ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី និងថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា នេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណភាព នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ។ យើងខ្ញុំទាំងអស់គ្នា ពិតជាមានការសោកស្តាយបំផុត ចំពោះការបាត់បង់ដ៏ធំធេង នូវឥស្សរជនឆ្នើមមួយរូបរបស់កម្ពុជា ដែលបានលះបង់ កម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី និងវីរភាពអង់អាចក្នុងការបំពេញកិច្ចការជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរលើហ្វេសប៊ុកផ្លូវការថា “យើងខ្ញុំមិនភ្លេច និងចងចាំជានិច្ចនូវគុណូបការៈ និងគំរូវីរភាពរបស់យុវជនជំនាន់មុន ដែលជាថ្នាក់ដឹកនាំ និងឥស្សរជនបច្ចុប្បន្ន ក្នុងនោះរួមមានឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតផងដែរនោះ ដែលបានលះបង់ ដាក់អាយុជីវិតជាដើមទុន ក្នុងបេសកម្មរំដោះជាតិមាតុភូមិ និងការនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជន។
គំរូវីរភាព ពលិកម្ម និងសាមគ្គីភាពប្រកបដោយការតស៊ូ លះបង់របស់យុវជនជំនាន់មុន បានផ្តល់នូវអ្វីដែលយើងមាននាថ្ងៃនេះ ហើយគំរូវីរភាពនេះ បានជ្រួតជ្រៀបក្នុងទឹកចិត្ត និងស្មារតីរបស់យើងខ្ញុំគ្រប់ៗរូប និងបានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់យុវជនកម្ពុជាទាំងអស់គ្នា ក្នុងការបន្តបំពេញបេសកកម្មថែរក្សា ការពារសុខសន្តិភាព និងការចូលរួមចំណែកអភិវឌ្ឍសង្គម និងប្រទេសជាតិទៅអនាគត។”

គួរបញ្ជាក់ថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានទទួលមរណភាព នៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣៦ នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។ សពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី ពុទ្ធសាសនា នៅគេហដ្ឋាននៃសព ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ






