ក្រចេះ ៖ អង្គការ WCS សហការជាមួយខណ្ឌរដ្ឋបាលជលផល ខេត្តក្រចេះ បានលែងកន្ធាយក្បាលកង្កែប(ល្មិច)ជំទង់ចំនួន ០៥ក្បាលចូលក្នុងទីជម្រកធម្មជាតិតាមដងទន្លេមេគង្គរបស់វាវិញស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។
កន្ធាយក្បាលកង្កែប(ល្មិច)ទាំងប្រាំក្បាលនោះមានទម្ងន់ចន្លោះពី ៥គីឡូក្រាមរហូតដល់២២គីឡូក្រាម ដោយត្រូវបានអ្នកភូមិម្នាក់រស់នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ ប្រទះឃើញកំពុងដាក់លក់នៅក្នុងផ្សារ។
បន្ទាប់មក ក្រុមមន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះក៏បានចុះទៅដកហូតយកកន្ធាយក្បាលកង្កែបទាំងអស់ពីអ្នកលក់នោះ និងបានធ្វើការអប់រំណែនាំគាត់ឱ្យឈប់ទិញ និងលក់ប្រភេទផល ផលិតផលជលផលដែលកំពុងរងគ្រោះថ្នាក់ទាំងនេះទៀត។

ពិធីលែងនោះមានការអញ្ជើញចូលរួមពី លោក រិទ្ធ ព្រលឹង អភិបាលរងស្រុកសំបូរ ព្រះចៅអធិកាវត្តព្រះវិហារធំសសរ១០០ អធិការដ្ឋាននគរបាលស្រុក នាយសង្កាត់ រដ្ឋបាលជលផលសំបូរ ឆ្មាំទន្លេ បុគ្គលិកអង្គការWCS និងប្រជាពលរដ្ឋផងដែរ។
គម្រោងអភិរក្សកន្ធាយក្បាលកង្កែប (ល្មិច)របស់អង្គការWCS គឺទទួលបានការគាំទ្រថវិកាពីសហភាពអឺរ៉ុបតាមរយៈគម្រោង «ដៃគូប្រឆាំងនឹងបទល្មើសសត្វព្រៃ», Margaret A. Cargill Philanthropy និង Turtle Survival Alliance៕រក្សាសិទ្ធិដោយ ៖ កូលាប




