ភ្នំពេញ ៖ ក្នុងទំព័រ Facebook របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា «អបអរសាទរខួបអនុស្សាវរីយ៏លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា, ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជា ត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណាព្យាបាលបារាំង ស្របជាមួយនឹងខួប៦៨ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានផ្ដោតទៀតថា ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នេះ គឺជារំលឹកឲ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ តស៊ូ ទាមទារ ឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។
តាមឯកសារប្រវត្តិសាស្ត្រ បង្ហាញថា បើយើងក្រឡេកទៅមើលអតីតកាលបន្តិច បារាំងបានគ្រប់គ្រងធ្វើជាអាណាព្យាលបាលលើដែនដីសុវណ្ណភូមិ កម្ពុជអស់រយៈពេលជិតមួយសតវត្ស (១១ សីហា ១៨៦៣ – ៩ វិច្ឆិកា ១៩៥៣ ក្រោមការធ្វើព្រះរាជបូជនីយកិច្ច តស៊ូ ស្វិត មិនគិតកម្លាំងកាយចិត្ត របស់ព្រះមហាវិរ:ក្សត្រខ្មែរ គឺព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ) និងវេលាមកដល់ ឆ្នាំ២០២១ នេះ ឯករាជភាពរបស់កម្ពុជា បានដំណើរការ កសាង និងអភិវឌ្ឍន៍ប្រទេស ៦៨ឆ្នាំហើយ។

ស្ដីពីមហិច្ឆតាត្រួតត្រារបស់ប្រទេសបារាំងវិញ គឺនៅអាស៊ី បារាំងបានតម្រង់ទិសដៅមករកប្រទេសចិន ភាគខាងត្បូង និងបណ្ដាប្រទេសនៅឥណ្ឌូចិន មាន កម្ពុជា វៀតណាម ឡាវ សៀម។ នៅក្នុងប្រទេសទាំងនេះ មានបុព្វជិតកាតូលិចបានចូលមកផ្សព្វផ្សាយសាសនាជាយូរមកហើយ និងយ៉ាងស្ងាត់កំបាំងតាមរយៈប្រជាជន ដែលកាន់សាសនាយេស៊ូ។
បារាំងសម្លឹងឃើញផលប្រយោជន៍យ៉ាងច្រើនលើទឹកដីកូសាំងស៊ីន (កម្ពុជាក្រោម)។ ទីមួយបារាំងយល់ថា ទន្លេមេគង្គជាផ្លូវទឹកមួយយ៉ាងសំខាន់អាចឲ្យគេជ្រៀតចូលទៅក្នុងប្រទេសចិនភាគខាងត្បូង។ ទីពីរ គេត្រូវកម្ចាត់គ្រោះថ្នាក់ទាំងឡាយ ដែលគំរាមកំហែងលើអាណានិគមថ្មី របស់គេឲ្យអស់ ពិសេស ប្រទេសសៀម ដែលមានអធិរាជអង់គ្លេសនៅពីខាងក្រោយ។

ទោះបីមើលឃើញថា ខ្មែរចាញ់ប្រៀបខាងភាគីបារាំងច្រើនក៏ដោយ ក៏ខ្មែរអាចទទួលយកសន្ធិសញ្ញា ថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣ ស្តីពីអាណាព្យាបាលបារាំងលើប្រទេសកម្ពុជានេះ គឺមានន័យថា បារាំងពុំបានដកហូតអំណាចពីព្រះរាជាខ្មែរទាំងស្រុងនោះទេ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN




























