ភ្នំពេញ ៖ ស្ត្រីម្នាក់រងរបួសស្រាល ខណៈរូបគាត់បានព្យាយាម ដេញតាមក្រុមចោរឆ.ក់ យកកាបូបរបស់គាត់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកដំណើរ កាលពីម៉ោង ១និង១០នាទីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចមុខរវត្តអង្គតាមិញ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ផេង សុខហៀង អាយុ៤៤ឆ្នាំ មុខរបរបម្រើការនៅក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួលម្តុំវត្តតាំងក្រសាំង សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ។
យោងតាមសម្តីស្ត្រីរងគ្រោះខាងលើបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ បានដឹកអីវ៉ាន់រើទៅនៅបន្ទប់ថ្មី ក្បែរកន្លែងធ្វើការនៅម្តុំព្រែកប្រា ខណ្ឌច្បារអំពៅ ធ្វើដំណើរចេញពីបន្ទប់ជួលចាស់ របស់គាត់នៅម្តុំវត្តតាំងក្រសាំង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី បត់មកសំដៅផ្លូវ២០០៤ លុះមកដល់ចំណុចមុខរវត្តអង្គតាមិញ សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែលេចមុខជនសង្ស័យ ចំនួន៣នាក់ ជិះម៉ូតូ២គ្រឿង បានមកធ្វើសកម្មភាពឆ.ក់យកកាបូបរបស់គាត់ បានដោយសុវត្ថិភាព ខណៈពេលនោះ រូបគាត់បានព្យាយាមជិះម៉ូតូដេញតាមពីក្រោយ ក្រុមចោរឆ.ក់ខាងលើរហូតដល់ចំណុចភ្លើងស្តុប ដែលមានព្រំប្រទល់ជាប់ជាមួយសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ និងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ស្ត្រីរងគ្រោះខាងលើបានជិះម៉ូតូ ជ្រុលទៅបុ.កគូថរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរងរបួសខ្លួនឯង ចំណែកក្រុមចោរ បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ដោយសុខសុវត្ថិភាព។

ស្ត្រីរងគ្រោះខាងលើ បានបញ្ជាក់ឲ្យដឹងថា សម្ភារៈដែលបាត់បង់រួមមាន លុយខ្មែរចំនួន១២ម៉ឺនរៀល ទូរស័ព្ទដៃចំនួន២គ្រឿង កាតគ្រីម៉ូតូ១សន្លឹក និងកាតចាក់វ៉ាក់សាំង១សន្លឹក។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍អូរបែកក្អម ចុះទៅដល់កន្លែងកើតហេតុ និងបាននាំជនរងគ្រោះ មកធ្វើការសាកសួរ បន្ទាប់មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍អូរបែកក្អម ក៏បានឲ្យស្ត្រីរងគ្រោះខាងលើ ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១៕ រក្សាសិទ្ធិដោយ ៖ សួង សាម





