បន្ទាយមានជ័យ ៖ ខ្យល់កន្ត្រាក់បង្កខូចខាតផ្ទះពលរដ្ឋ២៨ខ្នង នៅខេត្តបន្ទាយមានជ័យចំថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំចថ្ងៃទី១៥មេសា ។ ពីនោះមកទល់ថ្ងៃទី១៧មេសានេះ មន្ត្រីនិងកងកម្លាំងចម្រុះជួយជួសជុល សម្រួលជម្រកជ្រកនៅបណ្តោះអាសន្នជូនបងន្អូនរងគ្រោះទាំងនោះហើយ។
ខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី១៥មេសានោះ បង្កខូចខាតផ្ទះពលរដ្ឋចំនួន២៨ខ្នង នៅ៤ស្រុក-ក្រុង។ ក្នុងនោះនៅស្រុកមង្គលបូរី១៤ខ្នង, នៅស្រុកអូរជ្រៅ ១០ខ្នង, នៅក្រុងប៉ោយប៉ែត៣ខ្នង និងស្រុកម៉ាឡៃ១ខ្នង។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តពន្ទាយមានជ័យអោយដឹងថា ៖ ខ្យល់កន្ត្រាក់បានបោកបក់បង្កការភ័យខ្លាចនិងខូចខាតដូចខាងលើ តែមិនធ្វើអោយពលរដ្ឋណារងរបួសឬស្លាប់ទេ។ វាជាខ្យល់កន្ត្រាក់លើកដំបូងសម្រាប់ឆ្នាំថ្មីប្រពៃណីខ្មែរ គស២០១៨នេះ។
ខ្យល់កន្ត្រាក់នោះកើតឡើងពេលមានភ្លៀងកក់ខែ ហើយមកទល់ព្រលប់ថ្ងៃទី១៧ មេសា នៅមានភ្លៀងធ្លាក់ខ្លាំងរាយប៉ាយក្នុងភូមិ-ស្រុកមួយចំនួន ហើយក៏មានខ្យល់បក់មកខ្លះទៀត។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីអោយដឹងថា ៖ បន្ទាប់ពីមានគ្រោះធម្មជាតិនោះមក មន្ត្រីអាជ្ញាធរ កងទ័ព នគរបាលនិងកងរាជអាវុធហត្ថរាប់សិបនាក់ បានចេញជួយអន្តរាគមន៍ សួរសុខទុក្ខ រំលែកការលំបាកនិងជួយជុសជុលផ្ទះឡើងវិញ។
ចំណែកលោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យបាមជួយផ្តល់អំណោយឧបត្ថម្ភ សង្កសី ដែកគោល ឈើ លួសជាដើម៕ ដោយ ៖ បន្ទាយ