ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ថ្លែងបញ្ជាក់ថា “របាំព្រះរាជទ្រព្យ គឺជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ និងមិនអាចកាត់ថ្លៃបានតែមួយគត់របស់ខ្មែរយើង។ ក្នុងនាមកូនខ្មែរមួយរូប ប្តេជ្ញាចូលរួមថែរក្សា ការពារ និងអភិរក្សរបាំងព្រះរាជទ្រព្យ ក៏ដូចជាសម្បត្តិបេតិកភណ្ឌពិភពលោកផ្សេងៗទៀតរបស់កម្ពុជា ឲ្យបានគង់វង្សយូរអង្វែងតរៀងទៅ។”

ឯកឧត្តម ស សុខា បានសរសេរលើហ្វេសប៊ុកផ្លូវការនៅថ្ងៃទី៧ ខែវិច្ឆិកា នេះថា ” ១៨ឆ្នាំហើយ ដែល ”របាំព្រះរាជទ្រព្យ” របស់ខ្មែរយើង បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នាទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួកគី ។
របាំព្រះរាជទ្រព្យ គឺជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ និងមិនអាចកាត់ថ្លៃបានតែមួយគត់របស់ខ្មែរយើង ដែលបានថែរក្សានូវនាដកម្មបុរាណដ៏ល្អមួយនេះ អស់រយៈពេលជាយូរលង់ណាស់មកហើយ សម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិគ្រប់រូប ” ។
ឯកឧត្តម ស សុខា បានបញ្ជាក់ថា របាំព្រះរាជទ្រព្យ ជាទម្រង់របាំសក្ការ: ល្បីល្បាញខាងកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និង មានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ។ របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិកា ក្បាច់ និងមនោសញ្ចោតនា យ៉ាងប៉ិនប្រសប់ទៅតាមការវិវត្ត នៃសាច់រឿង រៀបរាប់បញ្ជាក់ដោយទំនុកច្រៀង នៃក្រុមចម្រៀងជាពួក នឹងត្រូវបានប្រគុំដោយវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគុំជូនរបាំនេះ ។ កូនខ្មែរគ្រប់ៗរូប ពិតជាមានមោទកភាពក្រៃលែង ដែលរបាំងព្រះរាជទ្រព្យ ក៏ដូចជាវត្ថុផ្សេងៗរបស់ខ្មែរ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាបន្តបន្ទាប់៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ




