ភ្នំពេញ ៖ អង្គការលីកាដូ បានឲ្យដឹងថា សកម្មជនមាតាធម្មជាតិចំនួន៣នាក់ នៅបន្តជាប់ឃុំក្នុងពន្ធនាគារបណ្ដោះអាសន្នរង់ចាំសវនាការនៅឡើយ ទោះបីជាមានការព្យួរផ្នែកខ្លះ នៃទោសជាប់ពន្ធនាគាររបស់ពួកគេពីបទញុះញង់ក៏ដោយ ដោយសារមានការសម្រេចពីចៅក្រម ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទរួមគំនិតក្បត់ នៅក្នុងសំណុំរឿងផ្សេងមួយទៀត ។

ការឃុំខ្លួននេះធ្វើឡើង ទោះបីជាមានសាលដីការបស់សាលាឧទ្ធរណ៍ កាលពីថ្ងៃសុក្រ ដើម្បីព្យួរផ្នែកខ្លះនៃទោសជាប់ពន្ធនាគាររបស់ពួកគេ ក្នុងសំណុំរឿងញុះញង់ ។ កាលពីខែឧសភា ឆ្នាំ២០២១ សកម្មជនទាំង៣នាក់ គឺលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានផ្ដន្ទាទោសពីបទញុះញង់ តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ និងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចន្លោះពី ១៨ខែ ទៅ២០ខែ ។ នៅថ្ងៃទី០៥ ខែវិច្ឆិកា សាលាឧទ្ធរណ៍នៅរាជធានីភ្នំពេញ បានសម្រេចព្យួរទោសជាប់ពន្ធនាគារ របស់ពួកគេរហូតដល់ ៦ខែ ដែលផ្ដល់សិទ្ធិឱ្យពួកគេ ឱ្យទទួលបានការដោះលែងពីពន្ធនាគារវិញ នៅក្នុងខែនេះ ដោយសារពួកគេត្រូវបានឃុំខ្លួន ចាប់តាំងពីការចាប់ខ្លួនរបស់ពួកគេ ក្នុងខែកញ្ញា ឆ្នាំ២០២០ ។
ទោះបីជាយ៉ាងណាក៏ដោយ សកម្មជនទាំងនេះ នៅបន្តជាប់ពន្ធនាគារបណ្ដោះអាសន្ន រង់ចាំសវនាការក្នុងសំណុំរឿងមួយទៀត ដោយសារការសម្រេចរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការចោទប្រកាន់បន្ថែមទៀត ពីបទរួមគំនិតក្បត់ ដែលបានប្ដឹងប្រឆាំងនឹងពួកគេ ក្នុងខែកក្កដា ឆ្នាំ២០២១ តាមបញ្ញត្តិមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ ។ សកម្មជន៣នាក់ផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងនេះ ក៏នៅបន្តជាប់ឃុំក្នុងពន្ធនាគារបណ្ដោះអាសន្ន រង់ចាំសវនាការផងដែរ ។ គិតត្រឹមពេលចាប់ខ្លួនរបស់ពួកគេ លោក រដ្ឋា អាយុ២៨ឆ្នាំ កញ្ញា គន្ធា អាយុ២២ឆ្នាំ និងកញ្ញា កែវរស្មី អាយុ១៩ឆ្នាំ ដំបូងឡើយត្រូវបានចាប់ខ្លួន ជុំវិញការៀបចំគម្រោងដើរតវ៉ាដោយស្រ្តីម្នាក់ ឆ្ពោះទៅកាន់គេហដ្ឋានរបស់សម្ដេចនាយករដ្ឋមន្ត្រី ដើម្បីពិភាក្សាពីការលុបបឹងតាមោក នៅក្នុងរាជធានីភ្នំពេញ ៕រក្សាសិទ្ធិដោយ ៖ កូលាប

