Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត ford ranger បត់ឆ្លងផ្លូវជ្រុលទៅបុ.កម៉ូតូ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ ÷ បុរសជាជនជាតិម្នាក់ បានបើករថយន្តម៉ាក ford ranger មួយគ្រឿងក្នុងល្បឿនលឿន បានបត់ឆ្លងផ្លូវជ្រុលទៅបុ.កម៉ូតូចំពីមុខពេញទំហឹង បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូ រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨ និង ៥០ នាទីយប់ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ៩២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូម៉ាក CBR ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1HE-5626 ជិះតាមបណ្ដោយផ្លូវ៩២ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ទល់មុខផ្សារឡាក់គីអ៊ិចប្រេស ស្រាប់តែគេឃើញមានរថយន្តបង្កមួយគ្រឿងទៀត ម៉ាក fordranger ពណ៌សពាក់ផ្លាកលេខព្រះសីហនុ 2C-5788 បើកបរដោយបុរសជនជាតិចិន ធ្វើដំណើរតាមបណ្តោយផ្លូវ៩២ ទិសដៅបញ្រ្ចាសគ្នា ពីកើតមកលិចក្នុងល្បឿនលឿន បានបត់ឆ្វេងឆ្លងផ្លូវជ្រុលទៅបុកម៉ូតូចំពីមុខពេញទំហឹង បណ្តាលឲ្យគៀបម៉ូតូជាប់រថយន្ត ចំណែកឯម្ចាស់ម៉ូតូ ដួលរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់។ រីឯម្ចាស់រថយន្តបង្កវិញ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ ឱ្យចុះមកពិនិត្យនិងវាស់វែង យករថយន្តបង្កនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំតំណាងម៉ូតូមកដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×