រាប់ ការរស់នៅរបស់សត្វព្រៃ យើងឃើញមានវត្តមាន ប្រភេទសត្វកម្រៗជាច្រើនប្រភេទ ចាប់ផ្តើមមានវត្តមាននៅក្នុងព្រៃកម្ពុជាឡើងវិញ។ នេះគឺជាលទ្ធផលដ៏វិជ្ជមានមួយ នៃកិច្ចខិតខំប្រឹងប្រែងអភិរក្សធនធានធម្មជាតិ របស់រាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធទាំងអស់។

សត្វឈ្លូសយក្សចូលចិត្តរស់នៅក្នុងព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោងមានរយៈកម្ពស់ខ្ពស់ (រហូតដល់ជាង ១០០០ម៉ែត្រពីនីវ៉ូសមុទ្រ)។ នៅកំឡុងទស្សវត្សឆ្នាំ៩០ ស្នែងឈ្លូសយក្សត្រូវបានឃើញដាក់លក់នៅក្នុងភូមិដាច់ស្រយាលមួយនៃខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា ប៉ុន្តែមិនដែលមានការរាយការណ៍ពីការឃើញខ្លួន វាដោយផ្ទាល់នោះទេ។ ឈ្លូសយក្ស ជាប្រភេទឈ្លូសដែលមានមាឌធំជាងគេ អាចមានទម្ងន់លើសពី ៣០គីឡូក្រាមក្នុងមួយក្បាល និងស្ថិតក្នុងចំណោមឈ្លូសទាំង១២ប្រភេទ ហើយលក្ខណៈខុសគ្នា រវាងសត្វឈ្លូសយក្សនិងសត្វឈ្លូសធម្មតា Northern red muntjact (Muntiacus vaginalis) ដែលមានវត្តមានស្ទើរតែនៅទូទាំងប្រទេសកម្ពុជាយើង ត្រង់ចំណុចបីសំខាន់៖ ទី១)ស្នែង៖ ស្នែងសត្វឈ្លូសយក្ស មានទំហំធំជាងស្នែងសត្វឈ្លូសធម្មតា ខ្នែងស្នែងតូច ដុះស្រប ឬក៏ដុះបែកងាកចេញក្រៅពីខ្នែងមេ ហើយគល់ស្នែងរបស់ឈ្លូសយក្សខ្លីជាងគល់ស្នែងរបស់ឈ្លូសធម្មតា។ ទី២) កន្ទុយ៖ កន្ទុយរបស់សត្វឈ្លូសយក្សមានប្រវែងខ្លីជាង (ប្រហែល១/៣) កន្ទុយរបស់សត្វឈ្លូសធម្មតា ហើយកន្ទុយនោះមានរាងត្រីកោណ និងមានពណ៌សនៅផ្នែកខាងក្រោម។ ទី៣) ថ្ងាសរបស់សត្វឈ្លូសយក្សញី មានពណ៌ក្រម៉ៅ (ស្ទើរតែខ្មៅតែម្តង) ជាងថ្ងាសឈ្លូសធម្មតា៕ រក្សាសិទ្ធិដោយ ៖ កូលាប





